Thursday, 02 May 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ជាមួយនឹងជីវិតដ៏ស្ងប់ស្ងាត់ក្រោមដំបូលគ្រួសារពីរសញ្ជាតិកន្លងមកគេសង្កេតឃើញថា តារាសម្តែងរូបស្រស់នាង កែវ ស្រីនាង មិនដែលបញ្ចេញសាច់ខ្ចីផ្តេសផ្តាសនោះឡើយ ទើបតែពេលនេះ ដែលទស្សនិកជនទាំងក្មេងទាំងចាស់ ពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើលនៅពេលពួកគេឃើញរូបនាងបានថតបញ្ចេញរង្វះដើមទ្រូងគួរឲ្យក្នក់ក្នាញ់និងខើចក្រោមបញ្ចេញសាច់ភ្លៅគួរឲ្យព្រឺព្រួចជាមួយតារាចម្រៀងសម្តែង អេនឌី នោះ។
កន្លងមកគេសង្កេតឃើញថា អ្នកសិល្បៈជាច្រើនបានថតរូបបញ្ចេញសាច់ខ្ចីរបស់ខ្លួនយ៉ាងសិចស៊ីជាមួយនឹង អេនឌី ក្នុងនោះមានដូចជា វ៉ាង ស្រីណូ លី ម៉ារីណា កុល ដាវី សឿ សុធារ៉ា ពេជ្រ អាវីហ្សា និងចន ច័ន្ទលក្ខិណា ជាដើម ហើយភាគច្រើនអ្នកសិល្បៈស្រីទាំងនោះរមែងទទួលរងការរិះគន់យ៉ាងចាស់ដៃពីទស្សនិកជន ព្រោះតែមិនសំចៃខ្លួនបញ្ចេញសាច់ជ្រុលពេក និងឱបថើបស្និទ្ធពេកជាមួយនឹង អេនឌី។ ដូច្នេះតាមរយៈរូបថតរបស់ កែវ ស្រីនាង ជាមួយនឹង អេនឌី ទំនងទស្សនិកជនក៏មិនសំចៃថ្វីមាត់បញ្ចេញយោបល់រិះគន់ដែរ។
នៅក្នុងរូបថតទាំងនោះ ថ្វីដ្បិតថា មិនសិចស៊ីខ្លាំង តែគេសង្កេតឃើញ កែវ ស្រីនាង បានរំលេចចេញសាច់ទ្រូងគួរឲ្យរន្ធត់ចិត្តដែរ។ ចំណែកឯផ្នែកខាងក្រោមវិញក៏សំពត់នាងឆែកខ្លាំងមិនធម្មតាដែរ តែវាល្អម្យ៉ាងដែលរូបថតទាំងនោះ ភាគច្រើនដូចជាមិនសូវស្អិតល្មួតរវាងតួប្រុសស្រីខ្លាំងពេក។
តែយ៉ាងណានៅពេលចង់បញ្ជាក់ពីការថតរូបបែបសិចស៊ីនេះ កែវ ស្រីនាង មិនអាចសុំការបំភ្លឺបានទេកាលពីម្សិលមិញ ព្រោះគ្មានអ្នកលើកទូរស័ព្ទ។
ទាក់ទងនឹងរូបភាពនេះ តារាចម្រៀងសម្តែង អេនឌី បានឲ្យដឹងថា រូបថតនោះមិនមែនថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនណាមួយនោះទេ តែជាការថតផ្សាយម៉ូដសម្លៀកបំពាក់នៅក្នុងហាងរបស់លោក។ តារារូបនេះបានបន្តថា ការថតរូបលើកនេះ លោកគិតថា មិនសូវជាមានភាពសិចស៊ីខ្លាំងដូចលើកមុនៗនោះទេ។
ដោយធ្លាប់មានបទពិសោធមិនល្អនៅក្នុងការថតរូបនេះ អេនឌី បាននិយាយថា៖«ខ្ញុំគិតថា លើកនេះដូចជាមិនសូវជាសិចស៊ីខ្លាំងដូចកាលដែលខ្ញុំថតជាមួយតារាមុនទេ ព្រោះខ្ញុំក៏បារម្ភពីការប្រកាសព្រមានរបស់ក្រសួងដែរ»។
ជាមួយនឹងការបញ្ចេញសាច់ខ្ចីរបស់ កែវ ស្រីនាង ធ្វើឲ្យទស្សនិកជនព្រឺឆ្អឹងខ្នងនោះ អេនឌី បញ្ជាក់ថា ការថតនេះមានការបញ្ចេញសាច់ដែរ តែលោកក៏បានគិតដែរថា ប៉ុណ្ណេះគឺសមរម្យហើយ៕
