ថ្ងៃទី 3 ឧសភា 2013
ដោយ: លីសិលា
CEN
ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ ដោយទទួលស្គាល់ជាផ្លូវការនូវគណបក្សប្រជាជនកម្ពុជា សម្រាប់ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងសម្រេចឲ្យគណបក្សសញ្ជាតិកម្ពុជាធ្វើការកែតម្រូវរយៈពេល៥ថ្ងៃលើចំណុចខ្វះខាត។
សេចក្តីប្រកាសបានលើកឡើងថា ចំណែកគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គ.ជ.ប កំពុងតែធ្វើការពិនិត្យ។
សេចក្តីប្រកាសដដែលរបស់ គ.ជ.ប ក៏បានលើកឡើងថា នៅត្រឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៣ មានគណបក្សនយោបាយចំនួន៥ បានដាក់ពាក្យចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ គណបក្សនយោបាយចំនួន៥នោះរួមមាន : ទី១-គណបក្សប្រជាជនកម្ពុជា ទី២-គណបក្សសញ្ជាតិកម្ពុជា ទី៣-គណបក្សហ្វ៊ុនស៊ិនប៉ិច ទី៤-គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងទី៥-គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
សូមរម្លឹកថា សេចក្តីប្រកាសរបស់គ.ជ.ប ខាងលើនេះគឺបានផ្សព្វផ្សាយនៅក្នុងពិធីនៃកិច្ចប្រជុំរវាង គ.ជ.ប ជាមួយតំណាងគណបក្សនយោបាយនិងតំណាងរាជរដ្ឋាភិបាល ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ នៅទីស្តីការ គ.ជ.ប ក្នុងក្រសួងមហាផ្ទៃ៕ S