Wednesday, 05 June 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ នៅព្រឹកថ្ងៃពុធនេះ ក្រុមបណ្តាញយុវជនការពារបរិស្ថានប្រមាណជាង ១០០នាក់ បាននាំគ្នាមកដាក់ញត្តិជូនប្រធានរដ្ឋសភា ដើម្បីសុំអន្តរាគមន៍ ឲ្យបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់ និងត្រួតពិនិត្យដីសម្បទាន ដែលកំពុងប្រតិបត្តិការនៅកម្ពុជា។
ក្រុមអ្នកការពារបរិស្ថានទាំងនោះ បានលើកបដា និងពាក្យស្លោក ពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញ ធនធានធម្មជាតិព្រៃឈើ សត្វព្រៃ និងការសង់ទំនប់វារីអគ្គិសនីដែលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និង ធនធានទឹក។
កាលពីម្សិលមិញ ប្រជាពលរដ្ឋប្រមាណជា ៣០០នាក់ដែលតំណាងឲ្យពលរដ្ឋរស់នៅតាមទន្លេមេគង្គ និងតាមដៃទន្លេនៃប្រទេសថៃ វៀតណាម និងកម្ពុជាបានជួបប្រជុំគ្នាជាមួយនឹងអង្គការសង្គមស៊ីវិលនៅក្នុងវេទិកាថ្នាក់តំបន់មួយ ដើម្បីបង្ហាញពីក្តីកង្វល់ពាក់ព័ន្ធនឹងការសាងសង់ទំនប់វារីអគ្គិសនីថ្មីៗ នៅតាមដងទន្លេមេគង្គ និង ទន្លេនានានៅក្នុងកម្ពុជា។
នៅក្នុងប្រទេសកម្ពុជា ការលេចឡើងនូវគម្រោងវារីអគ្គិសនីថ្មីៗ ជាពិសេសគម្រោងសាងសង់វារីអគ្គិសនី សេសានក្រោម ២ បានបង្កើនក្តីកង្វល់ដល់ជីវិតដែលរស់តាមដងទន្លេនោះ។
យោងតាមរបាយការណ៍ស្រាវជា្រវលើសហគមន៍ជាង ៣៥កាលពីខែមិនា ឆ្នាំ២០១៣ របស់អង្គការ វេទិកាអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថា ទំនប់វារីអគ្គិសនីនៅតាមដងទន្លេបី គឺទន្លេសាសាន ទន្លេសេកុង ទន្លេស្រែពកនៅតំបន់ភាគឦសាន្តកម្ពុជា កំពុងនឹងបំផ្លាញជីវភាពរស់របស់ប្រជាពលរដ្ឋ និងធនធានធម្មជាតិនៅតាមតំបន់នោះ។
