កំពង់ចាម: សត្វមាន់ និងជ្រូករស់ ដែលក្រុមឈ្មួញ បាននិងកំពុងលួចដឹកជញ្ជូនសត្វមាន់ និងជ្រូករស់ តាមរថយន្ត និង ម៉ូតូពីប្រទេសវៀតណាម តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកពញាក្រែក និងស្រុកមេមត់ រាប់សិបតោនក្នុងមួយយប់ៗ ចន្លោះពីម៉ោង ១០ ទៅម៉ោង ១ រំលងអធ្រាត្រ។
ថ្ងៃទី 9 ឧសភា 2013
ដោយ: កងមាស
CEN
សត្វទាំងនោះ គេសង្ស័យថា ទំនងជាមានផ្ទុកមេរោគស្រាប់ ប៉ុន្តែមិនត្រូវបានសមត្ថកិច្ចជំនាញខាងពេទ្យសត្វរបស់កម្ពុជាធ្វើការត្រួតពិនិត្យសុខភាពសត្វឡើយ បែរជាបណ្តោយឲ្យឈ្មួញដឹកយកទៅលក់គ្រប់ទិសទីក្នុងប្រទេសនេះ។
តាមប្រភពព័ត៌មានដែលសិ្នទ្ធនឹងឈ្មួញនាំមាន់ និងជ្រូកពីប្រទេសវៀតណាម បានប្រាប់ CEN ថា ការដែលគេអាចនាំសត្វមាន់ទាំងរស់ ចូលស្រុកខ្មែរបាននេះ គឺដោយសារតែពួកគេបានត្រូវរ៉ូវជាមួយសមត្ថកិច្ចតាមច្រករបៀង ដូចជា ច្រកត្នោត ឬច្រកអន្លង់ជ្រៃ ក្នុងទឹកដីស្រុកពញាក្រែក , ច្រកដូង ៧ ដើម និងច្រក ៧មករា ក្នុងស្រុកមេមត់។ ពិសេសឈ្មួញទាំងនោះ ផ្តល់លុយឲ្យទៅមន្ត្រីពេទ្យសត្វ ក្នុងមួយរថយន្តដឹកសត្វមាន់រស់ ចំណុះចាប់ពី បួន-ប្រាំតោន គឺពីមួយលាន ទៅជាងមួយលានរៀល។ ចំណែកឈ្មួញដឹកតាមម៉ូតូមួយគ្រឿងបានជ្រូកចំនួន ពីរក្បាលវិញ គឺដឹកតែពេលថ្ងៃ យកទៅលក់គ្រប់ខេត្តជាប់នឹងខេត្តកំពង់ចាម។
ជាក់ស្តែង កាលពីម៉ោងជាង ១០ យប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៣ អ្នកសារព័ត៌មាន បានប្រទះរថយន្តហ៊ីយ៉ុនដាយ ពណ៌សមួយគ្រឿង ចំណុះប្រាំតោន លេខកំពង់ធំ 3A 2852 ដឹកសត្វមាន់រស់ពេញ កំពុងឈប់ចតនៅចំណុចប៉ុស្តិ៍ប៉ូលិសច្រកទ្វារត្នោត ឬច្រកអន្លង់ជ្រៃ ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ជាប់ព្រំដែនកម្ពុជា-វៀតណាម។ ខណៈនោះ សមត្ថកិច្ចប្រចាំប៉ុស្តិ៍ បានបើកបារ៉ាស់ឲ្យចូលដីខ្មែរ តែនៅពេលអ្នកសារព័ត៌មានថតផ្តិតយករូបភាព មន្ត្រីប្រចាំការដែលគ្មានឯកសណ្ឋានច្បាស់លាស់បានទាញបារ៉ាស់បិទវិញ ហើយបញ្ជាឲ្យរថយន្តដឹកមាន់ពីប្រទេសវៀតណាម ថយក្រោយចូលតំបន់ស ប្រហែល៣០ម៉ែត្រ ពីបារ៉ាស់ឈប់ស្ងៀមនៅទីនោះ។
ប្រភពព័ត៌មានខាងលើ បានឲ្យដឹងថា ឈ្មួញរកស៊ីនាំសត្វមាន់រស់ពីប្រទេសវៀតណាម ចូលប្រទេសកម្ពុជាតាមច្រកខាងលើមានឈ្មោះ គង់, ឈ្មោះ សាត , ឈ្មោះ ពេជ្រ , ឈ្មោះ ក្រី និង ឈ្មោះ ចេន ជាមេខ្លោងដែលមានទីលំនៅក្បែរផ្សារស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក។ ឈ្មួញទាំងនោះបានប្រើរថយន្តចំណុះចាប់ពីពីរតោនកន្លះ ទៅដល់ប្រាំតោន ដោយធ្វើសកម្មភាពពេលយប់ ចន្លោះពីម៉ោង ១០ ដល់ម៉ោង១ រំលងអធ្រាត្រ ក្នុងមួយយប់ ពី បួន-ប្រាំ រថយន្ត។ ចំណែកសកម្មភាពលួចនាំចូលសត្វជ្រូករស់របស់ប្រទេសវៀតណាមចូលកម្ពុជាវិញ ក្នុងមួយយប់ មួយរថយន្តផ្ទុកពី ៧០-១០០ ក្បាល ដែលមានឈ្មួញឈ្មោះ ណាង ជាអ្នកនាំយកទៅចែកចាយនៅជិតផ្សារស្គន់ ស្រុកជើងព្រៃ។ រីឯពេលថ្ងៃដឹកតាមម៉ូតូមួយគ្រឿងផ្ទុកបាន ពីរ ក្បាលជ្រូក មួយថ្ងៃពី ១០-១៥ គ្រឿង ចេញតាមច្រកបុសតាកុក ស្រុកមេមត់។
លោក នង ម៉េងហ៊ាង ប្រធានការិយាល័យបសុសត្វនៃមន្ទីរកសិកម្មខេត្តកំពង់ចាម បានឆ្លើយប្រាប់ CEN កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៣ ថា ពិតជាមានសត្វជ្រូករស់ឆ្លងដែនពីប្រទេសវៀតណាម ចូលតាមច្រករបៀងក្នុងខេត្តកំពង់ចាមមែន។ ប៉ុន្តែសកម្មភាពដឹកតាមម៉ូតូតែប៉ុណ្ណោះ មិនមែនជាទ្រង់ទ្រាយធំទេ។ ចំណែកព័ត៌មានដែលថាមានឈ្មួញលួចដឹកសត្វជ្រូករស់តាមរថយន្តក្នុងមួយយប់ពី ៧០-១០០ ក្បាល និង ថាមានសត្វមាន់រស់ នាំចូលពីវៀតណាមដែរពី បួន-ប្រាំ ឡាន ដែលមានមន្ត្រីខាងលោកបានយកលុយពីមួយលាន ទៅជាងមួយលានរៀលក្នុងមួយឡាននោះ លោកអត់បានដឹងរឿងហ្នឹងទេ។
លោក នង ម៉េងហ៊ាង បានឆ្លើយបកស្រាយទៀតថា កន្លងមក ខាងលោកធ្លាប់បានដេញបង្ក្រាបអ្នកដឹកសត្វជ្រូក ដែលដឹកតាមម៉ូតូពីវៀតណាមមកលក់នៅខេត្តកំពង់ចាម មកធ្វើកិច្ចសន្យាដែរ តែពួកគេមិនរាងចាលឡើយ។ ឯករណីឈ្មួញលួចដឹកសត្វជ្រូករស់ និងមាន់រស់តាមរថយន្តនៅពេលយប់នោះ ខាងលោកនឹងចាត់វិធានការបង្ក្រាប ហើយរឿងថាមានមន្ត្រីជំនាញទទួលលុយពីឈ្មួញ ដើម្បីឲ្យគេដឹកសត្វជ្រូករស់ និងសត្វមាន់រស់ពីប្រទេសវៀតណាមមកកម្ពុជានោះ លោកនឹងស៊ើបអង្កេត៕ S



សកម្មភាពរបស់សមត្ថកិច្ចក្រៅឯកសណ្ឋានកំពុងឈរយកលុយពីអ្នកដឹកសត្វជ្រូករស់តាមម៉ូតូពីប្រទេសវៀតណាម ឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំក្រែក ស្រុកពញាក្រែកកាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៣