Tuesday, 04 June 2013
Julie Masis
ភ្នំពេញ ប៉ុស្តិ៍

វត្ថុអនុស្សាវរីយ៍លក់នៅផ្សារទួលទំពូងដែលធ្វើពីកូនសត្វក្រពើញាស់ដែលគេញាត់ពោះដោយក្រណាត់ ឬសំឡីគ។ រូបថត Julie Masis
ភ្នំពេញ : ក្រឡេកមួយភ្លែតស្មានតែក្រពើជ័រ តែបើពិនិត្យឲ្យកៀកបន្តិច នោះគឺជាកូនក្រពើហាមាត់បង្ហាញធ្មេញស្រួចស្ញាញមែនទែនដែលត្រូវបានគេវះពោះញាត់សំឡី ហើយដេរភ្ជិតវិញ។ ទាំងនេះគឺជាទំនោរកំពុងពេញនិយមថ្មី នៅតាមតូបលក់វត្ថុអនុស្សាវរីយ៍ផ្សារទួលទំពូង។
នៅប្រទេសកម្ពុជា ការលក់សត្វក្រពើបែបនេះគឺមិនខុសច្បាប់ទេ ប៉ុន្តែក្រុមអ្នកអភិរក្សសត្វព្រៃមួយចំនួននៅតែបារម្ភថា ពពួកសត្វទាំងនោះអាចត្រូវបានគេសម្លាប់យ៉ាងឃោរឃៅដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរ។
ក្រពើញាត់សំឡីមួយក្បាលអាចមានតម្លៃពី៨ដល់១០០ដុល្លារឯណោះ ហើយតម្រូវការចេះតែកើនឡើងដោយភ្ញៀវភាគច្រើនគឺជាទេសចរចិន និងរុស្ស៊ី។
អ្នកនាង លីវ ពេជ្រវួច ជាអាជីវករម្នាក់នៅទីនោះបានបង្ហើបថា៖«របស់ធ្វើពីក្រពើងាប់នេះឡើងថ្លៃទៅៗ។ តែពីរឆ្នាំសោះ តម្លៃវាឡើង៥០ភាគរយហើយ»ស្ត្រីដែលអះអាងថាខ្លួនជាអ្នកផ្ដើមលក់ក្រពើងាប់ញាត់សំឡីមុនគេ បានឲ្យដឹងថា វត្ថុអនុស្សាវរីយ៍នេះពេញនិយមដោយសារតែវាជាការកែច្នៃថ្មី។
អ្នកនាង និងអាជីវករ២តូបទៀតបានឲ្យដឹងថា សត្វក្រពើងាប់ទាំងនេះគឺចេញពីកសិដ្ឋានចិញ្ចឹមក្រពើខេត្តសៀមរាប។
គំនិតមួយនេះកើតឡើងដោយសារតែកសិករខ្មែរឃើញប្រទេសជិតខាងដូចជា ថៃ និងវៀតណាម បានអនុវត្ត។
យោងតាមលោក លួន ណាំ ប្រធានសមាគមចិញ្ចឹមក្រពើ វត្ថុអនុស្សាវរីយ៍បែបនេះធ្លាប់មានលក់នៅផ្សាររាត្រីឯខេត្តសៀមរាប តាំងពីឆ្នាំ២០១០ម្ល៉េះ។ លោកថា៖«ពីមុនយើងចោលក្រពើងាប់ តែឥឡូវយើងអាចយកវាមកកែច្នៃ»។
កាលពីមុន មានតែក្រពើធំៗដែលអាចពន្លាត់យកស្បែកធ្វើកាបូប ស្បែកជើងទេ ដែលមានតម្លៃ តែឥឡូវក្រពើតូចៗក៏អាចលក់បានថ្លៃដែរ។ លោករំឭកដែរថា នៅឆ្នាំ២០១២ តម្លៃរបស់កូនក្រពើរស់ដែលកម្ពុជានាំទៅប្រទេសវៀតណាមបានធ្លាក់ថ្លៃ ដោយសារតែមានអ្នកចិញ្ចឹមក្រពើលក់ច្រើនពេក ដូច្នេះហើយទើបប្រជាជននាំគ្នាកែច្នៃកូនក្រពើធ្វើវត្ថុអនុស្សាវរីយ៍លក់ក្នុងស្រុកវិញ។ ក្រៅពីការធ្វើក្រពើញាត់សំឡីលក់ លោកបានសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជាមិនមានជំនាញយកស្បែកក្រពើកែច្នៃធ្វើជាស្បែកសម្រាប់ផលិតវត្ថុប្រើប្រាស់ផ្សេងៗនោះទេ។
ក្រពើញីមួយក្បាលអាចពងបាន៥០។ ដោយសារការឲ្យចំណីក្រពើត្រូវចំណាយច្រើនដូច្នេះម្ចាស់កសិដ្ឋានត្រូវតែលក់កូនក្រពើទើបនឹងញាស់។ នៅកសិដ្ឋានចិញ្ចឹមក្រពើ៦០០ក្បាល ម្ចាស់កសិដ្ឋានត្រូវចំណាយ១៧០០ដុល្លារសម្រាប់ការទិញសាច់ឲ្យក្រពើស៊ីរយៈពេល១០ថ្ងៃ។
លោកបានឲ្យដឹងថា ក្នុងចំណោមនោះក៏មានកូនក្រពើខ្លះងាប់ដោយសារជំងឺ ព្រោះតែទឹកស្អុយកខ្វក់ ព្រោះតែម្ចាស់របស់វាមិនដែលស្ដារ ឬប្ដូរទឹកថ្មី។
ប្រតិកម្មពីក្រុមអភិរក្សសត្វព្រៃអ្នកជំនាញផ្នែកសត្វព្រៃបានតតាំងថា សត្វទាំងនោះអាចស្លាប់ដោយសារការមិនយកចិត្តទុកដាក់ពីម្ចាស់កសិដ្ឋាន។
លោក នីក ម៉ាកស៍ នាយកអង្គការសម្ព័ន្ធភាពសត្វព្រៃ បាននិយាយថា៖«សត្វក្រពើមិនទំនងជាងាប់ដោយឯកឯងនោះទេបើម្ចាស់វាមើលថែល្អនោះ»។
អង្គការការពារសិទ្ធិសត្វ PETA បានចុះទៅពិនិត្យ និងអះអាងថា ស្ថានភាពសត្វក្រពើនៅកសិដ្ឋានគឺចង្អៀតណាស់ ដោយពួកវាស្ទើរតែរើខ្លួនមិនរួច។
អ្នកនាង អាស្លី ហ្វ្រូណូ អ្នកនាំពាក្យPETA អាស៊ីប៉ាស៊ីហ្វិក បាននិយាយថា៖«កន្លែងចង្អៀតអាចធ្វើឲ្យក្រពើខាំគ្នាដណ្ដើមចំណីរហូតដាច់មាត់ ឬដាច់ក្រញាំ ហើយម្ចាស់របស់វាមិនបានព្យាបាល»។
អ្នកនាងក៏សូមអំពាវនាវកុំឲ្យភ្ញៀវទេសចរទិញវត្ថុអនុស្សាវរីយ៍ដែលកែច្នៃពីជីវិតសត្វដូច្នេះដែរ។
យោងតាមអង្គការអន្តរជាតិ Flora and Fauna ពូជក្រពើព្រៃស្រុកខ្មែរកំពុងតែខិតទៅរកការផុតពូជ ដោយមានតែប្រមាណ២៥០ក្បាលប៉ុណ្ណោះរស់នៅក្នុងតំបន់ព្រៃដាច់ស្រយាលឯភ្នំក្រវាញ។
ទោះជាយ៉ាងណា លោក នីក ម៉ាកស៍ បានយល់ឃើញថា ពូជក្រពើដែលលក់នៅផ្សារទួលទំពូងអាចមិនមែនជាប្រភេទសត្វដែលជិតផុតពូជនោះទេ។
លោកបាននិយាយថា៖«ការលក់សត្វព្រៃនៅប្រទេសកម្ពុជា គឺជារឿងខុសច្បាប់ ប៉ុន្តែការចិញ្ចឹមសត្វក្រពើនៅកសិដ្ឋានគឺជារឿងស្របច្បាប់ដរាបណាម្ចាស់មានអាជ្ញាប័ណ្ណត្រឹមត្រូវ។ នៅក្នុងកសិដ្ឋានភាគច្រើនជាក្រពើកូនកាត់ទេ មិនមែនជាពូជក្រពើរស់នៅតំបន់ព្រៃភ្នំឡើយ។ចង់ដឹងច្បាស់ទាល់តែពិនិត្យឌីអិនអេ»។
ខណៈដែលវត្ថុអនុស្សាវរីយ៍នេះទទួលការពេញនិយមច្រើនក្ដី ក៏មានអតិថិជនមួយចំនួនមិនគាំទ្រការកែច្នៃនេះដែរ ដោយសារតែពួកគេបារម្ភខ្លាចសកម្មភាពនេះជំរុញឲ្យមានការសម្លាប់សត្វក្នុងរូបភាពឃោរឃៅ។
លោក បៀល ក្រូសៀ ជាគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ដែលដើរទិញអីវ៉ាន់នៅផ្សារទួលទំពូងបានបញ្ចេញទស្សនៈថា៖«វាពិតជារឿងមួយដ៏គួរឲ្យខ្មាសណាស់ ដែលត្រូវសម្លាប់ជីវិតសត្វដើម្បីយកវាមកធ្វើជាវត្ថុតាំងផ្ទះនោះ»៕

ព្រៃក៏រលត់សត្វក៏រលាយ អស្ចារ្យមហាសេនាបតីតេជោពិតជាមានសម្តថភាពដឹកនាំប្រទេសជាតិមែន !
សូមប្ីតែសំបុត្រឡានក្រុងឡើងថ្លៃរាល់ៗពេលបុណ្យទានម្តងៗក៏សម្តេចមិនអាចទប់ស្កាត់បានផង
ចុះទំរាំព្រៃឈើត់ឲ្យសម្តេចទប់ស្កាត់ដូចម្តេចទៅ? នេះបានចំជាសមត្ថភាពអស្ចារ្យ បោះឆ្នោតជូន CPP
ទៀតទៅបងប្អូនជនរួមជាតិ។
សត្វក្រពើចិញ្ចឹមសោះមិនដឹងជាបារម្ភដើម្បីអី មិនទំនង! ការគួរបារម្ភគឺរកទីផ្សារមិនបានទើបត្រូវ! បើដូច្នោះគួរបារម្ភពីជ្រូកផងទៅដែលត្រូវគេសំលាប់រាល់ថ្ងៃនោះ! សត្វចិញ្ចឹមដូចតែគ្នា។ អភុរក្សដូចឆ្កួត!