រមណីយដ្ឋាន​ធម្មជាតិ​ម៉ាយូរ៉ាហៀល​

Wednesday, 05 June 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

130605_22a

កន្លែង​អាង​ហែល​ទឹក​នៅ​ក្នុង​ទីតាំង​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ ម៉ាយូរ៉ា ហៀល ដែល​ព័ទ្ធ​ជុំវិញ​ដោយ​ធម្មជាតិ​ដ៏​ត្រកាល​។ រូបថត ហុង មិនា

មណ្ឌលគិរីៈ ដោយ​ភាព​ទាក់ទាញ​នៃ​សម្រស់​ព្រៃភ្នំ​និង​តំបន់​រមណីយដ្ឋាន​កម្សាន្ត​បែប​ធម្មជាតិ​នៃ​សម្រស់​ទឹកដី​ខេត្ត​មណ្ឌល​គិរី​នោះ​បាន​ជំរុញ​ឲ្យ​ក្រុម​គ្រួសារ​អ្នក​និយម​ដំណើរ​ទេសចរណ៍​តាម​បណ្តា​ខេត្ត​នានា​មួយ​គ្រួសារ​បាន​សម្រេច​បោះទុន​រាប់ម៉ឺន​ដុល្លារ​ភ្លាម​ៗ បង្កើត​ជា​រមណីយដ្ឋាន​ធម្មជាតិ​និង​សណ្ឋាគារ​មួយ​កន្លែង​យ៉ាង​ល្អ​ប្រណីត​ផុស​ឡើង​នៅ​លើ​ទឹកដី​កំពូលភ្នំ​ពណ៌​បៃតង​នៃ​ខេត្ត​មណ្ឌលគិរី​ដែល​មាន​ឈ្មោះ​ថា សណ្ឋាគារ​និង​រមណីយដ្ឋាន ម៉ាយូរ៉ា ហៀល ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ កាល​ពី​ថ្ងៃ​ទី​១​ខែ​មិថុនា ជា​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ​កន្លង​មក​នេះ​លោក ហូ សិទ្ធី​គុណ នាយក​សណ្ឋាគារ និង​រមណីយដ្ឋាន​នេះ​បាន​ឲ្យ​ដឹង​ថា​៖​«ម៉ាយូរ៉ា ហៀល​នេះ បើ​និយាយ​ទៅ​វា​កើត​ឡើង​ដោយ​ភាព​ចៃដន្យ​ទេ គឺ​កើត​ឡើង​ដោយសារ​សម្រស់ និង​មន្ត​ស្នេហ៍​ធម្មជាតិ​របស់​ខេត្ត​មណ្ឌលគិរី​នេះ​តែ​ម្តង​»។ លោក​បាន​រំឭក​ប្រវត្តិ​ថា​៖​«កាល​ពី​អំឡុង​មុន​ឆ្នាំ​២០០០​ខ្ញុំ​និង​ក្រុម​គ្រួសារ​បាន​ធ្វើ​ដំណើរ​មក​កម្សាន្ត នៅ​ខេត្ត​មណ្ឌលគិរី​នេះ ហើយ​ទទួល​បាន​អារម្មណ៍​ថា ទឹកដី​នេះ​មាន​ទេសភាព​ដ៏​សែនមនោរម្យ និង​មាន​ខ្យល់​អាកាស​បរិសុទ្ធ​ល្អ​គ្មាន​ខេត្ត​ណា​ប្រៀប​បាន​នោះ​ទេ និង​រួម​ទាំង​មាន​រមណីយដ្ឋាន​បែប​ធម្មជាតិ​ជា​ទី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ជាច្រើន​ផង​នោះ​ក៏​កើត​ចិត្ត​ដាក់​ទុន​បង្កើត​ជា​រមណីយដ្ឋាន​និង​សណ្ឋាគារ នេះ​ឡើង​ទៅ​»។


លោក ហូ សិទ្ធី​គុណ​បាន​បញ្ជាក់​ថា​៖​«សណ្ឋាគារ​និង​រមណីយដ្ឋាន​ម៉ាយូរ៉ា ចាប់​ផ្តើម​ផុស​រូបរាង​នៅ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ដែល​មាន​ទីតាំង​នៅ​ក្នុង​ភូមិ​ដើមស្រល់ ក្រុង​សែនមនោរម្យ​កាល​ពី​ឆ្នាំ​២០១០​»។

ជាមួយ​ការ​លើក​ឡើង​នេះ លោក​ហូ សិទ្ធី​គុណ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សណ្ឋាគារ និង​រមណីយដ្ឋាន ម៉ាយូរ៉ា ហៀល មាន​ចំនួន ១៤ បឹងកាឡូ ដាច់​ពី​គ្នា ដោយ​បន្ទប់​នី​មួយ​ៗ​រចនា​ឲ្យ​មាន​ភាព​ស្រស់​ប្រណីត​ខុស​ៗ​ពី​គ្នា ដែល​បំពាក់​ទៅ​ដោយ​គ្រឿង​បរិក្ខារ​ទំនើប​ៗ និង​ប្រកប​ទៅ​ដោយ​ផាសុកភាព​ខ្ពស់។ លោក​បាន​បន្ត​ថា នៅ​ក្នុង​រមណីយដ្ឋាន​ម៉ាយូរ៉ា ហៀល នេះ​ត្រូវ​បាន​បែងចែក​ជា​៣​ប្រភេទ ដែល​មាន​ជម្រើស​គ្រែ​១ និង​គ្រែ​២ ។ ប្រភេទ​ទី​១ superior villa មាន​ចំនួន​១០ បឹងកាឡូ។ ប្រភេទ​ទី​២ Family villa មាន​ចំនួន​៣ បឹងកាឡូ ដែល​មាន​ពីរ​បន្ទប់​គេង និង​បន្ទប់​ទទួល​ភ្ញៀវ​ធំ​សម្រាប់​គ្រួសារ។​ចំណែក​ឯ​ប្រភេទ​ទី​៣ Deluxe villa មាន​ចំនួន​៣​បឹងកាឡូ ដែល​បាន​រចនា​ម៉ូដ​យ៉ាង​ប្រណីត​ខុស​ពី​បឹងកាឡូ​ផ្សេង​ៗ»​។

បន្ថែម​លើស​នេះ​ទៀត​លោក ហូ សិទ្ធី​គុណ ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​៖​«សណ្ឋាគារ​និង​រមណីយដ្ឋាន ម៉ាយូរ៉ា ក៏​មាន​បម្រើ​នូវ សេវាកម្ម​ជាច្រើន​ទៀត​ជូន​ដល់​អតិថិជន មាន​ដូចជា​ភោជនីយដ្ឋាន អាហារ​បែប​ខ្មែរ និង​អឺរ៉ុប​កន្លែង​កម្សាន្ត​សម្រាប់​កុមារ អាង​ហែល​ទឹក​តារាង​បាល់ទះ​តារាង​បាល់ទាត់ ការ​រៀបចំ​ដំណើរ​កម្សាន្ត​ជូន​ដល់​ភ្ញៀវ រួម​ទាំង​បម្រើ​នូវ​សេវាកម្ម​ផ្សេង​ទៀត​ផង​ដែរ​»។

លោក​បាន​បញ្ជាក់​ទៀត​ថា​៖​«​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​សណ្ឋាគារ និង​រមណីយដ្ឋាន​ម៉ាយូរ៉ាហៀល យើង​ខ្ញុំ​នឹង​ដាក់​បម្រើ​បងប្អូន​អតិថិជន​នូវ​កន្លែង​ជិះ​សេះ​និង​កន្លែង​ហាត់ប្រាណ ដែល​មាន​បំពាក់​នូវ​ឧបករណ៍​សម្រាប់​ហាត់ប្រាណ​ដ៏​ទំនើប​ជាច្រើន​»​។

យ៉ាង​ណា​ក៏​ដោយ​ការ​បង្កើត​ឲ្យ​មាន​សណ្ឋាគារ​និង​រមណីយដ្ឋាន ម៉ាយូរ៉ា នៅ​លើ​ទឹកដី​ដែល​ប្រកប​ដោយ​សក្តានុពល​ទេសចរណ៍​ទាក់ទាញ​យ៉ាង​សម្បូរ​បែប​នៅ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី​នេះ ត្រូវ​បាន​នាយក​សណ្ឋាគារ​ដែល​ទើប​ប្រសូត​រូប​នេះ​អះអាង​ថា​ការ​បង្កើត​រមណីយដ្ឋាន​ធម្មជាតិ​នេះ មិនមែន​សំដៅ​តែ​លើ​ផល​ចំណេញ​នៃ​មុខ​ជំនួញ​តែ​មួយ​មុខ​នោះ​ឡើយ​។ លោក​ហូ សិទ្ធី​គុណ បាន​បញ្ជាក់​ថា​៖​«​ទាំង​នេះ​ក៏​ជា​ការ​រួម​ចំណែក​អភិវឌ្ឍ​នៅ​ខេត្ត​មណ្ឌលគិរី​នេះ​ផង​ដែរ ហើយ​ក៏​ជា​ការ​សម្រួល​នូវ​រាល់​សេវា​ផ្សេង​ៗ​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​បាន​មក​កម្សាន្ត​នៅ​ទី​នេះ​»៕​

 

What Next?

Recent Articles