សុខ ពិសី សារភាព​ពី​ការ​ណាត់​ជួប​ប្រុស​ខ្មែរ​អាមេរិក

Wednesday, 05 June 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

130605_28b

សុខ ពិសី ចេញ​មុខ​បញ្ជាក់​ភាព​ស្អាត​ស្អំ​​​។ រូបថត សេត គឹមសឿន

ភ្នំពេញៈ ដំណើរ​វិល​មក​កាន់​ឆាក​សិល្បៈ​លាង​ភាព​អាស្រូវ​មាន​ផ្ទៃ​ពោះ​គ្មាន​ប្តី​មិន​ទាន់​នឹង​បាត់​ក្លិន​ផង ស្រាប់​តែ​ល្បី​តារាចម្រៀង​នាង​ សុខ ពិសី បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​បុរស​ខ្មែរ​រស់​នៅ​ប្រទេស​អាមេរិក​ហើយ​បាន​ណាត់​ជួប​គ្នា​នៅ​ភ្នំពេញ​ជា​ញឹកញាប់​ទៀត​ផង​។ ប៉ុន្តែ​យ៉ាង​ណា នាង​បាន​ទទួល​ស្គាល់​ថា នាង​ធ្លាប់​ជួប​បុរស​អាណិកជន​ខ្មែរ​អាមេរិក​នៅ​ភ្នំពេញ​មែន តែ​មិន​ជួប​ក្នុង​លក្ខណៈ​ស្នេហា​ឡើយ​។

មិន​ទាន់​ទាំង​បាន​កន្លះ​ឆ្នាំ​ស្រួលបួល​ផង ដែល​តារាចម្រៀង​យុវវ័យ​នាង សុខ ពិសី​ទទួល​បាន​ភាព​ស្រស់ស្រាយ និង​ក្តាប់​បាន​ឱកាស​ការងារ​សិល្បៈ​យ៉ាង​ជោកជាំ​វិញ​ក្រោយ​ពេល​នាង​រង​ការ​ចោទ​ប្រកាន់​យ៉ាង​អាម៉ាស់​ថា​មាន​ផ្ទៃ​ពោះ​ទាំង​ខ្លួន​មិន​ទាន់​មាន​ដំណឹង​ចូល​រោងការ​និង​សម្ងំ​លាក់​ខ្លួន​នោះ​។

នៅ​ដើម​ខែ​មិថុនា​នេះ​ខណៈ​ដែល​នាង​សុខ ពិសី​កំពុង​ត្រៀម​ចិត្ត​ត្រៀម​កាយ​ឡើង​គ្រង​តំណែង​ជា​តួឯក​ធំ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​ថ្មី ដែល​ផលិតកម្ម​សាន់ដេ​ផលិត​នោះ ស្រាប់​តែ​ផ្ទុះ​ចេញ​នូវ​ព័ត៌មាន​ថា តារាចម្រៀង​សម័យ​ថ្មី​នាង​សុខ ពិសី​មាន​ស្នេហា​លួចលាក់​ជាមួយ​បុរស​ខ្មែរ​រស់​នៅ​អាមេរិក​ដែល​អ្នក​ទាំង​ពីរ​ក៏​ឧស្សាហ៍​មាន​ឱកាស​ជួបគ្នា​នៅ​ភ្នំពេញ​ផង​ដែរ​។

ឆ្លើយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​កាល​ពី​ម្សិលមិញ សុខ ពិសី បាន​សារភាព​ថា​៖​«ក្រោយ​ពី​ខ្ញុំ​វិល​មក​ប្រឡូក​ក្នុង​ឆាក​សិល្បៈ​វិញ​នេះ ខ្ញុំ​ធ្លាប់​បាន​ជួប​អ្នក​មក​ពី​ក្រៅ​ស្រុក​មែន។ ខ្ញុំ​ធ្លាប់​ជួប​នឹង​បុរស​ខ្មែរ​អាមេរិក​ម្តង​ជា​ពីរ​ដង​ដែរ តែ​មិនមែន​ទៅ​ជួប​គាត់​តែ​ម្នាក់​ឯង​ទេ ខ្ញុំ​មាន​ឪពុក​និង​ក្រុម​គ្រួសារ​ទៅ​ដែរ ហើយ​បុរស​នោះ​គឺ​មិនមែន​គូ​ស្នេហ៍​អី​ណា​ទេ គឺ​ជា​អ្នក​ស្ពនស័រ​តារា​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​គាត់​ចង់​បាន​ខ្ញុំ​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ទើប​ខ្ញុំ​ទៅ​ជួប​នោះ​»។

នាង​បាន​បញ្ជាក់​ថា​៖​«មក​ដល់​ពេល​នេះ​ខ្ញុំ​មិន​ដែល​មាន​ស្នេហា​ជាមួយ​បុរស​ណា​អ្នក​ក្នុង​និង​ក្រៅ​ស្រុក​ណា​ឡើយ នៅ​ទទេ​ស្អាត​បេះដូង​បរិសុទ្ធ​ណាស់​មិន​ដូច​ពាក្យ​គេ​និយាយ​ទេ ខ្ញុំ​មិន​ទាន់​ចង់​មាន​ស្នេហា​ទេ ចង់​នៅ​ប្រឡូក​ក្នុង​សិល្បៈ​ឲ្យ​បាន​ច្រើន​ជាង​នេះ​»។

យ៉ាង​ណា​ក៏​ដោយ​នាង​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា វត្តមាន​នាង​វិល​មក​កាន់​សង្វៀន​សិល្បៈ​ក្រោយ​អវត្តមាន​ប្រមាណ​ជា​៥​ខែ​កាល​ពី​ដើម​ឆ្នាំ​២០១២ នោះ​មាន​សន្ទុះ​ខ្លាំង​ជាង​មុន។ នាង​បាន​អះអាង​ថា​៖​«​បន្ទាប់​ពី​ខ្ញុំ​វិល​មក​កាន់​ឆាក​សិល្បៈ​វិញ ទីផ្សារ​សិល្បៈ​ចម្រៀង​របស់​ខ្ញុំ​ហាក់​មាន​សន្ទុះ​ជាង​មុន​ឆ្ងាយ​និង​គួរ​ឲ្យ​កត់សម្គាល់​ទាំង​ការងារ​ក្នុង​ផលិតកម្ម ព្រម​ទាំង​ទំនាក់ទំនង​ចេញ​ទៅ​ក្រៅ​ស្រុក​»។ នាង​បន្ត​ថា​៖​«ក្រៅ​ពី​មាន​ស្ពនស័រ​នៅ​ក្រៅ​ប្រទេស​ចាប់​អារម្មណ៍​ច្រើន​ផង​នោះ ខ្ញុំ​ក៏​សង្កេត​ឃើញ​ដែរ​ថា​អ្នក​គាំទ្រ​ខ្ញុំ​នៅ​តែ​បន្ត​គាំទ្រ ហើយ​ច្រើន​ជាង​មុន​ទៀត​ផង»។

នាង​បញ្ជាក់​ថា​៖​«ប៉ុន្តែ​យ៉ាង​ណា​ខ្ញុំ​នៅ​មិន​ទាន់​មាន​ឱកាស​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​តាម​ការ​ទទូច​ចង់​បាន​របស់​ស្ពនស័រ​ណា​មួយ​នៅ​ឡើយ​ទេ​ព្រោះ​ខ្ញុំ​ជាប់​ការងារ​ក្នុង​ផលិតកម្ម​ច្រើន​ពិសេស​ជាង​នេះ​គឺ​ការ​ថត​ភាពយន្ត​ខ្នាតធំ របស់​ផលិតកម្ម ហើយ​ខ្ញុំ​ជា​តួឯក​ក្នុង​រឿង​នោះ​ផង​»៕

 

What Next?

Recent Articles