ភ្នំពេញ: ថ្ងៃទី៣ឧសភា ជាទិវាសេរីភាពសារព័ត៌មានពិភពលោក។ សម្រាប់កម្ពុជា ក៏បានប្រារព្ធទិវានេះ ក្រោមប្រធានបទ “សុវត្ថិភាពនៃការនិយាយស្តី នៅតាមប្រព័ន្ធផ្សព្វផ្សាយ”។ ពិធីជួបជុំ បានធ្វើឡើងនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីសមាគមអ្នកកាសែត អង្គការយូណេស្កូ និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ថ្ងៃទី 3 ឧសភា 2013
ដោយ: លី សិលា
CEN
សេចក្តីប្រកាសព័ត៌មានរបស់ក្លឹបអ្នកកាសែតកម្ពុជា បង្ហាញថា ការប្រារព្ធពិធីអបអរទិវាសេរីភាពសារព័ត៌មាន ឆ្នាំនេះ មានគោលបំណងផ្តល់វេទិកាសន្ទនាមួយ ដល់អ្នកតំណាងប្រព័ន្ធផ្សព្ធផ្សាយ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកវែកញែកអំពីការប្រឈម និងបញ្ហានានា ជុំវិញសុវត្ថិភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា។
កម្មវិធីជជែកពិភាក្សាក្នុងទិវាសារព័ត៌មាន ថ្ងៃ៣ឧសភា បង្ហាញថា អ្នកសារព័ត៌មាន ក៏នឹងដេញដោលគ្នា អំពីគ្រោះថ្នាក់ និងការគំរាមកំហែងអ្វីខ្លះទេ ដែលនាយកកម្មវិធី និពន្ធនាយក អ្នកកាសែត និងមន្ត្រីសិទ្ធមនុស្ស នៅកម្ពុជា កំពុងតែប្រឈម? តើរាជរដ្ឋាភិបាល អង្គការអន្តរជាតិ សង្គមស៊ីវិល បណ្តាញសារព័ត៌មាន និងវិស័យឯកជននានា មានតួនាទីអ្វីខ្លះក្នុងការធានានូវសុវត្ថិភាព ក្នុងការនិយាយស្តី? បន្ទាប់មក អ្នកសារព័ត៌មាន អ្នកច្បាប់ និងតំណាងអង្គការក្រៅរដ្ឋាភិបាលក៏ត្រូវជជែកស្វែងរកដំណោះស្រាយផ្លូវច្បាប់ ដើម្បីធានាសុវត្ថិភាពអ្នកសារព័ត៌មាន។
គួររម្លឹកថា ថ្ងៃទី៣ ខែឧសភា ត្រូវបានប្រកាសជាសាធារណៈថា ជាទិវាសេរីភាពសារព័ត៌មាន ដោយមហាសន្និបាតរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៣ ដោយឆ្លងតាមការអនុម័តរបស់សន្និសីទអង្គការយូណេស្កូលើកទី២៦ ឆ្នាំ១៩៩១។ ថ្ងៃទី៣ឧសភា ក៏ជាថ្ងៃមួយសំរាប់លើកទឹកចិត្តនិងលើកកម្ពស់ដល់ការផ្តួចផ្តើមគំនិតបង្កើតថ្មីដើម្បីគាំទ្រសេរីភាពសារព័ត៌មាន ជាថ្ងៃវាយតំលៃពីស្ថានភាពនៃសេរីភាពសារព័ត៌មានទូទាំងសកលលោក ហើយក៍ជាថ្ងៃរំលឹករាជរដ្ឋាភិបាលឲ្យមានការតាំងចិត្តគោរពសេរីភាពនៃការបញ្ចេញមតិផងដែរ។
មន្ត្រីរាជរដ្ឋាភិបាលតែងតែអះអាងថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាល្អជាងប្រទេសក្នុងតំបន់អាស៊ាន។
ចុងក្រោយនេះ របាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន បានបង្ហាញអំពីការធ្លាក់ចុះនៃចំណាត់ថ្នាក់នៃប្រទេសកម្ពុជា ជាប្រទេសមានសេរីភាពសារព័ត៌មានល្អនោះ។
អង្គការអ្នកកាសែតគ្មានព្រំដែន របស់បារាំង បានចាត់ថ្នាក់កម្ពុជា នៅលំដាប់ទី១១៧ នៅក្នុងឆ្នាំ២០១២។ តែកម្ពុជា ត្រូវបានទម្លាក់ដល់ចំណាត់ទី១៤៣ ក្នុងចំណោម ១៧៩ ប្រទេស នៅក្នុងឆ្នាំ២០១៣។
ចំណែកអង្គការកាសែតរបស់អាមេរិក Freedom House បានចាត់ថ្នាក់សេរីភាពសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ឈរនៅលំដាប់លេខ ១៤៩ ក្នុងចំណោម ១៩៧ ប្រទេស ដែលអង្គការមួយនេះ បានវាយតម្លៃលើសេរីភាពសារព័ត៌មាននៅលើពិភពលោក។
របាយការណ៍ ដែលមានចំណងជើងថា “Freedom of the Press 2013: Middle East Volatility amid Global Decline” ត្រូវបានអង្គការ Freedom House ផ្សព្វផ្សាយ កាលពីថ្ងៃទី១ឧសភា ដើម្បីសាទរនូវទិវាសេរីភាពសារព័ត៌មាន ថ្ងៃ៣ឧសភា។
របាយការណ៍បង្ហាញថា សេរីភាពសារព័ត៌មាន នៅប្រទេសកម្ពុជា ស្ថិតនៅលំដាប់លេខ ១៤៩ គឺនៅក្រោមប្រទេសថៃ ដែលស្ថិតនៅលេខ ១៤០។ ក៏ប៉ុន្តែចំណាត់ថ្នាក់របស់កម្ពុជា បានប្រសើរជាងប្រទេសភូមា ដែលស្ថិតនៅលេខ ១៦២ ប្រទេសឡាវ នៅលេខ ១៨២ និងវៀតណាមនៅលេខ ១៨២។
យ៉ាងណាក៏ដោយ Freedom House បានកត់សម្គាល់ថា ចំណាត់ថ្នាក់របស់កម្ពុជា នៅលេខ ១៤៩ គឺជាប្រទេសស្ថិតនៅក្នុងប្រទេស មិនទាន់មានសេរីភាពពេញលេញនៅឡើយទេ ផ្នែកខាងប្រព័ន្ធផ្សព្វផ្សាយ “Not Free”។
ជាការកត់សម្គាល់ តាមរបាយការណ៍របស់ Freedom House ក្នុងចំណោមប្រទេសទាំង ១៩៧ ដែលស្ថិតក្នុងតារាងវាយតម្លៃរបស់ខ្លួន គឺប្រទេស ន័រវេស និងប្រទេសស៊ុយអ៊ែត ស្ថិតនៅលំដាប់លេខ ១ស្ទួន។ ចំណែកប្រទេសដែលត្រូវបានចាត់ទុកថា មានសេរីភាពសារព័ត៌មានអន់ជាងគេ គឺប្រទេសកូរ៉េខាងជើង និងប្រទេសទួកមិនីស្ថាន ( Turkmenistan ) ដែលស្ថិតនៅលេខរៀងចុងក្រោយគេ ទី១៩៦ ស្ទួន។
ដោយឡែកនៅម៉ោងប្រមាណជា ១០ ព្រឹកថ្ងៃទី៣ឧសភា ទិវាសារព័ត៌មានពិភពលោក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងទៅគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានសម្លាប់ ក្នុងសម័យសង្គ្រាម ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ដែលត្រូវបានគេចារឈ្មោះ នៅផ្ទះថ្ម លើសួនច្បារ មុខសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ក្នុងរាជធានីភ្នំពេញ៕