ភ្នំពេញ: មណ្ឌលព័ត៌មានកម្មករ WIC បានរួមសហការជាមួយអង្គការ អាក់សិនអេត កម្ពុជា បានរៀបចំវេទិកាកម្មករ ស្តីពីសុវត្ថិភាព សុខភាព និងការអប់រំ ក្នុងគោលបំណងលើកទឹកចិត្តឲ្យកម្មករ បង្ហាញពីបញ្ហារបស់ខ្លួន និងបញ្ចូលបញ្ហាស្ត្រីទៅក្នុងរបៀបវារៈការងាររបស់សហជីព និងសហព័ន្ធ។
ថ្ងៃទី 4 ឧសភា 2013
ដោយ: កូឡាប
CEN
វេទិកាកម្មករនេះ នឹងរៀបចំឡើងដោយមណ្ឌលព័ត៌មានកម្មករ WIC និងអង្គការ អាក់សិនអេត កម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៣ នៅអង្គការ អាក់សិនអេត កម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ អាក់សិនអេត កម្ពុជា នៅថ្ងៃទី៣ខែឧសភា ឆ្នាំ២០១៣ បានបង្ហាញពីគោលជំហរនៅក្នុងវេទិកាកម្មករនេះថា ៖
-មិនគាំទ្រ ឬ បម្រើផលប្រយោជន៍គណបក្សនយោបាយណាមួយឡើយ
-មិនធ្វើការរិះគន់ និងជេរប្រមាថបុគ្គលណាម្នាក់ឡើយ
-ធ្វើការចែករំលែក និងបង្ហាញពីបញ្ហាពិតរបស់កម្មករ
-ធ្វើការស្វែងរកដំណោះស្រាយរួមជាមួយសហជីព ទៅលើបញ្ហាកម្មករ
សេចក្តីប្រកាសព័ត៌មានដដែល បានលើកឡើងពីកម្មវិធីរបស់ខ្លួន បន្តទៀតថា ចែករំលែកអំពីទិដ្ឋភាពទូទៅ ជុំវិញវិស័យកាត់ដេរ និងចលនាកម្មករនៅក្នុងកម្ពុជា និងលើពិភពលោក។ កម្មករបង្ហាញពីបញ្ហាលក្ខខណ្ឌការងារ និងប្រាក់ឈ្នួល។ ការបង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវពីសុវត្ថិភាពនៅក្នុងទីក្រុង របស់ស្ត្រីនៅកម្ពុជា របស់អង្គការ អាក់សិនអេត កម្ពុជា។ ការលើកឡើងពីបញ្ហាសុវត្ថិភាព និងការរស់នៅរបស់កម្មករ នៅខាងក្រៅរោងចក្រកាត់ដេរ។ ការចែករំលែករបស់កម្មករ ពីការទទួលបានសេវាសាធារណៈលើការអប់រំ និងសុខភាព៕ S