ភ្នំពេញៈ ទើបតែលេចមុខក្នុងសង្វៀនសិល្បៈនិងឡើងរេញកំប្លែងមិនទាន់ទាំងស្តារកេរ្តិ៍ឈ្មោះបានស្មើដើមវិញផង តារាកំប្លែងមេម៉ាយកូន២ ចុះចោលទ្រនំកេរ្តិ៍ឈ្មោះពីក្រុមនាយកុយ និងស្វាមីនាយ ហុង ដា នាង រ៉េន សុធារី ហៅ ឃ្មឹប បែរជាសាងភាពវឹកវរ ក្នុងអាជីព និងធ្វើឲ្យអ្នកផលិតកម្មវិធីឈឺក្បាលវិលមុខនឹងទង្វើមិនទទួលខុសត្រូវរបស់នាង។
Wednesday, 01 May 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ប៉ុន្តែយ៉ាងណាភាពមិនទទួលខុសត្រូវចំពោះការងារនោះត្រូវបានគេអះអាងថា បន្ទាប់ពីនាងច្រើនយកពេលវេលានោះនៅផ្អែមល្ហែមជាមួយសង្សារថ្មី។
កាលពីពេលកន្លងទៅថ្មីៗនេះក្រៅពីធ្វើឲ្យអ្នកគ្រប់គ្រងកម្មវិធីកម្សាន្តនៅស្ថានីយទូរទស្សន៍ មួយខកចិត្តនឹងការមិនទទួលខុសត្រូវរបស់ នាង ឃ្មឹប នោះក៏មានក្រុមតារាកំប្លែងមួយក្រុមផងដែរសម្តែងភាពខកចិត្តចំពោះទង្វើនាង ឃ្មឹប ខណៈដែលនាងមិនបានទៅលេងកំប្លែងក្នុងកម្មវិធីកាត់សក់មង្គលការមួយ ដែលនាងព្រមព្រៀងមុនហើយនោះ។
អ្នកកំប្លែងជើងចាស់ម្នាក់ដែលមុននេះបាននិយាយប្រាប់សារព័ត៌មានដោយបើកចំហថា នាង ឃ្មឹប មួយរយៈនេះមិនត្រឹមតែធ្វើឲ្យអ្នកផលិតកម្មវិធីទូរទស្សន៍ឈឺក្បាល នោះទេមុននេះនាងបានធ្វើឲ្យអ្នកសិល្បៈរួមអាជីពឈឺក្បាល ព្រោះតែនាងមិនស្ទើរទេរហូតដល់ពេលខ្លះទ្រាំនឹងភាពក្រឡេចក្រឡុចនាងដល់ថ្នាក់ទៅតាមរកនាងដល់ផ្ទះក៏មានដែរ។ អ្នកកំប្លែងស្រីជើងចាស់វ័យចំណាស់សម្តីម៉ាត់ៗម្នាក់ក៏បានឲ្យដឹងទៀតថា កាលពីពេលកន្លងទៅថ្មីៗ នាង ឃ្មឹប បានធ្វើឲ្យតារាកំប្លែង នាយ ឃ្លោក ឈឺក្បាលមិនស្ទើរទេខណៈដែលមុនដំបូងនាងយល់ព្រមទៅច្រៀងកម្មវិធីមង្គលការមួយដែលកម្មវិធីនោះនាយ ឃ្លោកជាអ្នកទទួលហើយនាង ឃ្មឹប ទៅច្រៀងផងដែរ ប៉ុន្តែដល់ថ្ងៃនោះនាងបែរជាបិទទូរស័ព្ទផ្តាច់ទំនាក់ទំនងមិនប្រាប់ថាម៉េចមួយម៉ាត់ក៏គ្មានដែរ។
ជាមួយការលើកឡើងនេះ តារាកំប្លែងជើងចាស់រូបនេះក៏បានបញ្ជាក់ទៀតថា នៅថ្ងៃនោះរង់ចាំបាត់ៗ និងទូរស័ព្ទមិនអាចទាក់ទងបាន នាយ ឃ្លោក គាត់បានជិះឡានទៅតាមនាងរហូតដល់ផ្ទះ។នៅពេលដែលនាយឃ្លោក ទៅដល់ក៏ឃើញនាង ឃ្មឹប នៅផ្ទះនៅជាមួយសង្សារថ្មីរបស់នាង ហើយអ្វីដែលនាយ ឃ្លោក ហួសចិត្តនោះ គឺសង្សារនាង ឃ្មឹប បានបិទទូរស័ព្ទមិនឲ្យគេទូរស័ព្ទទៅរំខាននាង ឃ្មឹប។
ទាក់ទិននឹងការលើកឡើងរបស់តារាកំប្លែងជើងចាស់ថានាយ ឃ្លោកធ្លាប់រងការខកចិត្តនឹងទំនោរមិនទទួលខុសត្រូវរបស់នាង ឃ្មឹប នេះ ភ្នំពេញ ប៉ុស្តិ៍ ក៏បានទាក់ទងសុំការបំភ្លឺបន្ថែមពីនាយ ឃ្លោក ដែរ ប៉ុន្តែនាយ ឃ្លោក មិនបានបកស្រាយយ៉ាងណានោះទេ កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ម្សិលមិញនេះ ក្រៅពីនិយាយដោយខ្លីថា៖«រឿងហ្នឹងខ្ញុំមិនចង់រំឭក និងបើកកកាយទៀតទេ»។ និយាយប៉ុណ្ណេះនាយឃ្លោកក៏ចុចផ្តាច់ទំនាក់ទំនងតែម្តង។
ប៉ុន្តែយ៉ាងណាបើថ្លឹងថ្លែងតាមពាក្យសម្តីដ៏លាក់លៀមរបស់នាយឃ្លោកនោះ ក៏គេអាចជឿបានថាការលើកឡើងរបស់តារាកំប្លែងជើងចាស់លើកឡើងនោះជាការពិតច្រើនដែរ។ ចំពោះការដែលនាយឃ្លោក មិនចង់និយាយនោះ ត្រូវបានមហាជនជាច្រើនសន្និដ្ឋានថា នេះជារឿងផ្ទៃក្នុងរបស់មិត្តភក្តិក្នុងអាជីពបានជាគាត់មិនចង់បើកកកាយនោះ។ដោយឡែកអ្នកផលិតកម្មវិធីដែលខកចិត្តនឹងទង្វើមិនទទួលខុសត្រូវរបស់នាង ឃ្មឹប នោះក៏បានឲ្យដឹងដែរថា៖«ពេលកន្លងទៅថ្មីៗនេះ ខ្ញុំបានទាក់ទងនាង ឃ្មឹប មកកំប្លែងក្នុងកម្មវិធីខ្ញុំដែលជាកម្មវិធីថតទុក មាននាង ឃ្មឹប យាយអឿន នាយសេតសង់ និងអ្នកកំប្លែងថ្មីពីររូបទៀត» ។
អ្នកគ្រប់គ្រងកម្មវិធីទូរទស្សន៍រូបនោះប្រាប់ភ្នំពេញ ប៉ុស្តិ៍ឲ្យដឹងដែរថា៖«នាង ឃ្មឹប បានព្រមមកចូលរួមសម្តែងកំប្លែងជាក្រុមក្នុងកម្មវិធីរបស់ខ្ញុំមួយកាលពីមុនថ្ងៃចូលឆ្នាំខ្មែរ។ ថ្ងៃនោះកម្មវិធីខ្ញុំត្រូវថតវេលាម៉ោង១១ ថ្ងៃត្រង់ ប៉ុន្តែដល់ម៉ោងជិតឡើងឆាកទៅហើយ មិនឃើញនាង ឃ្មឹប មកដល់ស្ថានីយទូរទស្សន៍ខណៈដែលតារាកំប្លែង៤រូបទៀត គេបានមកដល់មុនម៉ោង និងរៀបតុបតែងខ្លួនប្រាណរួចរាល់ត្រៀមចាំតែនាង ឃ្មឹប ម្នាក់និងឡើងសម្តែង»។
អ្នកគ្រប់គ្រងកម្មវិធីរូបនេះ បន្តថា៖ «នៅថ្ងៃនោះមិនថាតែអ្នកគ្រប់គ្រងកម្មវិធីទេ ដែលបានទូរស័ព្ទទៅនាង ឃ្មឹប សូម្បីតែអ្នកកំប្លែងទាំងបួននាក់នោះម្នាក់ៗក៏ស្វះស្វែងទាក់ទងនាងដែរ ប៉ុន្តែទូរស័ព្ទមិនចូល មិនដឹងជាមូលហេតុអ្វី រហូតដល់ថ្ងៃនេះនាងក៏មិនបានបញ្ជាក់ពីមូលហេតុដែរ»។ អ្នកគ្រប់គ្រងកម្មវិធីនេះក៏បញ្ជាក់ដែរថា ដោយអវត្តមានតារាកំប្លែងម្នាក់ក្នុងក្រុមនោះ ខាងកម្មវិធីគេក៏មិនអនុញ្ញាតឲ្យថតដែរ ថ្ងៃនោះ ហើយScript កំប្លែងនោះ ក៏រំលងចោលទាំងបង្ខំចិត្ត។
ការពិតពីមូលហេតុដែលអ្នកកំប្លែងស្រអាប់ពណ៌ក្នុងសង្វៀនសិល្បៈកូនស្រីអតីតតារាកំប្លែងដីស្មើដើររលាក់នាយ ជីវ៉ាន់ ស៊ុយ នាង រ៉េន សុធារី ហៅ ឃ្មឹប និង ជាអតីតប្រពន្ធតារាកំប្លែងនាយ ហុងដា យ៉ាងណានៅមិនទាន់ដឹងការពិតនៅឡើយ ខណៈដែលទូរស័ព្ទសុំការបំភ្លឺពីនាង ច្រើនលើកច្រើនសានៅថ្ងៃចន្ទ តែទូរស័ព្ទនាងមិនមានអ្នកទទួល។ ប៉ុន្តែយ៉ាងណា ភាពមិនទទួលខុលត្រូវចំពោះការងារសិល្បៈដែលនាងបានទទួលគេហើយហើយមិនមកសម្តែងតាមការព្រមព្រៀងនោះ និងបិទលេខទូរស័ព្ទពេលដល់ម៉ោងកម្មវិធីនោះ មានប្រពភអ្នកសិល្បៈអះអាងដូចដែលអ្នកកំប្លែងជើងចាស់លើកឡើងមុននេះ ដោយពួកគេនិយាយថានាង ឃ្មឹប ថ្មីៗនេះនាងមានបុរសម្នាក់តាមស្រឡាញ់នាង ហើយបុរសនោះតែងព្យាយាមបង្អាក់ពេលម៉ោងដែលនាងត្រូវឡើងកម្មវិធី សម្តែង។ ប្រភពនោះបានបន្តថា បុរសនោះមិនថា ពេលណាទេ ពេលដែលគេនៅជាមួយនាង ឃ្មឹប ហើយ គឺមិនចង់ឲ្យនាងឃ្លាតពីគេទេ គឺចង់ឲ្យនាងនៅជាមួយគេជាប់រហូត អ៊ីចឹងហើយបានជានាងមួយរយៈនេះច្រើនតែក្បត់ការព្រមព្រៀងសម្តែង។
ប៉ុន្តែដោយឡែករឿងនេះម្តាយនាងបានថ្លែងពីដីជនបទខេត្តបន្ទាយមានជ័យថា៖«ខ្ញុំក៏មិនបានដឹងពីការងារសិល្បៈកូន ឃ្មឹប នៅភ្នំពេញយ៉ាងណាទេ ហើយរឿងថាកូនមានសង្សារ ឬយ៉ាងណានោះខ្ញុំក៏បានដឹងដែររឿងនេះព្រោះថាដំណាក់កាលនេះដូចពាក្យចាស់ពោលថាក្រមុំដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត»។ អ្នកស្រីបានបន្តថា៖«កូនខ្ញុំនាង ឃ្មឹប នាងជាស្រី្តមេម៉ាយ យ៉ាងណាៗការងារនោះស្រេចលើគេហើយ ហើយខ្ញុំនេះក៏មិនបានរកស៊ីចិញ្ចឹមគេដែរ»៕


អត់យូរជូរមាត់ ទុកឱកាសឲ្យនាងផង នាងឃ្លានសាច់ក្រកខ្លាំងងណាស់ ….