ថ្ងៃទី 5 មិថុនា 2013
ដោយ: រតនា
CEN
ភ្នំពេញ: នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣នេះ នៅទីស្តីការក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកយូជី គូម៉ារូ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីជំនួយឥតសំណង ដែលមានទឹកប្រាក់ ៣.៦១៣ លានយ៉េន (ស្មើនឹងប្រមាណ ៣៦ លានដុល្លារអាមេរិក) សំរាប់អនុវត្តគំរោងចំនួន ២ គឺ១.គម្រោងពង្រីក ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តកំពង់ចាម និងខេត្តបាត់ដំបង និង២.គម្រោងងអាហារូបករណ៍ អភិវឌ្ឍន៍ ធនធានមនុស្ស(ឆ្នាំសិក្សា២០១៣)។

នៅក្នុងពិធីចុះហត្ថលេខានេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានសម្តែងនូវសេចក្តីអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលផ្តល់នូវជំនួយឥតសំណងនេះ ជាពិសេសបញ្ហាប្រព័ន្ធទឹកស្អាត ដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម និងខេត្តបាត់ដំបង បានទទួលទឹកស្អាតប្រើប្រាស់ និងកាន់តែប្រសើរឡើងផងដែរ ពីព្រោះកន្លងមក ជំងឺមួយចំនួន បានឆ្លងមកពីទឹកដែលមិនសូវស្អាត។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះមន្ត្រីស្ថានទូតជប៉ុន ដែលបានបំពេញការងារយ៉ាងសកម្ម ជួយឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំ។
នៅក្នុងពិធីនោះដែរ លោកឯកអគ្គរាជទូតជប៉ុន បានមានប្រសាសន៍ថា លោកមានសេចក្តីរីករាយចំពោះការផ្តល់ជំនួយអភិវឌ្ឍន៍សង្គម ជាពិសេសបញ្ហាប្រព័ន្ធទឹកស្អាត ហើយរាជរដ្ឋាភិបាលជប៉ុន រីករាយបន្តជួយដល់កម្ពុជាលើវិស័យជាច្រើន។ ចំពោះវិស័យផ្តល់អាហារូបករណ៍ គឺជាវិស័យមួយដ៏សំខាន់ហើយប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា ហើយក៏ជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កាន់តែរឹងមាំ។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា ៖ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០១៣នេះ លោកឧបនាយករដ្ឋមន្ត្រី បានចុះហត្ថលេខាលើលិខិតប្តូរសារផ្តល់ជំនួយឥតសំណងរវាងកម្ពុជា និងជប៉ុន មានចំនួន ២ លើករួចមកហើយ លើកគំរោងចំនួន ៣ ដូច្នេះ (ពេលនេះជាលើកទី២ លើគំរោងចំនួន២) ដូច្នេះ ៦ ខែឆ្នាំ២០១៣មានចំនួន ៥ គំរោង ប៉ុន្តែបើបូកជាមួយលិខិតប្តូរសារលើឥណទានសម្បទានកម្ចីការប្រាក់ទាបផង នោះគឺជាការចុះហត្ថលេខាលើលិខិតប្តូរសារលើកទី៣។
លោកកុយ គួង បានបញ្ជាក់បន្ថែមថា ៖ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់ឆ្នាំ២០១២ មានចំនួន ២៧២ នាក់ និងបូកចំនួនអាហារូបករណ៍នៅឆ្នាំ២០១៣ ចំនួន ២៤ នាក់ទៀត ដូច្នេះនិស្សិតកម្ពុជា ទទួលអាហារូបកណ៍ មានចំនួន ២៩៦ នាក់។
ជាមួយគ្នានោះដែរ លោកអ្នកនាំពាក្យ បានប្រាប់ឲ្យដឹងផងដែរថា ៖ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុន នៅក្នុងឆ្នាំ២០១២ កន្លងមក មានចំនួនប្រមាណ ៨០០ លានដុល្លារអាមេរិក។ ចំពោះទំហំពាណិជ្ជកម្មវិនិយោគក្នុងឆ្នាំ២០១២ មានទំហំទឹកប្រាក់ចំនួន ២៥៩ លានដុល្លារាមេរិក៕