កំពតៈ ក្រុមគ្រួសារពលករចំណាកស្រុកកំពុងព្យាយាមស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរក៏ដូចជារដ្ឋាភិបាលដើម្បីជួយសង្គ្រោះសាច់ញាតិរបស់ពួកគេឲ្យបានវិលត្រឡប់មកស្រុកកំណើតវិញ ក្រោយពីទទួលដំណឹងថា ពលករចំនួន១៤ នាក់ត្រូវបានគេលក់ឲ្យចុះទូកនេសាទថៃ ឆ្លងដែនទៅដល់ប្រទេសឥណ្ឌូនេស៊ី។
Monday, 13 May 2013
ឆាយ ច័ន្ទនីដា
ភ្នំពេញ ប៉ុស្តិ៍
ពលករដែលសុទ្ធតែជាបុរសទាំង១៤នាក់ត្រូវបានក្រុមគ្រួសារឲ្យដឹងថាមានអាយុចាប់ពី១៦ ដល់៤២ ឆ្នាំហើយភាគច្រើនមានវ័យខ្ទង់ជាង២០ឆ្នាំបានចាកចេញពីភូមិកំណើតស្ថិតក្នុងភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក កាលពីថ្ងៃទី២៦ ខែមេសាតាមរយៈមេខ្យល់ម្នាក់បានប្រមូលអ្នកភូមិឲ្យធ្វើការនៅថៃ ដោយសន្យាផ្តល់ប្រាក់កម្រៃ៣៥០ បាត ក្នុងមួយថ្ងៃ។
អ្នកស្រី ជា រ៉ន ហៅរឿន អាយុ ៣៣ឆ្នាំ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា អ្នកស្រីបានទទួលទូរស័ព្ទពីប្តីឈ្មោះទូច ធឿន ហៅជឿន អាយុ ៣៦ ឆ្នាំ ទាក់ទងមកពីប្រទេសថៃកាលពីល្ងាចថ្ងៃទី១១ ឧសភាក្នុងសំឡេងអួលដើមក ព្រោះដឹងខ្លួនថា ខ្លួនកំពុងត្រូវគេបោកយកមកលក់បន្តចេញពីកន្លែងផែត្រីទៅកាន់ទូកនេសាទ។ អ្នកស្រីនិយាយថា៖ «ទាំងប្តីនិងប្អូនប្រុសខ្ញុំម្នាក់ទៀតឈ្មោះទិត្យ ស៊ីថាញ់ អាយុ ១៦ឆ្នាំបានចុះទូកកាលពីល្ងាចថ្ងៃសៅរ៍ ហើយថា គេនឹងធ្វើដំណើរកាត់តាមប្រទេសឥណ្ឌា ទៅប្រទេសឥណ្ឌូនេស៊ី។ គាត់និយាយរាងយំ អួលដើមកហើយថា គេបង្ខំឲ្យគាត់និងអ្នកចុះទូកឯទៀតលេបថ្នាំ២គ្រាប់ក្នុងមួយថ្ងៃមិនដឹងថាថ្នាំអីទេ?»។
អ្នកភូមិម្នាក់ទៀតអ្នកស្រី កាក់ ភេន អាយុ ៤០ឆ្នាំ មានកូនប្រុសឈ្មោះ សួន វ៉ាន់ដា អាយុ ១៧ ឆ្នាំ ឲ្យដឹងថា ដោយសារជីវភាពទីទាល់ក្រខ្លាំងពេក កូនអ្នកស្រីដែលរៀនបានត្រឹមថ្នាក់ទី៥ បានសម្រេចចិត្តធ្វើដំណើរជាមួយអ្នកភូមិ ទៅរកលុយនៅថៃ។ អ្នកស្រីបន្តថា៖«ខ្ញុំមិនដឹងថាទៅឆ្លងដែនខុសច្បាប់អីទេ ឯកូនខ្ញុំនៅក្មេងឮតែបានប្រាក់ខែច្រើនក៏ទៅតាមគេព្រោះធ្វើស្រែមិនគ្រប់ហូបទេ»។
បើតាមអ្នកភូមិ ពលករទាំង១៤ នាក់នោះត្រូវបាន មេខ្យល់ម្នាក់ឈ្មោះ អ៊ឹម ប្រុស មានវ័យប្រមាណ៤០ឆ្នាំរស់នៅស្រុកជុំគិរី នាំចេញពីភូមិតាមរថយន្តទៅដល់ច្រកបឹងត្រកួនក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឆ្លងដែនឲ្យធ្វើដំណើរបន្តទៅប្រទេសថៃ។
លោក អ៊ឹម ប្រុស មេខ្យល់ក្នុងករណីខាងលើ បានថ្លែងថា លោកក៏មិនដឹងថាពលករទាំង១៤ នាក់នោះត្រូវគេនាំចេញទៅទីណាដែរ ព្រោះមានមេខ្យល់ម្នាក់ទៀតទាក់ទងមកលោកឲ្យជួយរកមនុស្សឲ្យហើយសន្យាឲ្យកម្រៃជើងសាខ្លះ តែពេលនេះ លោកមិនទាន់ទទួលបានទេ។ លោកបន្ថែមថា៖«តាមខ្ញុំដឹងគេអត់លក់ពួកគេទេ គ្រាន់តែចុះទូកទៅឆ្ងាយពីផែបន្តិចទេ នឹងវិលមកវិញតែនៅពេលគេទាក់ទងមកខ្ញុំគេនិយាយថាមនុស្សទាំងនោះ នឹងមិនឲ្យទៅណាឆ្ងាយឡើយ។ ឥឡូវមានបងប្អូនគេទាក់ទងមករករឿងខ្ញុំ ខ្ញុំក៏ពិបាកចិត្តណាស់ដែរ ព្រោះនេះគឺជាលើកទីមួយហើយ ដែលខ្ញុំដើរប្រមូលអ្នកភូមិ»។
លោក នូ ប៉ាវ សមាជិកក្រុមប្រឹក្សាឃុំតាកែន បានថ្លែងឲ្យដឹងថា ក្រុមប្រជាពលរដ្ឋទាំងនោះ បាននាំគ្នាមកប្តឹងលោកឲ្យជួយអន្តរាគមន៍ទាក់ទងទៅថ្នាក់លើបន្តទៀត។ លោកបាននិយាយថា៖«ពលរដ្ឋទាំងនេះក្រណាស់ បើឮថារកលុយបាននាំគ្នាទៅហើយ»។
លោក មឿន តុលា ប្រធានផ្នែកកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ថ្លែងថា លោកកំពុងឲ្យបុគ្គលិកអង្គការទាក់ទងដើម្បីបានព័ត៌មានបន្ថែមលើករណីខាងលើនេះ។
លោកមឿន តុលាបានថ្លែងបន្តថា ៖ «យើងមើលឃើញថា ចំណាកស្រុកខុសច្បាប់នៅតែកើនឡើងមិនថយចុះសោះ ព្រោះអ្នកភូមិមានកូនច្រើន តែគ្មានដីធ្វើស្រែគ្រប់គ្រាន់ចិញ្ចឹមជីវិតទេឯការងារក្នុងស្រុក ដូចជាធ្វើការសំណង់រកលុយបានតិចជាងទៅធ្វើការនៅថៃ។ អ៊ីចឹងនេះជារឿងពិបាកទប់ស្កាត់»។ លោកគូសបញ្ជាក់បន្តទៀតថា ការសូកប៉ាន់មន្ត្រីតាមច្រកព្រំដែននិងការអនុវត្តការទប់ស្កាត់ពលករខុសច្បាប់មិនមានប្រសិទ្ធភាពក៏ជាបញ្ហាធ្វើឲ្យចំណាកស្រុកនៅតែកើនឡើងផងដែរ។
លោក ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដែលទទួលបន្ទុកពលករចំណាកស្រុកក្រៅប្រទេសនៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេប៉ុន្តែលោកបានលើកទឹកចិត្តឲ្យក្រុមគ្រួសារពលករទាំងនោះដាក់ពាក្យបណ្តឹងទៅឃុំស្រុក ឬខេត្ត ឬក៏អាចទាក់ទងមកលោកផ្ទាល់ក៏បានដើម្បីឲ្យមន្ត្រីតាមខ្សែបណ្តោយធ្វើអន្តរាគមន៍ចំពោះបញ្ហានេះ៕
