ម្សិលមិញ នេះ សហគមន៍បឹងកក់ និងអង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទងនិងសិទ្ធិលំនៅឋាននិងដីធ្លី ចេញសេចក្ដីថ្លែងការណ៍រួមមួយជំរុញឲ្យអាជ្ញាធរធ្វើការដោះស្រាយបញ្ចប់វិវាទដីធ្លីក្នុងតំបន់បឹងកក់ តាមការដាក់បញ្ចូលចំនួនគ្រួសារដែលនៅសល់ទៅក្នុងដីអនុក្រឹត្យ១២,៤៤ ហិកតា និងផ្ដល់ប័ណ្ណកម្មសិទ្ធិ ។
វ. តា
Friday 03 May 2013
The Free Press Magazine
ថ្លែងនៅក្នុងសន្និសីទកាសែត លោក ចាន់ រិទ្ធិសក្តិ តំណាងពីសហគមន៍បឹងកក់ ដែលត្រូវកាត់ឈ្មោះចេញពីទីតាំងដី១២,៤៤ហិកតា បាននិយាយថា ៖ «ប្រជាពលរដ្ឋក្នុងសហគមន៍បឹងកក់ខ្ញុំ រួមទាំងអង្គការសង្គមស៊ីវិលយល់ថា ផែនការនេះជាមធ្យោបាយដ៏សមស្របមួយ ឆ្ពោះទៅរកដំណោះស្រាយបញ្ចប់ជម្លោះដីធ្លីតំបន់បឹងកក់ ដែលនេះជាបំណងប្រាថ្នាតែមួយគត់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា និងយើងខ្ញុំចង់បាន»។
ចំណែកអ្នកស្រី ទេព វន្នី បានថ្លែងថា ដីទំនេរចំនួន៤០០ឡូត៍នោះ គឺជាដីរបស់ប្រជាពលរដ្ឋក្នុងតំបន់បឹងកក់ ដែលសម្រេចចិត្តទាំងបង្ខំក្នុងការទទួលយកគោលការណ៍ ៨ពាន់ដុល្លារ និងពីរលានរៀលជាថ្នូរនឹងការចាកចេញពីតំបន់នេះ នៅមុនពេលប្រមុខរាជរដ្ឋាភិបាលសម្រេចចេញអនុក្រឹត្យស្តីពី«ការកែសម្រួលក្រឡាផ្ទៃដីតំបន់អភិវឌ្ឍន៍បឹងកក់ ដែលក្រោយមកអាជ្ញាធររាជធានីភ្នំពេញ ទំនងជាបានចេញជាប្លង់កម្មសិទ្ធិឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីន » ។
ក្នុងសេចក្ដីថ្លែងការណ៍នោះបានបង្ហាញពីលទ្ធផលសិក្សាលម្អិតមួយ នៅលើទីតាំងដីសម្បទាន១២,៤៤ហិកតា ដែលប្រមុខរដ្ឋាភិបាលធ្វើប្រទានកម្មផ្ដល់ជូនពលរដ្ឋសេសសល់ក្នុងតំបន់បឹងកក់តាមអនុក្រឹត្យលេខ១៨៣ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ នោះ បានរកឃើញដីឡូត៍ទំនេរមាន៤០០ឡូត៍ គ្របដណ្ដប់លើផ្ទៃដីជាង២ហិកតាក្នុងទំហំដីនោះ។
សូមបព្ជាក់ថា គន្លងមកសហគមន៍បឹងកក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ា ជុំវិញវិវាទដីធ្លា និងសំណើរ ឲ្យដោះលែង អ្នកស្រី យ៉ោម បុប្ផា តែរហូតមកដល់ពេលនេះ មិនទទួលបានដំណោះស្រាយសមស្របនោះទេ រីឯអ្នកស្រី យ៉ោម បុប្ផា នៅជាប់ពន្ធនាគារនៅឡើយដែរ ដោយសារតែការតវ៉ានៅមិនទាន់មានលទ្ធផលវិជ្ជមាន ទើបពួកគាត់នាំគ្នាធ្វើសន្និសីទកាសែត ជំរុញឲ្យរដ្ឋាភិបាល ធ្វើការដោះស្រាយបញ្ចប់វិវាទ ៕

សហគមន៍បឹងកក់ប្រមូលផ្តុំគ្នាធ្វើការតវ៉ា នាពេលគន្លងមក