Monday, 10 June 2013
សែន ដាវិត
ភ្នំពេញ ប៉ុស្តិ៍
ឥណ្ឌូនេស៊ីៈ អ្នកសារព័ត៌មានមកពី១០ប្រទេសនៃ ទ្វីបអាស៊ី បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការរាយការណ៍ព័ត៌មានពីការប្រែប្រួលអាកាសធាតុនៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី០៧ខែឧសភាឆ្នាំ២០១៣។
អ្នកសារព័ត៌មានទាំង១០ប្រទេសនោះរួមមាន៖ កម្ពុជា ថៃ វៀតណាម ឡាវ ហ្វីលីពីន ប៉ាគីស្ថាន នេប៉ាល់បង់ក្លាដេស ស្រីលង្កា និង ឥណ្ឌា។
ក្នុងរយៈពេលបណ្តុះបណ្តាលអ្នកសារព័ត៌មានបានទទួលការធ្វើបទបង្ហាញនានាពីមន្រ្តីជំនាញអាកាសធាតុនិងកសិកម្មរបស់ឥណ្ឌូនេស៊ីដែលបានសិក្សាស្រាវជ្រាវស្ថានភាពទូទៅនៃការប្រែប្រួលអាកាសធាតុក្នុងទ្វីបអាស៊ី ក៏ដូចជារបៀបនៃការសិក្សាដំណឹងពីបរិស្ថានពីអ្នកសារព័ត៌មានឆ្នើមរបស់ទីភ្នាក់សារព័ត៌មានអន្តរជាតិរ៉យទ័រ។
ជាមួយគ្នានេះសិក្ខាកាមមកពី១០ប្រទេសក៏បានធ្វើដំណើរទស្សនៈកិច្ចតំបន់ដែលរងគ្រោះដោយការប្រែប្រួលនៅប្រទេសឥណ្ឌូនេស៊ីគឺតំបន់Subang ដែលស្ថិតនៅចំងាយជាច្រើនរយគីឡូម៉ែត្រពីទីក្រុងហ្សាកាតា។
ក្នុងនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍ក្រុមអ្នកភូមិSubang បានប្រែក្លាយជីវិតដែលរងគ្រោះដោយការប្រែប្រួលអាកាសធាតុមកជាជីវិតរស់នៅសមប្រកបដោយពួកគេចេះផលិតនំក្នុងស្រុកដោយខ្លួនឯងបន្ទាប់ពីមានគម្រោងបណ្តាលប្រទេសដទៃចូលមកក្នុងភូមិSobangនេះក្នុងការផ្តល់ទុននិងជំនាញវីជ្ជាជីវៈផ្សេងៗផងដែរ។។
លោក Rizaldi Boer អ្នកគ្រប់គ្រងពីហានិភ័យនៃមជ្ឈមណ្ឌលតាមដានការប្រែប្រួលអាកាសធាតុក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៃសកលវិទ្យាល័យកសិកម្មBogor នៃប្រទេសឥណ្ឌនេស៊ីបានថ្លែងឲ្យដឹងថាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុបើទោះបីជាក្រុមប្រទេសទាំងនោះមិនមែនជាប្រទេសបញ្ចេញឧស្ម័នពុលខ្លាំងនៅបរិយាកាសក៏ដោយ។
លោកថា “ ជំហាននៃការរងគ្រោះពីខ្យល់ព្យុះទឹកជំនន់ការផ្លាស់ប្តូររបបទឹកភ្លៀងភាពរាំងស្ងួតការបាក់ដីគឺជាការបង្ហាញឲ្យឃើញពីកត្តាប្រែប្រួលអាកាសធាតុពីមួយថ្ងៃទៅមួយថ្ងៃ”។
លោកស្រីJohanna Son នាយកប្រចាំតំបន់នៃអង្គការIPS អាស៊ីប៉ាស៊ីហ្វិកបានថ្លែងថាអ្នកសារព័ត៌មានបានដើរតួនាទីសំខាន់ក្នុងការចូលរួមចំណែកចែករំលែកព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុនិងការវិវត្តរបស់វានៅលើពិភពលោកដល់ប្រជាពលរដ្ឋកសិករជាដើមដើម្បីជៀសផុតពីការគ្រោះថ្នាក់ដោយជាយថាហេតុ។
លោកស្រី “ ដូច្នេះហើយទើបយើងបង្កើតឲ្យមានការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានពីប្រទេសនីមួយក្នុងអាស៊ីប៉ាស៊ីហ្វិកដើម្បីបង្កើនចំណេះដឹងទទួលបានបទបង្ហាញពីមន្រ្តីជំនាញជាដើម”។
ចំណែកលោក Jeremy Laurence អ្នកសារព័ត៌មានអាជីពមកពីមូលនិធីThomson Reuters បានថ្លែងឲ្យដឹងផងដែរថាយើងបានចែករំលែកគំនិតរបៀបសសេរនិងបទយកការណ៍នានាស្តីពីការប្រែប្រួលអាកាសធាតុទៅកាន់អ្នកសារព័ត៌មានមកពី១០ប្រទេសទាំងនោះ។
កញ្ញា Rhodina Vilanueva អ្នកយកព័ត៌មានមកពីប្រទេសហ្វីលីពិនបាននិយាយថាវគ្គបណ្តុះបណ្តាលនេះពិតជាសារៈសំខាន់ក្នុងការយល់ដឹងបន្ថែមពីរបៀបសសេរនៃការរាយការណ៍ពីការផ្លាស់ប្តូរអាកាសធាតុព្រមទាំងជាឱកាសដែលប្រទេសទាំងអស់បានសិក្សាស្វែងយល់ពីគ្នាពីស្ថានភាពការផ្លាស់ប្តូរអាកាសធាតុផងដែរ។
វគ្គបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុដល់អ្នកសារព័ត៌មានត្រូវបានរៀបចំឡើងអង្គការIPS ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនិងផ្តល់មូលនិធិដោយThomson Reuters.។
