នី មុន្នីនាថ និង​ម្តាយ​ជម្រះ​រឿង​ត្រៀម​រៀបការ​នៅ​ចុង​ឆ្នាំ

Monday, 10 June 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

 

130610_28a

តារា​សម្តែង​រូប​ស្រស់​នាង នី មុន្នីនាថ​ ដែល​ល្បី​ថា គ្រោង​រៀប​ការ​។ រូបថត ផា លីណា

ភ្នំពេញៈ ទើប​តែ​ពន្លត់​ពាក្យ​ចចាមអារ៉ាម​រឿង​ភ្ជាប់ពាក្យ​ស្ងាត់​ៗ​ជាមួយ​អតីត​តារាសម្តែង​លោក កែវ កុសល ​មិន​ទាន់​បាន​ស្ងប់​រលត់​ស្រួលបួល​ផង ក៏​ស្រាប់​តែ​ផ្ទុះ​ឡើង​សាជាថ្មី​ថា ពេល​នេះ កញ្ញា នី​មុន្នីនាថ កំពុង​ត្រៀម​ចិត្ត ត្រៀម​កាយ​លាភាព​ក្រមុំ​ចូល​រោងការ​ប្រណាំង​មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ​នៅ​ចុង​ឆ្នាំ​២០១៣​នេះ​ដែរ។ ប៉ុន្តែ​យ៉ាងណា ជុំវិញ​រឿងរ៉ាវ​ផ្ទុះ​ឡើង​ផ្ទួន​ៗ​នោះ ត្រូវ​នាង​នី​មុន្នីនាថ ចេញ​មក​អះអាង​ថា ថ្ងៃ​កំណត់​ទទួល​ផ្កាស្លា លាភាព​នៅ​ក្រមុំ​របស់​នាង​នៅ​មិន​ទាន់​ខិត​ជិត​ទេ លុះ​ណា​តែ​នាង​បង់​រំលស់​ប្រាក់​ធនាគារ​រួច ទើប​នាង​គិត​រឿង​នេះ​។

ទន្ទឹម​នឹង​ការ​ប្រកាស​ជំហរ​បែប​នេះ ទាំង​អារម្មណ៍​បែប​មួហ្មង​មិន​សប្បាយ​ចិត្ត​នឹង​ពាក្យ​ចចាមអារ៉ាម ដែល​តែងតែ​បោកខ្ទប់​មកលើ​កិត្តិយស​ខ្លួន​ជា​ស្រ្តី​ក្រមុំ​នោះ នី មុនី្ននាថ​និយាយ​យ៉ាង​ច្បាស់លាស់​ថា​៖​«រឿង​យក​ប្តីសី សម្រាប់​ខ្ញុំ​ក៏​ដូចជា​ស្រ្តី​ឯទៀត​ដែរ គ្មាន​នរណា​ម្នាក់​អាច​ប្រកែក​នឹង​ច្បាប់​ធម្មជាតិ​នេះ​ទេ ឲ្យ​តែ​ធំ​ពេញវ័យ​និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ត្រូវ​តែ​មាន​គូ​និង​រៀបការ​មាន​ប្តីសី​ហើយ​»។ ប៉ុន្តែ​នាង បាន​លើក​ឡើង​ថា​៖​«ដ្បិត​ថា ច្បាប់​ធម្មជាតិ មិន​អាច​ប្រកែក​បាន តែ​ពេលវេលា​យើង​អាច​ប្រកែក​បាន​តើ? ហើយ​ខ្ញុំ​នេះ​ក៏​មិនមែន​ថា​កន្លង​មក​មិន​មាន​អ្នក​ស្រឡាញ់​និង​ចង់​ស្តីដណ្តឹង​រៀបការ​នោះ​ទេ​គឺ​មាន​តែ​ខ្ញុំ​តែ​ប្រាប់​គេ​ថា ពេលវេលា​នេះ​មិន​ទាន់​ស័ក្តិសម​សម្រាប់​ខ្ញុំ​ក្នុង​ការ​ទទួល​ប្តីសី​ទេ»។

បន្ថែម​លើ​ហេតុផល​នេះ តារាសម្តែង​ដែល​គ្រង​តំណែង​តួឯក​បន្តបន្ទាប់​នាង​នី មុន្នីនាថ បាន​និយាយ​ទៀត​ថា​៖​«ខ្ញុំ​គ្មាន​ហេតុផល​ណា ចង់​ប្រណាំងប្រជែង​មិត្តភក្តិ​ណា​ម្នាក់​ទេ មិន​ថា​តែ​ការ​ប្រជែង​គ្នា​យក​ប្តី​នោះ សូម្បី​តែ​ការ​សម្តែង​ក៏​ដូចគ្នា​ភាព​លេចធ្លោ និង​ការ​គាំទ្រ​ទៅ​កើត​លុះ​ណា​តែ​យើង​មាន​សមត្ថភាព​ដែរ»។

យ៉ាងណាមិញ ខណៈ​ដែល​ថ្ងៃ​កំណត់​ចូល​រោងការ​របស់ នាង សក្ខណា កាន់​តែ​ខិត​ជិត​ដល់​នោះ​ក៏​ស្រាប់​តែ​ដំណឹង​ថ្មី​របស់​នាង​នី មុន្នីនាថ​ផ្ទុះ​ឡើង​ដែរ ដែល​ថា នាថ ក៏​ត្រៀម​ខ្លួន​ចូល​រោងការ​ចុង​ឆ្នាំ​នេះ ដូច​សក្ខណា ដែរ​។ ឆ្លើយតប​នឹង​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ នី មុន្នីនាថ បាន​បញ្ជាក់​ថា​៖​«ខ្ញុំ​គ្មាន​ដែល​បាន​ភ្ជាប់​ពាក្យ​ជាមួយ​បុរសណា ហើយ​ក៏​គ្មាន​គម្រោង​ចូល​រោងការ​ចុង​ឆ្នាំ​នេះ ប្រណាំង​សក្ខណា​ដែរ ។ ខ្ញុំ​គ្មាន​ទេ បើ​មាន​រឿង​នេះ​មែន​នោះ​ខ្ញុំ​មិន​លាក់​បាំង​ទេ តែ​នេះ​វា​មិន​មាន​»។ នាង​បាន​បន្ថែម​ថា​៖​«ពេល​នេះ​អំរែក​បំណុល​ខ្ញុំ​មិនទាន់​សង​ធនាគារ​រួច​ទេ បើ​ខ្ញុំ​គិត​រឿង​គូស្រករ​នេះ លុះ​ណា​តែ​ខ្ញុំ​សង​បំណុល​ធនាគារ​រួច​នោះ​ប្រហែល​ជា​អាច​ដល់​ពេល​នោះ»។

ដូចគ្នា​នោះ អ្នកស្រី​សុភាលី ដែល​ជា​ម្តាយ នី​មុនី្ន​នាថ ក៏​បាន​ថ្លែង​ទាំង​ហួស​ចិត្ត​ផង​ដែរ ដោយ​អ្នកស្រី​លើក​ឡើង​ថា​៖​«ខ្ញុំ​ឆ្ងល់​ណាស់​ថា កូន​ខ្ញុំ​ធ្លាប់​ទៅ​ភ្ជាប់​ពាក្យ​និង​ត្រៀម​រៀបការ​ចុង​ឆ្នាំ​នេះ​ដូច​សក្ខណា​ពី​អង្កាល់ អ្នក​ណា​ក៏​ពូកែ​ដឹង​រឿង​នេះ​ជាង​ខ្ញុំ​ទៀត​»។ អ្នកស្រី​បន្ត​ថា «រឿង​ប្តីសី អនាគត​កូន​ខ្ញុំ​មិន​ដែល​បង្ខំ​កូន​ទេ រឿង​នេះ​កូន​ជា​អ្នក​សម្រេច​ខ្ញុំ​ម្តាយ​ឪពុក​ជំហាន​ទី​២ តែ​កូន​ស្រី​ខ្ញុំ នាថ មិន​ដែល​រំឭក​ពី​រឿង​នេះ​ទេ មាន​តែ​និយាយ​ថា ខ្ញុំ​មិន​ទាន់​គិត​ទេ ចាំ​ឲ្យ​ជីវភាព​ធូរធារ​ជាង​នេះ​សិន​ទើប​បាន​គិត​»៕

 

What Next?

Recent Articles