ប្រជាពលរដ្ឋប្រមាណ ១០០នាក់ ខ្លះមកពីស្រុកភ្នំក្រវាញ ខ្លះមកពីស្រុកក្រគរ និងខ្លះទៀតមកពីស្រុកវាលវែង បានលើកគ្នាមកសាលាខេត្តពោធិ៍សាត់ ក្នុងបំណងទាមទារឲ្យអាជ្ញាធរខេត្តជួយដោះស្រាយបញ្ហាជម្លោះដីធ្លីជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមួយចំនួនក្នុងខេត្តនេះ។
ដោយ មណ្ឌល កែវ
2013-05-12
RFA

ប្រជាពលរដ្ឋមកពីស្រុកវាលវែង ភ្នំក្រវាញ និងស្រុកក្រគរ ដើរចូលសាលាខេត្តពោធិ៍សាត់ ដើម្បីតវ៉ារឿងជម្លោះដីជាមួយក្រុមហ៊ុនសម្បទាន កាលពីថ្ងៃទី១១ ឧសភា ឆ្នាំ២០១៣។ RFA/Mondulkeo
អ្នកស្រី អ៊ឹម ដន តំណាងប្រជាពលរដ្ឋដែលមានបញ្ហាជម្លោះដីធ្លីជាមួយក្រុមហ៊ុន តូច ហ៊ាវ ខបភើរ៉េសិន (Touch Heav Corporation) បានឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែឧសភា ពីបំណងដែលគាត់លើកគ្នាមកសាលាខេត្តពោធិ៍សាត់ នៅថ្ងៃទី១១ ឧសភា គឺដើម្បីឲ្យអាជ្ញាធរខេត្តជួយដោះស្រាយបញ្ហាដីធ្លីដែលគាត់បានកាន់កាប់តាំងពីឆ្នាំ២០០០ មក ហើយបានក្រុមនិស្សិតវាស់ និងផ្ដល់ប័ណ្ណកម្មសិទ្ធិឲ្យ តែក្រោយមកលោក តូច ហ៊ាវ ប្រធានក្រុមហ៊ុន តូច ហ៊ាវ បានមកឈូសឆាយរំលោភយកដោយសំអាងថា ដីនេះអាជ្ញាធរខេត្តបានផ្ដល់សម្បទានដីសេដ្ឋកិច្ចឲ្យក្រុមហ៊ុនលោករួចហើយ។
អ្នកស្រី អ៊ឹម ដន៖ «គេ ១០ហិកតារ គេបានប្លង់ ចំណែកខ្ញុំតែមួយហិកតារសោះមានដាំដូង ដាំស្វាយ មានអណ្ដូងទឹកអីគ្រប់គ្រាន់ បែរជាមិនចេញប្លង់ឲ្យខ្ញុំទេ។ ទើបខ្ញុំមិនសុខចិត្ត ដីគេជាប់ព្រំប្រទល់ដីខ្ញុំ គេបានប្លង់ឯខ្ញុំអត់បានទើបខ្ញុំមិនសុខចិត្តឡើងមកតវ៉ា…»។
ប៉ុន្តែលោក តូច ហ៊ាវ ប្រធានក្រុមហ៊ុន តូច ហ៊ាវ ខបភើរ៉េសិន បានបដិសេធការចោទប្រកាន់របស់ប្រជាពលរដ្ឋលោកថា បញ្ហាការចេញសលាកបត្រ ហើយអាជ្ញាធរមិនចេញប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋនោះមិនពាក់ព័ន្ធអ្វីជាមួយក្រុមហ៊ុនលោកទេ៖ «អ្នកណាមានប្លង់ ឬអត់ប្លង់អី ខ្ញុំអត់ដឹងទេ ព្រោះតាំងពីខាងរដ្ឋាភិបាលចុះមកវាស់វែងដីឲ្យប្រជាពលរដ្ឋមកនោះ ប្រជាពលរដ្ឋទាំងនោះលែងមកទាក់ទងតវ៉ាអីជាមួយក្រុមហ៊ុនខ្ញុំហើយ…»។
ចំណែកស្ត្រីអ្នកភូមិឈ្មោះ ម៉ូ ស្រ៊ី អាយុ ៥៨ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិសង្គមថ្មី ឃុំថ្មដា។ គាត់បានឲ្យដឹងថា ដីចម្ការរបស់គាត់ប្រមាណ ១ហិកតារនេះ គ្រួសារគាត់បានរានព្រៃដោយដៃត្រូវមីនផ្ទុះរហូតប្ដីគាត់បានបាត់បង់ជីវិត ឯរូបគាត់ត្រូវរបួសពិការដោយសារដីនេះតាំងពីឆ្នាំ១៩៩៩។ តែឥឡូវអាជ្ញាធរភូមិ ឃុំ បែរជាមិនព្រមឲ្យនិស្សិតវាស់វែង និងផ្ដល់កម្មសិទ្ធិឲ្យគាត់ឡើយ។ ហេតុនេះហើយទើបថ្ងៃនេះគាត់មកសាលាខេត្តដើម្បីឲ្យអាជ្ញាធរខេត្តជួយដោះស្រាយឲ្យគាត់។
ស្ត្រី ម៉ូ ស្រ៊ី៖ «ដីខ្ញុំតែប្រហែល ១ហិកតារទេ។ ខ្ញុំសំណូមពរឲ្យជួយវាស់គេមិនព្រម ទើបខ្ញុំឡើងទៅតវ៉ាដល់ផ្ទះសម្ដេចនៅភ្នំពេញ ហើយខាងខុទ្ទកាល័យឲ្យខ្ញុំមកជួបខាងខេត្តទើបខ្ញុំមកជួបនេះ។ ខ្ញុំក្រណាស់គ្មានលុយធ្វើដំណើរទេ ខ្ចីបុលគេដើម្បីធ្វើដំណើរមកខេត្តឲ្យជួយដោះស្រាយ…»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីមេឃុំថ្មដា គឺលោក ព្រុំ ង៉ុន បានទេ នៅល្ងាចថ្ងៃទី១១ ឧសភា។ ចំណែកមេភូមិសង្គមថ្មី គឺលោក ព្រុំ លុត បានបដិសេធការចោទប្រកាន់របស់ប្រជាពលរដ្ឋ។ លោកថា ការវាស់វែងរបស់ក្រុមនិស្សិតនៅបន្តមិនទាន់បញ្ចប់ទេ។
លោកសំណូមពរឲ្យអ្នកភូមិអត់ធ្មត់ រង់ចាំ៖ «មុនគេធ្វើបានមួយចំនួនហើយ ហើយគេនឹងធ្វើបន្តទៀត។ តែពួកគាត់តក់ក្រហល់ពេក គាត់ទៅប្ដឹងផ្ដល់ មេដឹកនាំគាត់រវល់ គាត់មិនទាន់បានទៅវាស់វែង…»។
ប្រភពពីអ្នកភូមិបានឲ្យដឹងបន្ថែមថា ភាគច្រើនក្នុងចំណោមប្រជាពលរដ្ឋទាំង ២៧គ្រួសារនេះ បានរងរបួស និងខ្លះទៀតពិការដោយសារការកាប់រានព្រៃនៅតំបន់នេះ ដើម្បីដោះស្រាយជីវភាពគ្រួសារ។
យ៉ាងណាក៏ដោយ តំណាងក្រុមហ៊ុន អ៊ឹម.ឌី.អេស (MDS) ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បញ្ហាវាស់វែងដីធ្លីក្នុងភូមិសង្គមថ្មី ពុំមានអ្វីពាក់ព័ន្ធជាមួយក្រុមហ៊ុនទេ។ លោកថា ក្រុមហ៊ុនទទួលបានសិទ្ធិសម្បទានពីរាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរខេត្ត ប្រសិនបើមានផលប៉ះពាល់ ឬយ៉ាងណានោះ គឺអាជ្ញាធរជាអ្នកមានភារកិច្ចដោះស្រាយ ពុំមែនជាភារកិច្ចរបស់ក្រុមហ៊ុននោះឡើយ។
កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៣ កន្លងទៅ ប្រជាពលរដ្ឋមកពីស្រុកភ្នំក្រវាញ ស្រុកក្រគរ និង ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានលើកគ្នាទៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯទីក្រុងភ្នំពេញ សុំឲ្យលោកនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ឲ្យអាជ្ញាធរខេត្តដោះស្រាយផ្ដល់កម្មសិទ្ធិដីធ្លីឲ្យពួកគាត់។ លោក ហូ សិទ្ធី នាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក៏បានផ្ញើលិខិតមកឲ្យលោកអភិបាលខេត្តពោធិ៍សាត់ គឺលោក ខូយ សុខា ពិនិត្យនិងដោះស្រាយ។ មួយខែបានកន្លងផុតទៅ ដោយមិនឃើញមានដំណោះស្រាយ អ្នកភូមិក៏បានលើកគ្នាទៅផ្ទះលោកនាយករដ្ឋមន្ត្រីម្ដងទៀត។ នៅថ្ងៃទី៤ ខែឧសភា មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីមួយរូបគឺលោក នៅ រ៉ា បានជួយសម្របសម្រួលណាត់ឲ្យប្រជាពលរដ្ឋជួបជាមួយអាជ្ញាធរខេត្តនៅថ្ងៃទី១១ ខែឧសភា។
ទាក់ទងចំពោះបញ្ហាប្រជាពលរដ្ឋលើកគ្នាមកសាលាខេត្ត អភិបាលខេត្តពោធិ៍សាត់ គឺលោក ខូយ សុខា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅម៉ោង ៥ និង ៣០នាទី ល្ងាចថ្ងៃទី១១ ឧសភា បន្ទាប់ពីជួបជាមួយប្រជាពលរដ្ឋថា អាជ្ញាធរខេត្តនឹងចុះទៅស្រាវជ្រាវបញ្ហានេះនៅសប្ដាហ៍ខាងមុខ៖ «ខេត្តនឹងរៀបចំក្រុមចុះអង្កេតមួយក្រុម ដើម្បីចុះទៅធ្វើបញ្ហានេះ។ យើងមិនទាន់ដឹងពីមូលហេតុថា តើហេតុអ្វីបានជាគេមិនវាស់ដីឲ្យប្រជាពលរដ្ឋនោះទេ? ជួនដីជាកន្លែងមានមីន ឬតំបន់ស។ តែបើដូចនេះ យើងនឹងបញ្ជាក់ប្រាប់គាត់ថា គាត់អាចអាស្រ័យផលតែមិនអាចមានប័ណ្ណកម្មសិទ្ធិទេ…»។
យ៉ាងនេះក្ដី លោកអភិបាលខេត្តបញ្ជាក់ថា ចំពោះករណីដីដែលប្រជាពលរដ្ឋមានសលាកបត្រតែក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ជាដីរបស់រដ្ឋនោះ អាជ្ញាធរខេត្តមិនអាចដោះស្រាយបានឡើយ។លោកថា ករណីនេះមានតែថ្នាក់ជាតិទេ ទើបអាចដោះស្រាយជូនប្រជាពលរដ្ឋបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ដំណឹងល្អ ដំណឺងល្អ ពលរដ្ឋដែលមានបញ្ហាដីធ្លី នៅតំបន់បឹងកក់ដ៏រ៉ាំរ៉ៃជាយូរមកហើយនោះ នឹងទទួលបានការដោះស្រាយពីឯកឧត្តម អភិបាលរាជធានីភ្នំពេញថ្មី ដែលទើបនឹងឡើងកាន់តំណែង នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ សូមចូលរួមរីករាយ និងអបអរសាទរ ជាមួយពលរដ្ឋនៅតំបន់បឹងកក់ទាំងនោះផង ហើយជាបន្តបន្ទាប់ ពលរដ្ឋនៅតំបន់បូរីកីឡា នឹងទទួលបានដំណោះស្រាយដូចគ្នា