ភ្នំពេញៈ ទោះបីជារស់នៅដោយប្រយោលនៅក្នុងសង្គមសិល្បៈក៏គេសង្កេតឃើញថា តារាសម្តែងនាង អ៊ិន វរល័ក្ខណ៍ទេពី នៅតែមានឈ្មោះបោះសំឡេង ហើយយូរៗម្តងគេតែងបានឃើញតារារូបនេះ ឆ្មក់ថតចម្រៀង និងស្ប៉តពាណិជ្ជកម្មមួយៗមិនឲ្យសាបសូន្យនៅក្នុងសិល្បៈឡើយ។ ស្របគ្នានឹងភាពសម្បូរសប្បាយមិនខ្វល់លុយសិល្បៈនេះ មានទស្សនិកជនខ្លះបានវាយតម្លៃថា នាង អ៊ិន វរល័ក្ខណ៍ទេពី ជាមនុស្សវាយឫក។ ជាក់ស្តែងថ្មីៗនេះ អ៊ិន វរល័ក្ខណ៍ទេពី និងបុរសម្នាក់បានផ្ទុះសង្គ្រាមឆ្លើយឆ្លងគ្នា ខណៈពេលបុរសម្នាក់នោះបានវាយប្រហារនាងថាជាមនុស្សវាយឫកមិនគួរឲ្យរាប់អាន។
Wednesday, 01 May 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ជាប់ជាតារាមិនទាន់នឹងបានលេចមុខស្រួលបួលផង ស្រីស្អាតចំណាត់ថ្នាក់លេខមួយ របស់ស្ថានីយទូរទស្សន៍ស៊ីធីអិន នាង អ៊ិន វរលក្ខណ៍ទេពី ក៏បានបាត់មុខទៅវិញ បន្ទាប់ពីតារារូបនេះ បានជួបនូវរលកព្យុះរឿងអាស្រូវបោកប្រាស់ប្រាក់កាសពីបុរសអាមេរិកជាង៣ម៉ឺនដុល្លារ។ ការលេចមុខជាថ្មីក្រោយសម្ងំលាក់ខ្លួនក្រៅរង្វង់សិល្បៈជិត៥ឆ្នាំនេះ ត្រូវបានគេមើលឃើញថា តារាស្រីរូបនេះ នៅតែមានសម្រស់ស្រស់ផូរផង់និងកាន់តែមានភាពហ៊ឺហាជាងតារាប្រុសស្រីដែលខំធ្វើការហូរញើសទាំងយប់ទាំងថ្ងៃទៅទៀត។
អ៊ិន វរល័ក្ខណ៍ទេពី បានហក់ចូលប្រឡូកក្នុងជីវិតសិល្បៈតាមរយៈការប្រឡងកម្មវិធីស្រីស្អាតប្រុសស្អាតរបស់បណ្តាញស្ថានីយទូរទស្សន៍ស៊ីធីអិន កាលពីឆ្នាំ២០០៥។ នៅពេលនោះស្រីស្អាតរូបនេះបានទទួលចំណាត់ថ្នាក់លេខ១ ហើយនាងក៏បានទទួលការងារពីស្ថានីយទូរទស្សន៍មួយនេះ ភ្លាមៗតែម្តងក្នុងនាមជាពិធីការិនីវ័យក្មេង។
ទើបតែសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈមិនទាន់ក្តៅសាច់ដុំផង ស្រីស្អាតម្នាក់នេះក៏បានទទួលរងការចោទប្រកាន់ពីសំណាក់បុរសអាណិកជនអាមេរិកថា នាងបានបោកប្រាស់ប្រាក់របស់គេជាង៣ម៉ឺនដុល្លារតែតារារូបនេះក៏បានដាក់ពាក្យបណ្តឹងភ្លាមៗមិនឲ្យចាញ់ចិត្តការចោទប្រកាន់គ្មានមូលដ្ឋាននោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញដែរ។
កាលនោះ អ៊ិន វរល័ក្ខណ៍ទេពី បាននិយាយថា ការចោទប្រកាន់របស់បុរសអាមេរិកម្នាក់នោះ គឺជាមេរៀនគួរឲ្យខ្លាចរអានៅពេលតាមស្រឡាញ់នាងមិនបានចុងក្រោយក៏មួលបង្កាច់បំផ្លាញកិត្តិយសរបស់នាងតែម្តង។
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺនៅក្រោយពេលដែលនាងទទួលរងរលករឿងអាស្រូវមួយប្រាវធំហើយតារាស្រីម្នាក់នេះក៏បានបាត់មុខពីសិល្បៈដែរ។ លុះក្រោយមកបែរជាផ្ទុះរឿងស្នេហាភេទដូចគ្នាគួរឲ្យភ្ញាក់ផ្អើលចំពោះនាងម្តងទៀតក្រោយពេលដែលគេតែងឃើញវត្តមានតារារូបនេះតែងទៅណាមកណាជាមួយនារីម្នាក់ដោយមានរថយន្តម៉ាកទំនើបជិះហ៊ឺហា ហ៊ឹកហ៊ាក់ទៀតផង។ ប៉ុន្តែជាញឹកញាប់តារាស្រីរូបនេះតែងបញ្ជាក់ថា នាងមិនមានសម្ព័ន្ធស្នេហាបែបនេះឡើយ។
មកទល់នឹងពេលនេះ នៅតែមិនទាន់មានការបញ្ជាក់ថា នាងមានសម្ព័ន្ធស្នេហាជាមួយនឹងបុរសណាម្នាក់ឡើយតែនៅលើហ្វេសប៊ុករបស់នាងគេសង្កេតឃើញមានបុរសស្រស់សង្ហាមិនតិចទេតាមស្នេហានាងនិងសរសើររូបនាងមិនចេះដាច់ពីមាត់ថាជាស្រីស្អាតនោះ។ ជាមួយនឹងការជក់លេងសើច និងពាក្យពេចន៍បញ្ចើចសរសើរស្រាប់តែវរល័ក្ខណ៍ទេពី បានសម្តែងការខឹងសម្បាញ័រសាច់ចំពោះបុរសម្នាក់ដែលតែងតែសរសេរពាក្យអាក្រក់ផ្សេងៗមកលើរូបនាង ដែលធ្វើឲ្យរូបនាងអត់ទ្រាំពុំបានក៏បង្ហោះរូបនាងភ្ជាប់ជាមួយពាក្យសម្តីទាំងកំហឹង។
នាងបានបញ្ជាក់នៅលើហ្វេសប៊ុកនាងថា៖« អ្នកទាំងអស់គ្នាជួយមើល បុរសម្នាក់តែង Comment មករំខានខ្ញុំគ្រប់ពេល២៤ម៉ោង តើគាត់ជាមនុស្សយ៉ាងណាឬក៏ជាមនុស្សអត់ការងារធ្វើទំនេរពេកក៏ធ្វើបែបនេះ?»។
គេបានស្គាល់ថា បុរសម្នាក់មានបញ្ហានោះមានឈ្មោះថា វុទ្ធី។ មុននឹងពាក្យសម្តីមួយចំនួនត្រូវបានលុបចោល គេបានឃើញពាក្យសម្តីមួយឃ្លា ដែលបុរសម្នាក់នោះបានសរសេរទៅកាន់ អ៊ិន វរល័ក្ខណ៍ទេពី និងមិត្តភក្តិរបស់នាងថា៖«ហេតុអ្វីអ្នកទាំងអស់គ្នា ចូលចិត្ត comment លើរូបរបស់នាងម៉្លេះ។ នាងជាមនុស្សវាយឫកណាស់ ស្រីខ្មែរដូចនាងនេះ។ ដូច្នេះសូមឈប់លេងជាមួយនាងទៅ!»។
ជុំវិញការព្យាយាមនិយាយមើលងាយនាងបែបនេះ អ៊ិន វរល័ក្ខណ៍ទេពី ក៏បាននិយាយឆ្លើយតបថា៖«ហេ វុទី្ធ! ប្រសិនបើអ្នកឯងមិនសប្បាយចិត្តជាមួយនឹងខ្ញុំ អ្នកឯងកុំចូលក្នុងហ្វេសប៊ុករបស់ខ្ញុំ ហើយសរសេរ comment ធ្វើអី។ វាមិនមែនជាការរកស៊ីដែលអ្នកត្រូវតែ comment ទេ ស្តាប់បានអត់? មិត្តទាំងអស់គ្នា ខ្ញុំរីករាយនឹងបិទមនុស្សបែបនេះចោលពីហ្វេសប៊ុករបស់ខ្ញុំ»។ នាងបានបញ្ជាក់ថា៖«សម័យឥឡូវទៅហើយ មានអាមនុស្សភ្លាវៗ បែបហ្នឹងទៀតហ្ន៎!»។
បន្ទាប់ពីតារារូបនេះក្តៅចិត្តបិទចោលហ្វេសប៊ុកជាមួយបុរសម្នាក់នោះ គេសង្កេតឃើញថា នាងហាក់ដូចជាសប្បាយចិត្តជាងមុន ហើយមិនទាន់មានការផ្ទុះសង្គ្រាមពាក្យសម្តីជាថ្មីឡើយ៕
