ថ្ងៃទី 8 មិថុនា 2013
ដោយ: ម្លឹះ
CEN
ភ្នំពេញ:
ទោះជាតារាសម្តែងសម្បុរខ្មៅស្រអែម កញ្ញា សារ៉ាយ សក្ខណា ប្រកាសរឿងចូលរោងការ និងបញ្ចប់អាជីពសិល្បៈ នាពេលខាងមុខនេះក្តី ក៏មិនធ្វើឲ្យប៉ះពាល់ ឬក៏ធ្លាក់ប្រជាប្រិយភាព និងបាត់បង់ឱកាសសម្តែងរបស់ខ្លួននោះទេ ។
តារាសម្តែងស្រីដែលទស្សនិកជនបានដឹងគ្រប់គ្នាថា កំពុងតែត្រៀមខ្លួនចូលរោងការជាមួយបុរសអាណិកជនខ្មែរ- អាមេរិក កញ្ញា សារ៉ាយ សក្ខណា បើទោះបីជានាង ធ្លាប់ចេញមុខប្រកាសយ៉ាងក្តែងៗ ប្រាប់ដល់អ្នកគាំទ្រថា នាងនឹងបញ្ចប់អាជីពសិល្បៈ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ ។ ក៏ប៉ុន្តែការប្រកាសដោយបើកចំហនេះ មិនបានធ្វើឱ្យនាងធ្លាក់ប្រជាប្រិយភាព និងបាត់បង់ឱកាសសម្តែងនោះឡើយ ។ ផ្ទុយទៅវិញ ទាំងកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់នាង គឺកាន់តែមានសន្ទុះហក់ឡើងជាលំដាប់ ។
កាលពីឆ្នាំទៅ នាងសារ៉ាយ សក្ខណា ក៏ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋានមើលឃើញថា នាងគឺជាតារាសម្តែងស្រីមួយដួង ដែលលេចធ្លោជាងគេ ហើយក៏មានអាទិភាពច្រើនជាងគេផងដែរ ។
ក្នុងការដើរតួសម្តែង សារ៉ាយ សក្ខណា បានគ្រងតំណែងជាតួឯក នៅក្នុងខ្សែរឿងភាគ ព្រមទាំងខ្សែរឿងខ្នាតធំឱ្យបណ្តាផលិតកម្មតូចធំមួយចំនួន ដូចជា ថ្មីនេះៗរឿងដែលនាងដើរតួ ត្រូវបានដាក់បញ្ចាំងតាមបណ្តារោងកុន គឺរឿង “កុមារី២៥ឆ្នាំវគ្គ២ ” ។ ទោះយ៉ាងណា សារ៉ាយ សក្ខណា ក៏មានវត្តមាននៅក្នុងបណ្តាស្ប៉តពាណិជ្ជកម្មជាច្រើនផងដែរ ។
កញ្ញា សារ៉ាយ សក្ខណា គ្រោងរៀបចំពិធីអាពាហ៍ពិពាហ៍នៅអំឡុងខែធ្នូ ឆ្នាំ២០១៣ ខាងមុខនេះ ជាមួយនឹង លោក កែវ មេត្រី ដែលមានមុខងារជាមេធាវី ហើយបច្ចុប្បន្ន គូស្នេហ៍របស់នាងម្នាក់នេះ កំពុងរស់នៅឯសហរដ្ឋអាមេរិក ។
ចំពោះការចំណាយ សារ៉ាយ សក្ខណា ធ្លាប់ប្រកាសថា ពិធីមង្គលការរបស់នាងជាមួយលោកមេធាវីម្នាក់នេះ គ្រោងចំណាយលុយរហូត១០ម៉ឺនដុល្លារ ដើម្បីឱ្យពិធីមង្គលការនេះ មានភាពអធិកអធម ។ ក្រោយពីបញ្ចប់ភាពនៅលីវ ស្របតាមប្រពៃណីហើយនោះ នាងនឹងចាកចេញពីប្រទេសកំណើត ទៅរស់នៅជាមួយស្វាមី ហើយនឹងបញ្ចប់ទាំងស្រុងពីអាជីពសិល្បៈ ៕


o.jpg)