ភ្នំពេញ: អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា បានមានប្រសាសន៍ថា ដំណើរការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ ចាប់ពីថ្ងៃទី២៩ ខែមេសា មកដល់ត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៣ បានប្រព្រឹត្តទៅល្អ។ ក្នុងនោះ គ.ជ.ប. បានទទួលស្គាល់ជាផ្លូវការនូវគណបក្សនយោបាយ ចំនួន ៥។
ថ្ងៃទី 12 ឧសភា 2013
ដោយ: មុនីរាជ
CEN
លោក ទេព នីថា បានបញ្ជាក់ថា រហូតមកដល់ត្រឹមល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៣ មានគណបក្សចំនួន៦ ត្រូវបានចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ គ.ជ.ប បានយល់ព្រមលើបញ្ជីបេក្ខជន នៃគណបក្សចំនួន៥ ហើយនៅសល់តែគណបក្ស សង្គ្រោះជាតិមួយទេ ដែល គជប កំពុងតែពិនិត្យមើលឯកសារ។
គណបក្សនយោបាយចំនួន៥ ដែល គ.ជ.ប ទទួលស្គាល់ជាផ្លូវការ ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ រួមមាន គណបក្ស ប្រជាជនកម្ពុជា គណបក្ស សញ្ជាតិកម្ពុជា គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្ស ហ្វ៊ុនស៊ិនប៉ិច។ គណបក្សទាំង៤នេះ បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតទាំង ២៤ មណ្ឌលខេត្តរាជធានី។
ចំណែកគណបក្ស សាធារណរដ្ឋប្រជាធិបតេយ្យ បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតបានតែ ២២ មណ្ឌលតែប៉ុណ្ណោះ។ ដោយសារតែមានមណ្ឌលចំនួន២ គឺមណ្ឌលខេត្តកំពង់ចាម និងកែប ត្រូវបាន គ.ជ.ប បដិសេធ ដោយសារតែមិនបានបំពេញឯកសារ ឲ្យបានគ្រប់គ្រាន់។
ដោយឡែក គណបក្ស សង្គ្រោះជាតិ ដែលបានដាក់ឯកសារ ចុះបញ្ជីឈ្មោះគណបក្ស និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត កាលពីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ នៅពេលនេះ គ.ជ.ប កំពុងតែពិនិត្យមើលឯកសារ។
ដំណើរការចុះឈ្មោះគណបក្សនយោបាយ និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ធ្វើឡើងចាប់ពីថ្ងៃទី២៩មេសា ដល់ថ្ងៃទី១៣ឧសភា ឆ្នាំ២០១៣។ រីឯការបោះឆ្នោត នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕