នៅឯខេត្តបាត់ដំបង មានមហាជនជាង ១ពាន់នាក់ គ្រោងធ្វើបាតុកម្មទាមទារឲ្យលោក កឹម សុខា សុំទោសជាសាធារណៈ ចំពោះអ្វីដែលគេគិតថាលោក កឹម សុខា បានធ្វើឲ្យប៉ះទង្គិចទឹកចិត្តអារម្មណ៍របស់ជនរងគ្រោះ ដែលបានឆ្លងកាត់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។
ដោយ សួន សុផលមុន្នី
2013-06-08
RFA
ប៉ុន្តែ មន្ត្រីគណបក្សប្រឆាំងលើកឡើងថា ការធ្វើបាតុកម្មនោះ គឺជាឈុតឆាកដែលរៀបចំឡើងដើម្បីកេងចំណេញខាងផ្នែកនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
មនុស្សជាង ១ពាន់នាក់ នឹងរួមគ្នាធ្វើបាតុកម្មដោយអហិង្សានៅថ្ងៃទី៩ ខែមិថុនា នៅក្នុងបរិវេណវត្តពោធិ៍ក្នុង ចំកណ្ដាលទីក្រុងបាត់ដំបង ដើម្បីទាមទារឲ្យលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ សុំទោសជាសាធារណៈចំពោះពាក្យសម្ដីរបស់លោកដែលថ្លែងថា គុកទួលស្លែង ជាកន្លែងសិប្បនិម្មិតដែលរៀបចំឡើងដោយប្រទេសវៀតណាម។
ប្រភពព័ត៌មាន ឲ្យដឹងថា ការជួបជុំគ្នានៅវត្តពោធិ៍ក្នុង នោះពុំមានការដង្ហែក្បួនទេ តែមានសេចក្ដីថ្លែងការណ៍ប្រឆាំងនឹងលោក កឹម សុខា ដែលនិយាយថា គុកទួលស្លែង ជាកន្លែងសិប្បនិម្មិត។ ការធ្វើបាតុកម្មនេះ គឺស្របគ្នានឹងបាតុកម្មជាច្រើនកន្លែងផ្សេងគ្នានៅតាមបណ្ដាខេត្តក្រុង ក្នុងប្រទេសកម្ពុជា។
មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា ការអនុវត្តច្បាប់ស្ដីពីការធ្វើបាតុកម្មនៅប្រទេសកម្ពុជា ហាក់ពុំស្មើភាពគ្នានោះឡើយ។ រាល់ការស្នើសុំធ្វើបាតុកម្មរបស់សមាគម សហជីព អង្គការមិនមែនរដ្ឋាភិបាល និងគណបក្សប្រឆាំង ត្រូវគេលើកហេតុផលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខដល់អ្នកដំណើរជាដើម។
អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក ស៊ុន តឹក ថ្លែងថា តាមការអង្កេតតាមដានរបស់លោក មើលឃើញថា ការធ្វើបាតុកម្មនេះទំនងពុំមែនកើតចេញពីឆន្ទៈរបស់មហាជនទាំងអស់នោះទេ។ យ៉ាងណាក៏អង្គការលីកាដូ អះអាងថានឹងតាមឃ្លាំមើលការធ្វើបាតុកម្មនេះ។
លោកឧត្ដមសេនីយ៍ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បញ្ជាក់ថា សមត្ថកិច្ចបានត្រៀមកម្លាំងប៉ូលិស ដើម្បីការពារសន្តិសុខនៅថ្ងៃអាទិត្យ ទី៩ មិថុនា ចៀសវាងការកើតមានអំពើហិង្សា៖ «អត់ឲ្យពួកគាត់ធ្វើហួសពីការពីច្បាប់អនុញ្ញាតទេ ចង់និយាយថា តិចទៅប្រើអំពើហិង្សា អាហ្នឹងអត់បានទេ ប៉ុន្តែតាមច្បាប់ យើងអនុញ្ញាតខាងណាគេធ្វើក៏យើងអនុញ្ញាតដែរ ឲ្យតែត្រូវតាមច្បាប់»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងទៅនេះ បានប្រកាសប្រឆាំងនឹងការថ្លែងរបស់លោក កឹម សុខា ដែលនិយាយថា គុកទួលស្លែង ជាកន្លែងសិប្បនិម្មិតរៀបចំឡើងដោយវៀតណាម។ ប៉ុន្តែ លោក កឹម សុខា និងមន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងថា រឿងនេះជាការប្រឌិតដើម្បីកេងចំណេញខាងផ្នែកនយោបាយ។ ការធ្វើបាតុកម្មនេះ ត្រូវគេសង្ស័យថា គណបក្សប្រជាជនកម្ពុជា ជាអ្នករៀបចំឡើង។
ប៉ុន្តែលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តបាត់ដំបង និងមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានបដិសេធថា ការធ្វើបាតុកម្មនេះជាឆន្ទៈរបស់មហាជន៖ «ព្រោះអាហ្នឹងជារឿងមួយដែលគេផ្សារភ្ជាប់ជាមួយក្រុមគេទាំងអស់ទូទាំងប្រទេសហ្នឹង ប៉ុន្តែរឿងនេះជារឿងរបស់ប្រជាពលរដ្ឋទេ គណបក្សមិនមានគោលការណ៍ទេត្រង់ប្រជាពលរដ្ឋទៅជាសមាជិករបស់គណបក្សណា ខ្ញុំអត់ដឹងទេ»។
មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបាត់ដំបង លោក ជា ជីវ យល់ថា ការធ្វើបាតុកម្មនេះ គឺដោយសារមានអនុសាសន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជារឿងនយោបាយនៅពេលការបោះឆ្នោតជិតចូលមកដល់៖ «សារព័ត៌មានក៏ដូចជាសង្គមហ្វេសប៊ុក (Facebook) បានបញ្ជាក់ថា ការចូលរួមហ្នឹងដោយសារតែមានការបង្ខំទិញទឹកចិត្ត ហើយពេលខ្លះគឺមានជួលមនុស្សដើម្បីចូលរួមផង។ អ៊ីចឹង ខ្ញុំជឿជាក់ថា អ្វីដែលធ្វើគឺជាការរៀបរបស់គណបក្សកាន់អំណាច ដើម្បីគាបសង្កត់គណបក្សជំទាស់នៅពេលយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតខាងមុននេះ»។
មន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងថា ខ្សែអាត់សំឡេងស្ដីពីការថ្លែងសារនយោបាយរបស់លោក កឹម សុខា ក្នុងពេលជួបជុំជាមួយសកម្មជនគណបក្សនៅមូលដ្ឋាននោះមានភាពផ្ទុយគ្នា។ ចំពោះខ្សែអាត់សំឡេងដែលគណបក្សប្រជាជនកម្ពុជា រកឃើញថាមានកំហុសនោះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែឧសភា នៅខេត្តព្រៃវែង។ ប៉ុន្តែ មន្ត្រីគណបក្សប្រឆាំងអះអាងថា នៅថ្ងៃទី១៨ ឧសភា នោះ លោក កឹម សុខា ជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ស្ថិតនៅឯខេត្តកំពង់ចាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
សូមកុំប្រើល្បិចឈឺ សាច់ យក មកលប់លាង នៅភាពអាម៉ាស់ របស់ខ្លួន អោយ សោះ ។
សង្ស័យ តែ យកល្បិច ឈឺសាច់ មកប្រើនៅពេលនោះទេមើលទៅ ដើម្បី កែខៃ នៅ ភាព អាម៉ាស់របស់
ខ្លួន ទេ មើលទៅ ។
សូមបងប្អូនអ្នកចូលរួម ធ្វើបាតុករទាំង អស់ មេត្តាប្រុង ប្រយ័ត្នផង ពីព្រោះវា អាច នឹងកើតឡើង
ក៏ថាបាន ដែរ។
បើវាគ្មិនអ្នកណា ដែលបាន អានហើយ សូម មេត្តា ជួយ ផ្សព្វផ្សាយ បន្តគ្នា ផង ចុះ ទុកគ្រាន់ បង្កាទុក ក្រែង វា នឹងមាន ហេតុការណ៏ហ្នឺងកើត ឡើង មែន ។
ប្រយ័ត្នល្បិចព្រួញ មួយបាញ់បាន សត្វពីរ
ទីមួយ គឺ គេ បាញ់ ទៅ លើគណះបក្សប្រឆាំង
ទីពីរ គឺ គេ បាន កែខៃ ខ្លួនគេ ដើម្បី បំភាន់ ភ្នែក ជាតិ និង អន្តរជាតិ ថា គេ ជាអ្នកគោរព
ប្រជាធិបតេយ្យ ពឹតប្រាកដ ក្នុង ន័យ ជានុយ ស្ទួច អោយ គេទាំងអស់គ្នា ជឿជាក់និង គាំ ទ្រ គេក្នុង
ពេលបោះឆ្នោត ។
តែ អ្នកដែលត្រូវរងគ្រោះពឹតប្រាកដ គឺ ក្រុម បាតុករ ទាំង អស់នោះ ទេ បើ សិន គេប្រើ ល្បិចនេះ មែន ។
ក្រែងអួតថាមានសមាជិកបក្សប្រជាជននិងអ្នកគាំទ្រជាង៥លាននាក់ហ្អី,ចុះមេចមានតែមនុស្សតែ
២ម៉ឺននាក់ប៉ុណ្ណឹង ដូចឆ្ងល់ដល់ហើយ។
សព្វថ្ងៃពេលបើកទូរទស្សមើល បើគេឃើញ ហ៊ុន សែន និយាយគេប្តូរប៉ុស្តឬបិទតែម្តង
ព្រោះគេធុញនឹងសម្លេងព្រុសជេរគេជេរឯង មួលបង្កាច់គេគ្មានឈប់ឈរ។
បើពួកអាម៉ីអាថោងទៀត ប្រជាពលរដ្ឋហៅថាអាឆ្កែបម្រើ នាំគ្នាលូតាមកញ្ចក់ទូរទស្ស
រំខាន អារម្មណ៍គេឯង ដើម្បីបានឆ្អឹងអង្គាម។
ជុំ ម៉ី ប្រកាសប៉ុន្មានថ្ងៃមុននេះឱ្យប្រជាពលរដ្ឋចូលរួមធ្វើបាតុកម្ម គ្មានអ្នកណាទៅយក
ចិត្តទុកដាក់ទេ អញ្ចឹងហើយបានជាត្រូវលើកពីថ្ងៃទី៤ មកដល់ថ្ងៃទី ៩វិញ ។ព្រោះចាំ
ហ៊ុន សែន ប្រាប់ឱ្យកូនចៅជួយកែនប្រមូល និងជួលអ្នកចូលរួមបាតុកម្មឱ្យបានសិន។ ជុំ ម៉ី ឯណាទៅអាចទំនាក់ទំនងប្រជាពលរដ្ឋទូទាំងប្រទេសបាន។
ជុំម៉ីគួរតែចូលគុកម្តងទៀតដើម្បីឲ្យភ្លឺភ្នែក កាលជាប់គុកគឺគុករបស់ខ្មែរក្រហមដល់ឥឡូវប្រឹងប្រែងជួយក្រុមខ្មែរក្រហមទៀត តើជីវិតអ្នកឯងមានន័យអីម៉ីអ្ហើយម៉ី………សុំម៉ីឯងកុំនាំក្មងជំនាន់ក្រោយឲ្យ វង្វេងប្រវត្តិសាស្រ្តដូចបណ្ឌិតច្បាប់ក្រៅសាលារបស់រដ្ឋសភា ម៉ីពេលងាប់ទៅយើងគ្រប់រូបយកអីទៅ មិនបានទេណាម៉ី ដូចនេះអាយុប៉ុណ្ណេះគួរសន្សំសីលទាន ខំធ្វើអំពើល្អដើម្បីកុំឲ្យជាតិក្រោយជាប់គុកទៀតណាម៉ីណា……….
វាអាណិតសិស្សានុសិស្សដែលកើតមិនទាន់ហេតុការណ៍នោះក៏ត្រូវគេកេណ្ឌមកដែរ
ជយោ! ជយោ! អ្នកចូលប្រហែលបានម្នាក់5ដុល្លា អាណា មិនព្រមចូលរួមឈប់អោយធ្វើការនិងដេញចេញ ហាសហា! បងហ្អើយចេះតែទៅតាមគេទៅ ក្រែងបានសណុកខ្លួន មិនស្រួលបានលុយចាយទៀត មិនមានអ្វីប្លែក នោះទេបងនយោបាយស្រុកខ្មែរ តែដល់ពេលបោះឆ្នោតត្រូវចាំថាកុំធ្វើតាមគេត្រូវមានឆន្ទះខ្លួនឯង
បោះអោយអ្នកដឹកនាំដែលគិតពីសុខទុក្ខប្រជារាស្រ្ត និង ស្មោះចំពោះជាំតិ