ពិធីផ្លាស់ប្តូរអភិបាលរាជធានីភ្នំពេញត្រូវបានរៀបចំហើយនៅព្រឹកថ្ងៃសុក្រទី៣ឧសភានេះ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នៅក្នុងពេលធ្វើសន្ទរកថាឡើងកាន់តំណែង លោកប៉ា សុជាតិវង្សបានសន្យាបន្តដោះស្រាយបញ្ហាមួយចំនួនក្នុងរាជធានី រួមទាំងជម្លោះដីធ្លីរ៉ាំរ៉ៃផង។ ការសន្យានេះបានផ្តល់ក្តីសង្ឃឹមដល់សហគមន៍ដែលកំពុងរងគ្រោះក្នុងទំនាស់ដីធ្លី។
ថ្ងៃ សុក្រ 03 ឧសភា 2013
ដោយ លាង ដឺលុច
RFI
ពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក ប៉ា សុជាតិវង្ស (ស្តាំចុងបំផុត) ជាអភិបាលរាជធានីភ្នំពេញ (RFI/Leang Delux)
លោក ប៉ា សុជាតិវង្ស បានទទួលត្រាដើម្បីក្លាយជាអភិបាលរាជធានីភ្នំពេញជាផ្លូវការហើយនៅព្រឹកថ្ងៃទី៣ឧសភានេះ។ ការផ្លាស់ប្តូរសមាសភាពអភិបាលរាជធានីភ្នំពេញត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក ប៉ា សុជាតិវង្ស ដែលមុននេះគឺជាអភិបាលរងរាជធានីភ្នំពេញបានប្រកាសសន្យាបន្តដោះស្រាយបញ្ហាជាច្រើននៅក្នុងរាជធានី។ សណ្តាប់ធ្នាប់ចរាចរ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាបរិស្ថានអនាម័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ និងទឹកស្អាត បញ្ហាទាំងនេះត្រូវបានលោកអភិបាលរាជធានីថ្មីលើកឡើងនៅសុន្ទរកថារបស់លោក ហើយដែលលោកថាត្រូវយកចិត្តទុកដាក់ដោះស្រាយនោះ។
លើសពីនេះ ជម្លោះដីធ្លីរ៉ាំរ៉ៃ និងដ៏រសើបក្នុងរាជធានីនោះ ក៏លោកប៉ា សុជាតិវង្សមិនបានភ្លេចឡើយ។ជម្លោះក្នុងតំបន់បឹងកក់ តំបន់បុរីកីឡា សហគមន៍ថ្មគោល ត្រូវបានលោកប៉ា សុជាតិវង្ស កត់ត្រាចូលក្នុងបញ្ជីនៃ បញ្ហាសេសសល់ដែលលោកត្រូវដោះស្រាយក្នុងអណត្តិរបស់លោក។
ការសន្យារបស់លោកអភិបាលថ្មីបានលឺដល់ក្រុមជនរងគ្រោះនៃទំនាស់ដីធ្លី។ លោកស្រី ទេព វន្នី សកម្មជន និងតំណាងសហគមបឹងកក់នោះបានថ្លែងថា លោកស្រីសប្បាយចិត្តចំពោះការប្រកាសសន្យានេះ ហើយលោកស្រីសង្ឃឹមថាលោកអភិបាលថ្មីនឹងអាចដោះស្រាយបញ្ហាទំនាស់ដីធ្លីដូចការសន្យា។
និយាយប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃទី៣ឧសភានេះ លោកស្រី ទេព វន្នី ថ្លែងថា លោកស្រីនឹងរៀបចំឯកសារឡើងវិញទាក់ទងនឹងតំបន់បឹងកក់ ពិសេសអនុក្រឹតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីផ្ញើទៅលោក ប៉ា សុជាតិវង្ស ក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រៅពីសន្យាដោះស្រាយបញ្ហាជាច្រើន លោកអភិបាលថ្មី ក៏បានសន្យាពង្រឹងទំនាក់ទំនងល្អ និងសហការល្អជាមួយវិស័យឯកជន និងសង្គមស៊ីវិលដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញផងដែរ។
ត្រង់ចំនុចនេះ លោក ចាន់ សូវេត មន្ត្រីស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកស្វាគមន៍ការសន្យារបស់លោកអភិបាលថ្មី។ លោកចាន់ សូវេតបញ្ជាក់ថា នៅមានការងារសហប្រតិបត្តិការជាច្រើនដែលសង្គមស៊ីវិលនៅរង់ចាំធ្វើការជាមួយសាលារាជធានីភ្នំពេញ ដើម្បីការរីកចម្រើននៅក្នុងរាជធានីនោះ។ មន្ត្រីការពារសិទ្ធិមនុស្សថ្លែងសង្ឃឹមថា សង្គមស៊ីវិលមិនចង់ឃើញមានការបណ្តេញចេញដោយហិង្សាទៀតឡើយ នៅក្នុងអណត្តិរបស់លោកអភិបាលថ្មី៕