ភ្នំពេញ: ប្រទេសកម្ពុជា និងប្រទេសអ៊ុយរ៉ាហ្គាយ តាមរយៈមន្ត្រីក្រសួងការបរទេសប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋការ ចំពោះអ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ នៅទីស្តីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។
ថ្ងៃទី 25 មេសា 2013
ដោយ: មុនីរាជ
CEN
ការចុះហត្ថលេខានេះ បានធ្វើឡើងដោយលោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោក Gerardo Prato Rodriguez ឯកអគ្គរដ្ឋទូត អ៊ុយរ៉ាហ្គាយ ប្រចាំកម្ពុជា។
លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស បានថ្លែងប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីចុះហត្ថលេខាថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋការ ចំពោះអ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការរវាងប្រទេសកម្ពុជា និងអ៊ុយរ៉ាហ្គាយ ដើម្បីឲ្យអ្នកកាទូត និងមន្ត្រីរវាងប្រទេសទាំងពីរ អាចធ្វើការទាក់ទងគ្នាទៅវិញទៅមក។
លោក ឡុង វិសាលោ បានបញ្ជាក់ថា ការចុះហត្ថលេខានេះ ជាឱកាសមួយសម្រាប់ឲ្យយើង អាចនាំមកនូវការស្គាល់គ្នា និងការជួបគ្នា ដើម្បីពង្រឹងខាងវិស័យទូទៅទាំងអស់ មានទាំងខាងទេសចរណ៍ វប្បធម៌ ពាណិជ្ជកម្ម រហូតទៅដល់ទំនាក់ទំនងខាងនយោបាយទៀតផង… ជាដើម។
លោកបន្ថែមថា បើទោះបីជាប្រទេសទាំងពីរ នៅឆ្ងាយពីគ្នាមែន ប៉ុន្តែឲ្យប្រជាពលរដ្ឋប្រទេសទាំងពីរ ធ្វើដំណើរទៅវិញទៅមក ទើបអាចឲ្យប្រទេសទាំងពីរកាន់តែរីកចំរើនទៀត ហើយដើម្បីធ្វើយ៉ាងម៉េច ទាញពាណិជ្ជកម្មឲ្យមានការកើនឡើងថែមទៀត ពីព្រោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មិនទាន់មានច្រើននៅឡើយទេ។
លោក ឡុង វិសាលោ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាបានធ្វើការចុះហត្ថលេខាលើកលែងទិដ្ឋការអ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ជាមួយបណ្តាប្រទេសនៅអាស៊ាន អាស៊ី និងអឺរ៉ុប។ ជាទូទៅជាមួយប្រទេសអាស៊ាន គឺបានធ្វើចប់សព្វគ្រប់អស់ហើយ។ នៅអាស៊ី មានដូចជា ប្រទេសឥណ្ឌា ចិន កូរ៉េ ជប៉ុន អូស្ត្រាលី អ៊ីរ៉ង ប៉ាគ្រឹស្តង់…។ នៅអឺរ៉ុប មានដូចជា អាមេរិកឡាទីន គូបា ប៉េរូ សេសែន។ លោកសង្ឃឹមថា នឹងមានបន្តទៅមុខទៀត។
លោក ឡុង វិសាលោ បានបញ្ជាក់ថា ទំនាក់ទំនងការទូតជាផ្លូវការរវាងប្រទេសកម្ពុជា និងអ៊ុយរ៉ាហ្គាយ គឺមានចាប់ក្រោយពេលដែលកម្ពុជាបោះឆ្នោត នៅឆ្នាំ១៩៩៣៕