អាជ្ញាធរកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសមួយបានធ្វើខ្សែយោង ដើម្បីបម្រើភ្ញៀវទេសចរឱ្យធ្វើដំណើរកម្សាន្តធម្មជាតិពីលើលំហអាកាសនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ខ្សែយោងនេះ គឺជាប្រភេទសេវាកម្មថ្មីមួយទៀតសម្រាប់ទាក់ទាញអារម្មណ៍អ្នកទេសចរ ហើយទើបតែមានជាលើកដំបូងនៅប្រទេសកម្ពុជា។
ដោយ ហង្ស សាវយុត
2013-06-08
RFA

ក្រុមមន្ត្រីអាជ្ញាធរអប្សរាសាកល្បងហោះគយគន់ទេសភាពធម្មជាតិលើអាកាសតាមខ្សែយោង បន្ទាប់ពីខ្សែនេះបានបើកសម្ពោធឱ្យប្រើប្រាស់ នាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣។ RFA/Hang Savyouth
មន្ត្រីអាជ្ញាធរអប្សរាទទួលបន្ទុកការពារប្រាសាទបុរាណ និងក្រុមហ៊ុនឯកជនបរទេសមួយ បានបើកសម្ពោធខ្សែយោងកាលពីព្រឹកថ្ងៃសុក្រ ទី៧ ខែមិថុនា កន្លងទៅ ដើម្បីចាប់ផ្ដើមបម្រើអ្នកទេសចរដែលចង់ផ្សងព្រេងមើលទេសភាពធម្មជាតិពីលើអាកាស។
ទីតាំងសេវាកម្មនេះ ស្ថិតនៅចន្លោះប្រាសាទតានៃ និងប្រាសាទតាកែវ ដែលអាចបំពេញបំណងភ្ញៀវចង់កម្សាន្តទេសភាពពីលើអាកាសបាន បន្ថែមពីលើការដែលភ្ញៀវធ្លាប់តែដើរកម្សាន្ត និងទស្សនាប្រាសាទបុរាណជាច្រើននោះ។
«សំឡេងរបាំជូនពរ»
ខ្សែយោងនេះ ត្រូវបានគេចាត់ទុកថា គឺជាអេកូទេសចរណ៍ដែលចាប់ផ្ដើមដំណើរការក្នុងរមណីយដ្ឋានអង្គរ នាទឹកដីខេត្តសៀមរាប។
អ្នកពិគ្រោះយោបល់ជាន់ខ្ពស់របស់ក្រុមហ៊ុនខ្សែយោងនោះ គឺលោក ថត អែនថូនី (Todd An thony) លោកបានមានប្រសាសន៍ក្នុងឱកាសបើកសម្ពោធឱ្យដំណើរការនោះថា ខ្សែយោងមួយនេះមិនត្រឹមតែបានចែករំលែកការសប្បាយទៅឱ្យអ្នកទេសចរចម្រុះជាតិសាសន៍ ដែលមកពីជុំវិញពិភពលោកប៉ុណ្ណោះទេ គឺវាថែមទាំងបានជួយអប់រំដល់ប្រជាពលរដ្ឋជាច្រើនអំពីការអភិរក្សធម្មជាតិ និងសត្វព្រៃនៅជុំវិញកន្លែងកម្សាន្តនោះ ធ្វើឱ្យបរិស្ថានកាន់តែប្រសើរទៀតផង។
លោក ថត អែនថូនី៖ «វាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់យើង ដែលមិនត្រឹមតែឱ្យអ្នកទេសចរអាចផ្សេងព្រេងនៅលើលំហអាកាសប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ជាការអប់រំដល់អ្នកទេសចរផងដែរ។ កត្តាដែលសំខាន់ នៅពេលដែលអ្នកទេសចរនៅជុំវិញពិភពលោកមានការចាប់អារម្មណ៍ចំពោះការមើលទេសភាពធម្មជាតិនៅតំបន់អង្គរនោះ គឺវាបានធ្វើឱ្យគេបានស្គាល់អំពីវប្បធម៌ ប្រពៃណី និងប្រជាពលរដ្ឋកម្ពុជា ដ៏ស្រស់ប្រិមប្រិយ»។
ខ្សែយោងសម្រាប់អ្នកទេសចរធ្វើដំណើរផ្សងព្រេងមើលទេសភាពធម្មជាតិនៅពីលើអាកាសមួយនេះ ធ្លាប់មានប្រវត្តិជោគជ័យនៅក្នុងខេត្តឈៀងម៉ៃ នៃប្រទេសថៃ ជាច្រើនឆ្នាំមកហើយ។
មន្ត្រីអាជ្ញាធរអប្សរាបាននិយាយថា ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ វប្បធម៌ និងធម្មជាតិ នៅក្នុងខេត្តសៀមរាប ទើបអាជ្ញាធរយល់ព្រមអនុញ្ញាតឱ្យក្រុមហ៊ុន ហ្វ្លាយ អហ្វ ឌឹ គីបបោន អង្គរ (Flight of the Gibbon Angkor) ដែលបានចុះបញ្ជីអាជីវកម្មត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្មរួចហើយ ឱ្យទទួលសិទ្ធិរៀបចំខ្សែយោងអេកូទេសចរណ៍ថ្មីមួយ ដែលពុំធ្លាប់មាននៅកម្ពុជា។
អគ្គនាយករងអាជ្ញាធរអប្សរា លោក ឈរ ថាណាត បានមានប្រសាសន៍ថា ក្រុមអ្នកជំនាញផ្នែកអភិរក្សប្រាសាទ និងព្រៃឈើរបស់អាជ្ញាធរអប្សរា បានសិក្សាក្នុងការបញ្ចៀសចេញពីផលប៉ះពាល់ផ្នែកបុរាណវិទ្យារួចរាល់ហើយ ទើបសម្រេចឱ្យក្រុមហ៊ុនរៀបចំនៅទីតាំងមួយនេះ៖ «ខ្សែយោងនេះ គឺជាការកម្សាន្តមួយដែលមានលក្ខណៈរំភើបញាប់ញ័រខុសអំពីការដើរកម្សាន្តដូចនៅប្រាសាទអង្គរ ប្រើអារម្មណ៍ស្ងប់ស្ងាត់ ពិចារណា សិក្សា។ ប៉ុន្តែខ្សែយោងអេកូទេសចរណ៍នេះ គឺធ្វើឱ្យយើងសប្បាយរីករាយនូវសកម្មភាពថ្មីមួយទៀត ដូចថាយើងហោះ។ សេវាកម្មនេះនៅលើពិភពលោក កំពុងតែទាក់ទាញភ្ញៀវជាច្រើននៅគ្រប់ទិសទីលើពិភពលោកហ្នឹង ឱ្យចំណាយពេលវេលាបន្ថែមទៀត ដើម្បីមកកម្សាន្តនៅកន្លែងរមណីយដ្ឋាននិមួយៗ»។
ខ្សែយោងអេកូទេសចរណ៍ថ្មីមួយនេះ មានប្រវែងប្រមាណ ៥០០ម៉ែត្រ ដែលមានស្ពានអាកាស និងរានស្ពានហាលនៅលើដើមឈើធំៗចំនួន ១៥ដើម។
អាជ្ញាធរអប្សរាបានចាត់ទុកថា ខ្សែយោងនេះអាចឱ្យអ្នកទេសចរហោះគយគន់ទេសភាពធម្មជាតិនៃព្រៃទឹកភ្លៀងក្នុងតំបន់ឧទ្យានអង្គរ ព្រមទាំងអាចមើលបក្សាបក្សី និងសត្វព្រៃជាច្រើនប្រភេទទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។