ប្រជាពលរដ្ឋ កម្មករ សហជីព និងអង្គការសង្គមស៊ីវិលមួយចំនួន នៅមានការសង្ស័យចំពោះតួលេខកម្មករស្លាប់ និងរងរបួសដោយសារការបាក់ពិតាននៅរោងចក្រ វីងស្តារស៊ូ (Wing Star Shoes) កាលពីថ្ងៃទី១៦ ឧសភា កន្លងទៅ។
ដោយ កែវ និមល
2013-05-24
RFA
newspaper
ប្រជាពលរដ្ឋ កម្មករ សហជីព និងអង្គការសង្គមស៊ីវិលមួយចំនួន នៅមានការសង្ស័យចំពោះតួលេខកម្មករស្លាប់ និងរងរបួសដោយសារការបាក់ពិតាននៅរោងចក្រ វីងស្តារស៊ូ (Wing Star Shoes) កាលពីថ្ងៃទី១៦ ឧសភា កន្លងទៅ។
ដោយ កែវ និមល
2013-05-24
RFA
តំណាងអង្គការសហជីព និងអង្គការសង្គមស៊ីវិល ធ្វើការងារខាងសិទ្ធិមនុស្ស បានឲ្យដឹងនៅថ្ងៃទី២៤ ឧសភា ថា ពួកគេនឹងធ្វើការស៊ើបអង្កេតចំពោះចំនួនកម្មករដែលស្លាប់ និងរបួសដោយសារការបាក់ពិតាននៅរោងចក្រកាត់ដេរស្បែកជើង វីងស្តារស៊ូ។ ពួកគេចាប់ផ្ដើមស៊ើបអង្កេត ដោយមានការសង្ស័យថា ចំនួនអ្នកស្លាប់ និងរបួសកន្លងមកនោះ មិនត្រឹមត្រូវ។
លោក រ៉ុង ឈុន ប្រធានសហជីពកម្ពុជា បានថ្លែងឲ្យដឹងថា ក្រុមរបស់លោកនឹងចុះទៅស្រាវជ្រាវ និងស៊ើបអង្កេតចំពោះព័ត៌មានសង្ស័យថា ចំនួនកម្មករដែលស្លាប់ និងរបួសដោយសារការបាក់ពិតាននៅរោងចក្រកាត់ដេរស្បែកជើង វីងស្តារស៊ូ នោះឡើងវិញ ដើម្បីបញ្ជាក់ឲ្យមានការពិត និងអស់សង្ស័យចំពោះព័ត៌មានមួយចំនួន ដែលបាននិយាយថា ចំនួនកម្មករស្លាប់ និងរបួសនោះ មិនមែនស្លាប់ ២នាក់ និងរបួស ១២នាក់ ដូចការប្រកាសកន្លងមកនោះ។
ចំណែកលោក ជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជា បានគាំទ្រចំពោះសកម្មភាពស៊ើបអង្កេតឡើងវិញឲ្យបានច្បាស់លាស់ អំពីចំនួនកម្មករស្លាប់ និងរបួសនោះឡើងវិញដែរ។
លោក អំ សំអាត អ្នកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ក៏មានគោលបំណងបើកការស៊ើបអង្កេតចំពោះព័ត៌មានទាក់ទងជាមួយចំនួនកម្មករស្លាប់ និងរបួសនេះឡើងវិញដែរ ក្រោយពេលមានប្រជាពលរដ្ឋ និងកម្មករមួយចំនួនបានលើកឡើងអំពីរឿងនេះ។
ប្រភពពីប្រជាពលរដ្ឋ និងកម្មករ ដែលមានទីលំនៅនៅជិតរោងចក្រ ដែលសុំមិនចេញឈ្មោះ បាននិយាយឲ្យដឹងថា ចំនួនកម្មករស្លាប់ និងរបួសដោយសារការបាក់ពិតាននៅរោងចក្រ វីងស្តារស៊ូ ដែលផ្សាយកន្លងមកនេះ សង្ស័យថាមិនត្រឹមត្រូវទេ។ ប្រជាពលរដ្ឋជាច្រើនរូបនិយាយដោយសុំមិនចេញឈ្មោះ ឲ្យដឹងថា នៅពេលគេទៅរកសាច់ញាតិជាកម្មករធ្វើការនៅរោងចក្រនោះ ពេលពិតានបាក់ចុះមានមនុស្សស្លាប់ សន្លប់ របួសធ្ងន់ និងស្រាលជាច្រើននាក់កប់នៅក្នុងគំនរថ្មបាក់បែក។ ប៉ុន្តែ នៅពេលមានព័ត៌មានផ្សាយថា មនុស្សស្លាប់តែ ២នាក់ និងរបួស ១២នាក់នោះ ពួកអ្នកស្រុកមិនជឿឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការពន្យល់ចំពោះការសង្ស័យរបស់អ្នកស្រុក លើតួលេខអ្នកស្លាប់ និងរបួសនេះ ពីលោក ម៉ៅ ឈីវសុង ប្រធានរដ្ឋបាល និងអ្នកតំណាងរោងចក្រ វីងស្តារស៊ូ បានឡើយ នៅថ្ងៃទី២៤ ឧសភា។
ប្រភពសមាជិកសហជីពនៅរោងចក្រ វីងស្តារស៊ូ បាននិយាយថា តាមព័ត៌មានដែលទទួលបានដំបូង មានអ្នកស្លាប់ចំនួន ៥នាក់ ក្នុងនោះមានស្ត្រី ៤រូប និងបុរសមួយរូប។ តែក្រោយមក សហជីពនោះបានទទួលព័ត៌មានពីមន្ទីរពេទ្យមកវិញថា ចំនួនកម្មករស្លាប់សរុបមាន ៣នាក់ និងរបួស ១១នាក់។ ប៉ុន្តែតាមព័ត៌មានចុងក្រោយពីរោងចក្រ បានឲ្យដឹងថា មានអ្នកស្លាប់តែ ២នាក់ និងរបួស ១១នាក់ប៉ុណ្ណោះ។
បើសិនជាមានការរកឃើញថា មានការលាក់បាំងព័ត៌មានទាក់ទងជាមួយការស្លាប់ និងរបួសរបស់កម្មកររោងចក្រកន្លងមកមែននោះ អ្នកប្រព្រឹត្តនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ជាមិនខាន។
ក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ មាត្រា៥៣១ បានចែងអំពីការផ្ដន្ទាទោសចំពោះអំពើលាក់បាំងតម្រុយនានាថា អំពើកែប្រែ លុបបំបាត់ ឬលាក់បាំងតម្រុយ ឬស្លាកស្នាមនៅទីកន្លែងនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ក្នុងគោលបំណងធ្វើជាឧបសគ្គដល់ការស្វែងរកឲ្យឃើញនូវការពិត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។
ហើយចំពោះមន្ត្រីរាជការក្នុងមុខងារសាធារណៈ ដែលបានដឹងព័ត៌មានពីបទឧក្រិដ្ឋ ឬមជ្ឈិម ហើយមិនប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ក៏ត្រូវមានទោសដែរ។ ក្រមព្រហ្មទណ្ឌមាត្រា៥២៨ បានចែងថា អំពើរបស់អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែលមិនប្ដឹងបរិហារដល់អាជ្ញាធរតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត ពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលខ្លួនបានដឹងនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។
បើទោះបីជាការបាក់ពិតាននៅរោងចក្រកាត់ដេរស្បែកជើង វីងស្តារស៊ូ កាលពីថ្ងៃទី១៦ ឧសភា កន្លងទៅមានការប្រកាសព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចថា មានកម្មករចំនួន ២នាក់ស្លាប់ និងរបួស ១២នាក់ក៏ដោយ ប៉ុន្តែមុនពេលប្រកាសព័ត៌មានថាកម្មករ ២នាក់ស្លាប់នោះ មានប្រភពព័ត៌មានមួយចំនួនថា មានមនុស្សស្លាប់ និងរបួសច្រើនជាងនេះ។ ប៉ុន្តែតួលេខទាំងនោះ មានមិនដូចគ្នាទេ ដោយប្រភពខ្លះនិយាយថា មានអ្នកស្លាប់ ៣នាក់ អ្នកខ្លះថាមានអ្នកស្លាប់ ៦នាក់ ជាដើម។
ប្រភពពីប្រជាពលរដ្ឋ និងកម្មករមួយចំនួន បានឲ្យដឹងថា ក្រោយពេលមានហេតុការណ៍បាក់ពិតានមានមនុស្សស្លាប់ និងរបួសនោះមក កម្មករមួយចំនួនបានសម្រេចចិត្តឈប់ធ្វើការតទៅទៀត ដោយសារខ្លាចមានគ្រោះថ្នាក់។ រោងចក្រ វីងស្តារស៊ូ ជារោងចក្រផលិតស្បែកជើងកីឡា ម៉ាក អេស៊ិក (ASICS) ដែលជាម៉ាកស្បែកជើងល្បី ហើយមានទំនាក់ទំនងជាមួយក្រុមហ៊ុនបញ្ជាទិញនៅប្រទេសជប៉ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
***********************************************************
លេខរៀងគណបក្សនយោបាយ ដែលទទួលបាន
សម្រាប់ការបោះឆ្នោត ២៨កក្កដា២០១៣
*********************************************************
ទំនាយបូរាណបានចារទុក – ចាប់លេខផ្សងនឹកជោគជតា
ឡើងចុះខ្ពស់ទាបក្នុងពេលា- ថ្ងៃឈមជែងគ្នាយកសំណាង ។
២៨កក្កដាគឺជាថ្ងៃ – ប្រជែងជោគជ័យតាមកំណត់
ចាប់ផ្សងលេខគាប់ទេវតាកត់ – ស្តាប់កុំរន្ធត់តាមទំនាយ ។
លេខ១ទាយថាទន់ខ្សោយណាស់- ចង់ប្រឹងយកឈ្នះមិនងាយទេ
ព្រោះកម្លាំងទ្រស្តួចស្តើងទ្វេរ-តែបើធ្វើល្អបានផលខ្លះ ។
លេខ២ ជាលេខមិនសូវគាប់ – ខ្ញុំទាយមិនស្អប់ច្បាស់ទើបថា
កម្មនៅចងជាប់រឹតអង្គា -តែមានលេខជាជួយទ្រទ្រង់ ។
លេខជាប្រៀបបានឪពុកម្តាយ-ជួយថ្នមរូបកាយអោយផូរផង់
ច្នេះត្រូវស្គាល់គុណកុំលះបង់-ពេលខ្លួនឈរត្រង់តម្រង់ចិត្ត ។
ផ្ចង់កាយវាចារតាំងសម្មាធិ – ផ្តាច់ចោលកិលេសល្មើសលោភលន់
នោះថ្ងៃក្រោយល្អថ្លាត្រចង់ – ក្នុងវង់គ្រប់គ្រងលេខផ្តល់ជោគ ។
លេខ៣ប្រាប់ច្បាស់លេខអ្នកតា- ពួកអឺរ៉ុបរអារខ្លាចគ្រប់គ្នា
ពេលជួបលេខនេះកោរពានា-ក្រម៉ាវន្ទារព្រះទើបសុខ ។
លេខ៤ច្បាប់ក្បួនលោកបានចែង – លេខល្អក្រៃលែងល្បីនាមា
ជាលេខអវតាឋានសួគ៌ា- ចារក្នុងគម្ពីរពិភទ្ទកប្ប ។
លេខ៥ផ្តាំទុកមិនទាន់ល្អ – ប្រាប់ដោយយ៉ៗនូវអត្ថន័យ
ប៉ងជោគឆ្ងាយណាស់កុំប៉ងអី- តិថីលេខជោគនៅលើសូន្យ ។
លេខ៦លេខព្រួយខ្លាចរឿងក្រ – ជាលេខមិនល្អត្រដរខ្យល់
ឈប់ក្រតែមាត់កាយសោតសល់- នៅយល់តែក្រត្រដររស់ ។
លេខ៧លេខទីភូមិឧត្បាត – ទំនាយប្រាប់លាតដូចលេខ៣
ត្រូវនិមន្តលោកលើករាសី -មិនលើកចង្រៃនិងរុលរុក ។
ច្បាស់សុំលិទ្ធគូថមនុស្សគ្រប់គ្នា – ព្រោះកម្មវេរាជាន់ពន្លិច
អោយបាត់សតិឃ្លានតែអាចម៏- កម្មចងមិនភ្លេចរឿងភរភូត ។
លេខ៨គួរសមរណ្តំគ្នា -និងលេខ២ដែរតែកុំភ្លេច
ច្បាប់ប្រុសធ្លាប់ប្រាប់ចាំអោយស្រេច – បុណ្យឡើងរំលេចព្រោះប្រណិប័ត ៕
បោះឆ្នោតឲ្យ CPP គឺសង្គ្រោះខ្មែរទាំងអស់គ្នា។ លេខរៀងទី៤ ! លេខរៀងទី៤! លេខរៀងទី៤ !!! សង្គ្រោះទាំងប្រជាជន សង្រ្គោះទាំងស្មារតី សង្រ្គោះជីវភាព សង្រ្គោះវប្បធម៌ខ្មែរ សង្រ្គោះទំនិញខ្មែរ សង្រ្គោះសម្បតិ្តខ្មែរ សង្រ្គោះលុយជាតិ សង្រ្គោះសិល្បៈខ្មែរ សង្រ្គោះទឹកដីខ្មែរ…សង្រ្គោះសរុប!