តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ថ្កោលទោស​រដ្ឋសភា​ថា​គ្មាន​តម្លាភាព

សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា កាល​ពី​ថ្ងៃ​សុក្រ ទី៧ មិថុនា ថា រដ្ឋសភា​បាន​ដក​តួនាទី​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ចំនួន ២៩​រូប ដោយសារ​តំណាង​រាស្ត្រ​ទាំង​នោះ​បាន​ផ្តាច់​ខ្លួន​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ។

ដោយ យន់ សាមៀន
2013-06-08
RFA


ស្តាប់សំឡេង ថតសំឡេង

តំណាង​រាស្ត្រ​សម​រង្ស៊ី ៣០៥

សមាជិក​សភា​គណបក្ស​សមរង្ស៊ី​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា ដោយ​ឈរ​នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១៦ វិច្ឆិកា ២០០៩ (RFA/Sok Serey)

ការ​ដក​តួនាទី​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ស្ងាត់ៗ​នេះ ធ្វើ​ឡើង​ចំ​ពេល​រដ្ឋសភា​បាន​អនុម័ត​ច្បាប់​កាត់​ទោស​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម។ អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​ថា យុទ្ធនាការ​ប្រឆាំង​គណបក្ស​ប្រឆាំង ធ្វើ​ឡើង​ដើម្បី​គាប​សង្កត់​ផ្នែក​នយោបាយ​លើ​គណបក្ស​ប្រឆាំង មុន​ការ​រៀបចំ​ការ​បោះឆ្នោត​ខែ​កក្កដា ខាង​មុខ។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ថ្កោលទោស​រដ្ឋសភា​ដែល​បាន​បណ្ដេញ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន ២៩​រូប មក​ពី​គណបក្ស សម រង្ស៊ី និង សិទ្ធិ​មនុស្ស ដោយ​គ្មាន​តម្លាភាព។

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក ជា ប៊ូច មាន​ប្រសាសន៍​ថា រដ្ឋសភា​បាន​រំលោភ​ច្បាប់​ដែល​បាន​បណ្ដេញ​តំណាង​រាស្ត្រ​ដោយ​ស្ងាត់ៗ ហើយ​រហូត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​បាន​ជូន​ដំណឹង​ឲ្យ​តំណាង​រាស្ត្រ ដែល​បាន​បាត់​បង់​តំណែង​ដឹង​ពី​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋសភា។

ប្រតិកម្ម​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​គណៈកម្មាធិការ​ទំនាក់​ទំនង​កិច្ចការ​បរទេស​នៃ​រដ្ឋសភា លោក ឈាង វុន បាន​ប្រាប់​អង្គ​សភា កាល​ពី​ថ្ងៃ​សុក្រ ថា រដ្ឋសភា​មិន​អាច​ទទួល​ការ​ស្នើសុំ​អ្វី​ទាំងអស់​ពី​គណបក្ស​ប្រឆាំង ដោយសារ​តែ​តំណាង​រាស្ត្រ​គណបក្ស​ត្រូវ​បាន​បញ្ចប់​តួនាទី​ក្នុង​រដ្ឋសភា។

លោក ជា ប៊ូច នៅ​តែ​អះអាង​ថា ទាំង​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស មិន​បាន​ដឹង​ព័ត៌មាន​ទាំង​ស្រុង​ពី​រដ្ឋសភា ដែល​បាន​សម្រេច​ដក​ហូត​តួនាទី​របស់​ពួក​គេ៖ «ខ្ញុំ​យល់​ឃើញ​ថា សភា​សព្វថ្ងៃ​នេះ គាត់​ធ្វើ​អ្វី​មួយ​ឲ្យ​តែ​ចិត្ត​ចង់ ធ្វើ​មិន​ស្រប ឬ​ស្រប​ច្បាប់​ក៏ដោយ»

តំណាង​រាស្ត្រ​សភា​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​បុគ្គល​ទាំង​ឡាយ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ សេចក្ដី​ស្នើ​ច្បាប់​ដែល​មាន ៥​មាត្រា​នេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា ធ្វើ​ឡើង​យ៉ាង​តក់ក្រហល់​ក្នុង​រយៈពេល ២​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ស្នើ​ច្បាប់​នេះ​ឡើង។

តំណាង​រាស្ត្រ​ភាគ​ច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​គាំទ្រ​ដោយ​ឯកច្ឆន្ទ ៨៦ លើ ៨៦ ដោយ​គ្មាន​ការ​ចូលរួម​ពី​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង។

ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈពេល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ នៅ​មាត្រា​២ ចែង​ថា រាល់​ការ​មិន​ទទួល​ស្គាល់ ឬ​ការ​សម្រាល ឬ ការ​បដិសេធ​ឧក្រិដ្ឋកម្ម​ក្នុង​រយៈពេល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​ផ្ដន្ទាទោស​ជន​នោះ​ដាក់​ពន្ធនាគារ​ពី ៦​ខែ ទៅ ២​ឆ្នាំ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ជា​អ្នក​ស្នើ​ច្បាប់​ព្រមាន​ថា ប្រសិន​បើ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឬ​បុគ្គល​ណា​មួយ​មិន​ទទួល​ស្គាល់​របប​ខ្មែរ​ក្រហម ពួក​គេ​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់។

សេចក្តី​ថ្លែងការណ៍​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ច្បាប់​ប្រឆាំង​នឹង​បុគ្គល​ទាំង​ឡាយ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គ្មាន​សុពលភាព​ឡើយ ដោយសារ​តែ​រដ្ឋសភា​អស់​សុពលភាព ដោយសារ​សភា​បច្ចុប្បន្ន​គ្មាន​តំណាង​រាស្ត្រ​គ្រប់​ចំនួន ១២៣​នាក់។ គណបក្ស​នេះ​បាន​សម្ដែង​ការ​ខក​ចិត្ត ដែល​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋសភា បដិសេធ​មិន​ព្រម​ពន្យារ​ពេល​អនុម័ត​ច្បាប់ ដើម្បី​សិក្សា​ឲ្យ​គ្រប់គ្រាន់។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ទង្វើ​របស់​រដ្ឋសភា​បាន​រំលោភ​សិទ្ធិ​ពលរដ្ឋ ដែល​បាន​ជ្រើស​រើស​តំណាង​រាស្ត្រ​ទាំង ២៩​រូប។ លោក​បន្ត​ថា គ្មាន​ច្បាប់​ណា​អាច​រំលាយ​សមាជិក​ភាព​របស់​តំណាង​រាស្ត្រ​ឡើយ លុះត្រា​តែ​សភា​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង។

ការ​អនុម័ត​ច្បាប់​ថ្មី​ចំ​ពេល​ដែល​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​រវាង​ប្រធាន​គណបក្ស លោក សម រង្ស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត នៅ​ប្រទេស​សិង្ហបុរី នៅ​ដើម​សប្ដាហ៍​នេះ។ លោក កឹម សុខា បាន​មក​ដល់​ប្រទេស​កម្ពុជា វិញ កាល​ពី​រសៀល​ថ្ងៃ​សុក្រ ដោយ​មាន​ក្រុម​កង​ការពារ​សន្តិសុខ​ខ្ពស់។ លោក​មិន​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ឡើយ។

ការ​ប្រុង​ប្រយ័ត្ន​សន្តិសុខ លោក កឹម សុខា ដោយសារ​នៅ​ចុង​សប្ដាហ៍​ក្រោយ​នេះ ជន​រងគ្រោះ​របប​ខ្មែរ​ក្រហម​ប្រមាណ ២​ម៉ឺន​នាក់ គ្រោង​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ចំពោះ​អត្ថាធិប្បាយ​លោក​ទាក់ទង​នឹង​របប​ខ្មែរ​ក្រហម។

សេចក្តី​ថ្លែងការណ៍​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​កិច្ច​ប្រជុំ​នៅ​ប្រទេស​សិង្ហបុរី បញ្ជាក់​ថា នយោបាយ​ញុះញង់​ពី​សំណាក់​គណបក្ស​នយោបាយ​មួយ​ចំនួន បាន​បង្ក​ឲ្យ​មាន​ការ​រើសអើង ដែល​មិន​អាច​ឲ្យ​ប្រទេស​កម្ពុជា មាន​ស្ថិរភាព និង​សន្តិភាព។ គណបក្ស​នេះ​ប្រកាស​ជំហរ​គណបក្ស​ថា​នឹង​ប្រកាន់​គោល​នយោបាយ​ឯកភាព​ជាតិ បង្រួប​បង្រួម​ជាតិ ផ្សះផ្សា​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



What Next?

Recent Articles

6 Responses to "តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ថ្កោលទោស​រដ្ឋសភា​ថា​គ្មាន​តម្លាភាព"

  1. រាស្រ្តរងកម្ម says:

    This is the legal state of Cambodia’s kind…….; only 1 in the world, that is the kingdom of wonderings!

  2. Khmer Family says:

    ឡា ឡា ឡា ឡា ឡា មកដល់ហើយតើ! ហា ហា ហា ថ្ងៃស្អែកនេះ កូនបាតុកម្មគ្រប់ទីកន្លែងទូទាំងប្រទេស មិនក្រោម ៥០០.០០០ នាក់ទេ នឹងស្វាគមន៏ កឹម សុខា យកល្អថែមអង្គរក្សអោយបានច្រើនជាងនេះបន្ថែមទៀត ក្រែងលោសមត្ថកិច្ចគាត់ទប់ទល់មិនជាប់

    .

  3. មេទ័ព-បាញ់ទា says:

    សមាជិកសភារបស់គណបក្សប្រជាជនមានតម្លាភាពតែខាងសម្រេចច្បាប់ណាដែលជាច្បាប់រក
    ប្រយោជន៍ឱ្យបក្សខ្លួន តែវាជាប្រយោជន៍ដែលបំផ្លាញផលប្រយោជន៍ជាតិ ។ ខ្ញុំតែងសម្គាល់
    ឃើញថានៅរៀងរាល់ពេលដែលគណបក្សប្រឆាំងលើកការបកស្រាយបង្ហាញហេតុផលជាក់
    ស្តែងខ្លះ…ដូចជាប្រាក់វិស័យទេសចរអង្គរវត្ត ឬក៏ប្រាក់្ចខ្ចីបរទេសដែលថាយកមកកសាងជាតិ
    តែហ៊ុន សែនបែរជាយកទៅចំណាយខុសរឿង ដូចជាទិញរថក្រោះការពារនិងពង្រឹងអំណាចខ្លួន
    ពួកគេក៏ហាក់រសាប់រសល់ សម្លឹងមុខគ្នាឡឹងឡង់ លោកជំទាវវិញក៏ចាប់ផ្តើមរមាស់… យូរៗទៅ
    ខ្ញុំចេះតែឆ្ងល់តើសមាជិកសភារបស់គណបក្សប្រជាជនជាសត្វស្អីដែរហ្ន! ដែលមិនមានសតិ
    សម្បជញ្ញៈគ្រប់គ្រាន់ ល្មមយល់ឱ្យបានថាអ្វីវាជាប្រយោជន៍ជាតិ អ្វីវាជាមិនមែន ។ ពួកគេគិត
    តែប្រយោជន៍បក្សនិងប្រយាជន៍ផ្ទាល់ខ្លួន ។ ថាហ៊ុន សែនចុះជាក្មេងពាល មិនបានរៀនសូត្រ
    ជ្រៅជ្រះ បន្ទាប់មកក៏ចូលធ្វើជាឃាតករជាមួយខ្មែរក្រហម–ខ្ញុំសូមបញ្ជាក់ថា ‹‹កងឈ្លប››
    គឺជាកងដែលលបចាប់ជនគ្មានកំហុស យកទៅប្រឌិតទោស ហើយក៏សម្លាប់ចោល …
    ហ្នឹងគ៊ជាកាតព្វកិច្ចរបស់កងឈ្លបដូចហ៊ុន សែន–ចុះអស់លោកបញ្ញវ័ន្ត បណ្ឌិតមហាបរិញ្ញា
    ហេតុអីក៏លុតក្រាបសំពះហ៊ុន សែនដែរ…វាគ៊មកតែពីអានុភាពម្យ៉ាងដែលជម្រុញពួកគេ
    ឱ្យលក់ខួរបាន៖ មហិច្ឆតាស្វែងរកលាភទាំងថោកទាប! ហើយក៏នាំ្នគ្នារស់យ៉ាងសប្បាយនៅ
    លើសេចក្តីទុក្ខរបស់ពលរដ្ឋខ្មែរក្រីក្រ ។ ជារឿយៗ ពួកគេតែងនិយាយថាពលរដ្ឋខ្មែរភាគ
    ច្រើនកំពុងរស់នៅយ៉ាងសប្បាយតាមគន្លងការអភិវឌ្ឍន៍ដ៏រុងរឿងរបស់សម្តាចម៍ហើយ…សុំសួរថា
    បើភាគច្រើនកំពុងរុងរឿងហើយ ម្តេចឡើយមិនជួយស្តួយមនុស្សភាគតិចហ្នឹងឱ្យវាបាន
    ឡើងប្រដំប្រសងគ្នាផងទៅ?…និយាយឱ្យតែបានឮទេដឹង…? បញ្ហាដីធ្លីបានកើតរាលដាលស្ទើរតែ
    គ្រប់ខេត្ត រដ្ឋាភិបាលដែលជាអ្នកបង្កើតបញ្ហាអត់ចេដោះស្រាយ…ក៏ហ្វូងស្វានៅក្នុងសភា
    មិនតែងច្បាប់សំខាន់ហ្នឹងឱ្យចេញជាធរមាន យកមកផ្តន្ទាទោសបនឈ្មួញទុច្ចរិតផងទៅ???

  4. ក្មេងវត្ត says:

    ខ្ញុំសូមចូលរួមមតិលើកឡើងរបស់លោក មេទ័ព.បាញ់ទា ១០០% មតិលោកគឺពិតជាល្អត្រឹមត្រូវ
    និងជាការពិតទាំងអស់។

  5. ក្មេងល្ងង់របស់បង says:

    ខ្ញុំសូមចូលរួមមតិលើកឡើងរបស់លោក មេទ័ព.បាញ់ទា ១០០% មតិលោកគឺពិតជាល្អត្រឹមត្រូវ
    និងជាការពិតទាំងអស់។

  6. មហាលោតផ្លោះមហាហោះផ្លោងមហាបំផ្លាញ says:

    ១៩៧០ជយោសាដេចអូវអាណាមិនទៅដុតផ្ទះ!!!
    ១៩៧៥ជយោមហាលោតផ្លោះមហាឡប់អាណាមិនឡប់តាមបាត់ខ្លួន!!!
    ២០១៣ជយោសាដេចដេជោអាណាមិនជោជាប់គុកបាញ់ចេតរ៉ូយ!!!

    musica gratis