ម៉ាយ៉ាវីន សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​ជាមួយ​កន្លង់​អាណិកជន​បារាំង

Friday, 03 May 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

 

តារា​ចម្រៀង​យ៉េៗ​នាង ម៉ាយ៉ាវីន​​​។ រូបថត ស៊ូ វុទ្ធី

តារា​ចម្រៀង​យ៉េៗ​នាង ម៉ាយ៉ាវីន​​​។ រូបថត ស៊ូ វុទ្ធី

ភ្នំពេញៈ ស្រប​ពេល​ដែល​អស់​ឱកាស​ធ្វើ​ជា​ពិធីការិនី បន្ទាប់​ពី​កម្មវិធី​ «ជីវិត​សិល្បៈ​» ត្រូវ​បាន​ផ្អាក​ដំណើរការ​នោះ​ពិធីការិនី​វ័យ​៣៣ឆ្នាំ​វិវត្ត​ខ្លួន​បី​ដំណាក់​កាល​ពី​អ្នក​លាង​ចាន​ក្នុង​ហាង​ក្លាយ​ជា​អ្នក​ចម្រៀង និង​ចុងក្រោយ​តោង​តំណែង​ជា​ពិធីការិនី នាង ម៉ា យ៉ាវីន បាន​ប្រកាស​ដោយ​បើក​ចំហ​ថា នៅ​ពាក់​កណ្តាល​ខែ៦​ខាង​មុខ​នេះ នាង​នឹង​ដឹក​ដៃ​បុរស​អាណិកជន​ខ្មែរ​បារាំង​មក​ភ្ជាប់​ពាក្យ​ហើយ​ប៉ុន្តែ​នាង​មិន​ទាន់​ប្រាកដ​ថ្ងៃ​ចូល​រោងការ​នោះ​ឡើយ​។

យ៉ាង​ណា​បុរស​អាណិកជន​បារាំង​ដែល​តារា​ចម្រៀង​យ៉េៗ លក់​សំឡេង​ពេល​រាត្រី​នាង ម៉ា យ៉ាវីន រំពឹង​ដឹក​ដៃ​មក​ភ្ជាប់​ពាក្យ​ឲ្យ​ផ្អើល​អ្នក​ភូមិ​នេះ​មិន​មែន​ជា​បុរស​ទីមួយ​ឡើយ​ដែល​លង់​ស្នេហ៍ និង​សម្រស់​សិចស៊ី​របស់​តារា​ចម្រៀង​យ៉េៗ មាន​កំណើត​ពី​ខេត្ត​កំពង់ចាម នាង ម៉ា យ៉ាវីន។ ប៉ុន្តែ​បុរសៗ​មុន​នោះ​មិន​មាន​បុរស​ណា​ម្នាក់ មាន​សំណាង​បាន​បំពាក់​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ឲ្យ​នាង​ឡើយ ក្រៅ​ពី​ថ្លែង​ពាក្យ​ពី​ចម្ងាយ​ថា «ឲ្យ​តែ​ម៉ា យ៉ាវីន ព្រម គេ​នឹង​ជូន​ជំនូន​បណ្ណាការ​មិន​ឲ្យ​នាង​ខក​ចិត្ត​នោះ​ដែរ​ទេ»។

ក្រោយ​ពី​ឮ​តារា​ចម្រៀង​វ័យ​ជាង​៣០​ឆ្នាំ នាង​ម៉ា យ៉ាវីន ប្រកាស​ភ្ជាប់​ពាក្យ​ជាមួយ​បុរស​អាណិកជន​បារាំង​បែប​ជា​មាន​ទំនុក​ចិត្ត​យ៉ាង​នេះ មាន​មហាជន​មិន​តិច​ទេ ចាំ​អ៊ុត​មើល​ថា តើ​ការ​ប្រកាស​និង​គម្រោង​ភ្ជាប់​ពាក្យ​របស់​នាង​ជាមួយ​បុរស​អាណិកជន​បារាំង​ម្នាក់​នោះ​អាច​ប្រព្រឹត្ត​បាន​ដូច​ពាក្យ​នាង​អះអាង​ឬ​យ៉ាង​ណា​នៅ​ខែ៦​ខាង​មុខ​នេះ​? មហាជន​ដែល​តែង​ដឹង​រឿង និង​ប្រវត្តិតារា​ចម្រៀង​យ៉េៗ​លក់​សំឡេង​ពេល​រាត្រី​ដូច​សត្វ​ទីទុយ​នោះ​ពួក​គេ​បាន​លើក​ឡើង​ថា កន្លង​មក​ឮ​តែ​ថា​មាន​បុរស​នេះ បុរស​នោះ​មក​ស្រឡាញ់​នាង និង​ពេល​ខ្លះ​ទៀត​ក៏​ឮ​ថា​មាន​បុរសៗ​តាម​នាង​ដល់​ផ្ទះ​ថ្វាយ​បង្គំ​ប៉ា ម៉ាក់​នាង​សុំ​ស្រឡាញ់​កូន​ប៉ុន្តែ​មិន​ឃើញ​បុរស​ណា​មួយ​បាន​ឈាន​ដល់​មាន​ពិធី​ភ្ជាប់​ពាក្យ​ជាមួយ​នាង​ឡើយ ទើប​តែ​បុរស​អាណិកជន​បារាំង​ទេ នាង​ប្រកាស​ឲ្យ​មហាជន​ដឹង​ដោយ​បើក​ចំហ និង​ពោរ​ពេញ​ដោយ​ភាព​ជឿ​ជាក់​។ ពួកគេ​បាន​បញ្ជាក់​ថា បុរស​អាណិកជន​បារាំង​នេះ​មាន​សំណាង​ហើយ​បាន​ទាក់​បេះដូង​តារា​ចម្រៀង​រូប​នេះ​បាន​ពិត​ជា​មាន​សំណាង​។

បើ​ទោះ​ជា​ត្រូវ​បាន​មហាជន​លើក​ឡើង​យ៉ាង​ដូច្នេះ​ក៏​ដោយ នាង​មិន​ត្រឹម​តែ​មិន​មាន​អារម្មណ៍​ទោមនស្ស​នោះ​ទេ អតីត​តារា​ចម្រៀង​ធ្លាប់​ជា​អ្នក​លាង​ចាន​ក្នុង​ហាង​វ័យ​៣៣​ឆ្នាំ​ល្បី​រឿង​ស្នេហា​ជាង​សិល្បៈ​រូប​នេះ ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​។

នាង​និយាយ​ថា រយៈ​ពេល​ជាង​១០​ឆ្នាំ​ការ​ប្រើ​ជីវិត​ក្នុង​ថ្នាល​សិល្បៈ​ពោរ​ពេញ​ដោយ​ការ​ប្រកួត​ប្រជែង​សម្រស់​ផង​ដែរ​នោះ ពិត​ជា​មាន​បុរសៗ​មិន​តិច​ដែរ​ទេ តាម​ព្យាយាម​បង្កាត់​ភ្លើង​ស្នេហ៍​និង​ចង់​បាន​នាង​ទៅ​ធ្វើ​ជា​គូ​គាប់​នោះ ប៉ុន្តែ​មិន​ដឹង​ជា​យ៉ាង​ម៉េច​ដែរ​បុរសៗ​មុន​នោះ បាន​ត្រឹម​តែ​សម្លឹង​ឃើញ​សម្រស់​មិន​មាន​អ្នក​ណា​ម្នាក់​មាន​ចិត្ត​ស្មោះ​និង​ចង់​រួម​រស់​ជាមួយ​យើង​សាង​សុភមង្គល​ពិត​ឡើយ​។

នាង​បាន​បន្ត​ថា៖«បុរសៗ​ដែល​លេច​ឮ​កន្លង​មក​នោះ មាន​ដែរ​មាន​ខ្លះ​ក៏​យល់​ចិត្ត​គ្នា​ខ្លះ​ដែរ និង​មាន​គម្រោង​ចង់​ភ្ជាប់​ពាក្យ​អ៊ីចឹង​ដែរ តែ​មិន​ដឹង​ជា​ម៉េច​ដូច​ជា​គ្មាន​និស្ស័យ​នឹង​គ្នា ស្រឡាញ់​គ្នា ស្វែង​យល់​ចិត្ត​គ្នា​បាន​តែ​មួយ​ខ្យល់​ក៏​បែក​គ្នា​ទៅ​វិញ​ទៅ»។

ប៉ុន្តែ​យ៉ាង​ណា​នាង​ក៏​មិន​ទាន់​ប្រាកដ​ថា​បុរស​អាណិកជន​ដែល​នាង​គ្រោង​ដឹក​ដៃ​មក​ភ្ជាប់​ពាក្យ​នៅ​ពាក់​កណ្តាល​ខែ៦​ខាង​មុខ​នេះ​មាន​លក្ខណៈ​ពិសេស​ល្អ​ជាង​បុរស​មុនៗ​នោះ​យ៉ាង​ណា​ដែរ​ដោយ​នាង​បញ្ជាក់​ថា៖​«ខ្ញុំ​ក៏​មិន​ហ៊ាន​អះអាង​ថា​គាត់​មាន​ចរិត​លក្ខណៈ​ល្អ​គ្រប់​១០ ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​បើ​គូ​យើង​ពិត​នោះ​យើង​នឹង​មិន​បែក​គ្នា​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចង់​ពន្យារ​ភាព​នៅ​លីវ​របស់​ខ្ញុំ​ឲ្យ​នៅ​យូរ​ជាង​នេះ​ទៀត​ដែរ។ ឆ្នាំ​នេះ​វ័យ​៣៣ឆ្នាំ​ហើយ​ដូច​ជា​ច្រើន​ដែរ​»។ នាង​បន្ត​ថា៖​«ស្នេហា​រវាង​ខ្ញុំ និង​បុរស​អាណិកជន​បារាំង​នេះ អាច​និយាយ​ថា​មាន​យូរ​ហើយ​ក៏​បាន​តែ​បើ​និយាយ​ថា ទើប​តែ​កើត​មាន​ក៏​បាន​»។

តារា​ចម្រៀង​ដែល​កំពុង​តែ​បន្ទំ​ស្បែក​ធ្វើ​ជា​កូន​ក្រមុំ​ចាំ​ថ្ងៃ​បំពាក់​ចិញ្ចៀន​ពី​កូន​កំលោះ​ឆ្លង​ទ្វីប​វ័យ​៤២ឆ្នាំ នាង​ម៉ា យ៉ាវីន បាន​បញ្ជាក់​ថា​៖​«ពួក​យើង​ស្គាល់​គ្នា​យូរ​ឆ្នាំ​គួរ​សម​ដែរ​តែ​មិន​យូរ​ពេក​ទេ ហើយ​អនាគត​គូ​ដណ្តឹង​នេះ​គាត់​ក៏​ជា​បុរស​ម្នាក់​ដែរ​ក្នុង​ចំណោម​បុរសៗ​ដែល​តាម​ស្នេហ៍​ខ្ញុំ​មុន​ខ្ញុំ​តែង​ព្យាយាម​លាក់​បាំង​ព្រោះ​តែ​មិន​ទាន់​ច្បាស់​លាស់​។ ប៉ុន្តែ ពេល​នេះ​ខ្ញុំ​អាច​ប្រាប់​បាន​ថា​បុរស​នោះ​រស់​នៅ​ឯ​ប្រទេស​បារាំង និង​មាន​វ័យ​៤២​ឆ្នាំ​ជា​អ្នក​ជំនួញ​និង​ជា​មន្ត្រី​រាជការ នៅ​ទី​នោះ​»។

នាង​បាន​បន្ថែម​ថា៖«​ពួក​យើង​បាន​ជួប​មុខ​គ្នា​ហើយ​ឯ​ប៉ា​ម៉ាក់​ខ្ញុំ​ក៏​ព្រម​តាម​ខ្ញុំ​ដែរ​គឺ​ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​គាត់​ត្រង់​ហ្នឹង​ហើយ​បាន​ជា​ពួក​យើង​បាន​ឈាន​ដល់​ដំណាក់​កាល​ភ្ជាប់​ពាក្យ​នោះ​។ ចំណែក​ការ​ចូល​រោងការ​គឺ​ប្រហែល​ជា​២ឆ្នាំ​ទៀត​បាន​គិត​»។

ប៉ុន្តែ​តារា​ចម្រៀង​ដែល​ទើប​អស់​ឱកាស​បញ្ចេញ​ថ្វី​មាត់​ក្នុង​នាទី​ជា​ពិធីការិនី ក្រោយ​ពី​កម្មវិធី​របស់​នាង​កាន់​បើក​បាន​តែ​មួយ​ខ្យល់​នៅ​ប៉ុស្តិ៍​លេខ​៩​នោះ​នាង​បាន​បញ្ជាក់​ដែរ​ថា៖​«ការ​បាត់​មុខ​មួយ​រយៈ​មុន​នេះ បន្ទាប់​ពី​កម្មវិធី​ជីវិត​សិល្បៈ​ផ្អាក​នោះ ខ្ញុំ​ក៏​មិន​ប្រវេ​ប្រវា​ទៅ​រក​តំណែង​ជា​ពិធីការិនី​នៅ​កម្មវិធី​ណា​ផ្សេង​ទេ ក្រៅ​ពី​អាជីព​ចម្រៀង​នៅ​ដំណើរការ​រលូន​នោះ​ខ្ញុំ​យក​ពេល​វេលា​នេះ​ទៅ​សិក្សា​ចិត្ត​អនាគត​គូ​ដណ្តឹង​ខ្ញុំ​ហើយ​លទ្ធផល​ចេញ​បាន​ល្អ​ច្រើន​ទើប​ពួក​យើង​សម្រេច​ភ្ជាប់​នេះ»៕

 

What Next?

Recent Articles

One Response to "ម៉ាយ៉ាវីន សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​ជាមួយ​កន្លង់​អាណិកជន​បារាំង"

  1. Khmerologist says:

    Eat the red egg and then fly away!!!LOL.