ព្រាប សុវត្ថិ​ ទៅ​អូស្ត្រាលី​ច្រៀង​ឆ្លៀត​ជួយ​សង្គម

Tuesday, 18 June 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

130618_20a

ភ្នំពេញ : ទើប​តែ​មកពី​សម្តែង​ច្រៀង​នៅ​លើ​ទឹកដី​អាមេរិក​រយៈពេល​៣​ខែ​ហើយ​បាន​កុម៉្មង់​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​មក​ជាមួយ​ផង​មិន​ទាន់​នឹង​បាន​ប៉ុន្មាន​នោះ នៅ​ពេល​នេះ តារាចម្រៀង​ដែល​គ្រង​តំណែង​កំពូល​ជាង​១០​ឆ្នាំ​លោក ព្រាប សុវត្ថិ នឹង​ត្រូវ​បោះពួយ​ចេញ​ទៅ​ច្រៀង​នៅ​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី​ជា​លើក​ទី​៥ នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ។

ពិតជា​ខ្ញីចាស់​កាន់​តែ​ហឹរ​មែន អស់​រយៈពេល​ជិត​១៥​ឆ្នាំ​មក​ហើយ ដែល​តារាចម្រៀង ព្រាប សុវត្ថិ ឈរ​នៅ​តំណែង​កំពូល​គ្មាន​អ្នក​ណា​ខ្លាំង​ជាង​លោក​នោះ។ តាមរយៈ​ភាព​ខ្លាំង​របស់​តារា​រូប​នេះ គេ​បាន​ដឹង​ថា លោក ព្រាប សុវត្ថិ អាច​រក​ប្រាក់​បាន​យ៉ាងច្រើន​ក្រាស់ក្រែល ខណៈ​នៅ​ក្នុង​រដូវក្តៅ​លោក​រវល់​ស្ទើរ​គ្មាន​ពេល​ទំនេរ ហើយ​ឈាន​ចូល​រដូវ​ធ្លាក់​ភ្លៀង​លោក​ចេញ​ទៅ​ច្រៀង​នៅ​បរទេស​នោះ​។

តម្លៃ​ខ្លួន​របស់​លោក​ព្រាប សុវត្តិ បើ​យោង​តាម​អ្នក​រៀបចំ​កម្មវិធី​បាន​ឲ្យ​ដឹង​ថា ពេល​ច្រៀង​មួយ​កម្មវិធី​លោក ព្រាប សុវត្ថិ មាន​តម្លៃ​ខ្លួន​ចន្លោះ​ពី​៣០០០​ទៅ​៤០០០​ដុល្លារ​ពោល​គឺ​មាន​ការ​ប្រែប្រួល​ទៅ​តាម​ទីតាំង​ជិត​ឆ្ងាយ ខេត្ត ឬ​ក៏​ក្រុង​។ អ្នក​រៀប​កម្មវិធី​មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ពេល​លោក​ព្រាប សុវត្តិ​ច្រៀង​នៅ​ភ្នំពេញ​តម្លៃ​ខ្លួន​គឺ​៣០០០​ដុល្លារ ឬ​ក៏​ច្រើន​ជាង​នេះ​។ រីឯ​តម្លៃ​ខ្លួន​របស់​លោក​ទៅ​ច្រៀង​នៅ​តាម​បណ្តា​ខេត្ត​វិញ គឺ​ចន្លោះ​ពី​៣៥០០​ទៅ​៤០០០​ដុល្លារ​ដែល​តម្លៃ​ខ្លួន​នេះ​មាន​ការ​កើនឡើង​ខ្ពស់។

ដោយ​ឡែក​ការ​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស លោក​មាន​តម្លៃ​ខ្លួន​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​ៗ​។

ទោះ​ជា​មាន​ការ​បង្ហើប​ពី​សំណាក់​អ្នក​រៀបចំ​កម្មវិធី​ប្រគំតន្ត្រី​យ៉ាង​នេះ​ក្ដី ក៏ តារាចម្រៀង​ចាស់វស្សា​ដែល​នៅ​តែ​មាន​ឥទ្ធិពល​លើ​ស្រទាប់​យុវវ័យ​ទាំង​វិស័យ​ចម្រៀង និង​ម៉ូដ​សម្លៀកបំពាក់​នោះ​តែង​បដិសេធ​របៀប​ដាក់​ខ្លួន ដោយ​សុំ​មិន​បញ្ជាក់​ពី​ចំណូល​ប្រចាំ​ខែ​និង​តម្លៃ​ខ្លួន​ក្នុង​នាម​ជា​តារា​លំដាប់​កំពូល​នោះ​ឡើយ​។

កន្លង​មក លោក​ធ្លាប់​និយាយ​ថា​៖​«រឿង​តម្លៃ​ខ្លួន ឬ​ចំណូល​នេះ ខ្ញុំ​សុំ​មិន​និយាយ ហើយ​ខ្ញុំ​មិន​អាច​និយាយ​ថា តម្លៃ​ខ្លួន​ខ្ញុំ​ច្រៀង​ខ្ពស់​ជាង​អ្នក​សិល្បៈ​ដទៃ​ឬ​យ៉ាង​ណា​នោះ​ដែរ ព្រោះ​ម្នាក់​ៗ​សុទ្ធ​មាន​តម្លៃ​ខ្លួន​រៀង​ៗ​ខ្លួន​»។

ទាក់ទិន​នឹង​តម្លៃ​ខ្លួន​នេះ លោក​ព្រាប សុវត្ថិ ដែល​កំពុង​មមាញឹក​ពង្រីក​ហាង​កាត់ដេរ និង​កាត់សក់​នោះ ហាក់​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រាប់​ពិស្តារ​ដោយ​លោក​បាន​លើក​ហេតុផល​ថា​៖​«​បាទ សុំទោស រឿង​នេះ​ខ្ញុំ​មិន​អាច​ប្រាប់​ដោយ​បើក​ចំហ​បាន​ទេ ខ្ញុំ​សុំ​ទុក​រឿង​នេះ​ជា​រឿង​សម្ងាត់»។

សម្រាប់​ការ​ឈាន​ចូល​រដូវ​ធ្លាក់​ភ្លៀង ស្ទើរ​គ្រប់​ក្រុមហ៊ុន​ទាំងអស់​បាន​បិទ​ការ​ចេញ​ធ្វើ​កម្មវិធី​តាម​បណ្ដា​ខេត្ត​ពិសេស​នោះ​គឺ​ការ​ប្រគំតន្ត្រី ដែល​រដូវ​នេះ​ភាគច្រើន​សិល្បករ​សិល្បការិនី​រក​ច្រក​ចេញ​ទៅ​ក្រៅ​ប្រទេស​។

ដូច្នេះ​នៅ​ក្នុង​រដូវវស្សា​នេះ លោក​ព្រាប សុវត្ថិ នឹង​ត្រូវ​ឡើង​យន្តហោះ​ទៅ​កាន់​ដែនដី​ប្រទេស​អូស្ត្រាលី​ជា​លើក​ទី​៥។

តារាចម្រៀង​មាន​ប្រពន្ធ និង​កូន​ពីរ​នាក់​ទៅ​ហើយ តែ​នៅ​តែ​មាន​ការ​គាំទ្រ​ខ្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន​លោក ព្រាប សុវត្ថិ​បាន​អះអាង​ថា​៖​«​មួយ​រដូវក្តៅ​នេះ ខ្ញុំ​រវល់​ច្រើន តែ​នៅ​ពេល​នេះ​ចាប់​ផ្តើម​ស្បើយ​វិញ​នៅ​ពេល​ធ្លាក់​ភ្លៀង។ ដូច្នេះ​នៅ​ខែ​កក្កដា ២០១៣​ខាង​មុខ​នេះ ខ្ញុំ​ត្រូវ​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី ជា​លើក​ទី​៥ រយៈពេល​១​ខែ»។

ជា​តារាចម្រៀង​រក្សា​ភាព​ល្បី​បាន​យូរ​រូប​នេះ​បាន​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ជា​ញឹកញាប់ ដោយ​ឡែក​សម្រាប់​ប្រទេស​អូស្ត្រាលី​វិញ​លោក​ថា​៖​«​ខ្ញុំ​ធ្លាប់​បាន​ទៅ​ប្រទេស​នេះ​នៅ​ឆ្នាំ​២០០២ , ២០០៤ ២០០៦ , ២០០៨ , ២០១១ ២០១២ និង​២០១៣​នេះ ហើយ​លើក​នេះ ខ្ញុំ​ក៏​យក​ក្រុម​ភ្លេង​ផ្ទាល់​ខ្លួន​ទៅ​ទៀត​ដែរ»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា​៖​«​ការ​ទៅ​អូស្ត្រាលី លើក​នេះ ក៏​មិន​ខុស​ពី​លើក​មុន​ដែរ គឺ​ថវិកា​មួយ​ចំនួន​ដែល​ខ្ញុំ​សម្តែង​បាន ខ្ញុំ​នឹង​បង្វិល​ទៅ​ជួយ​ខាង​កុមារ​កំព្រា និង​ទុរគតជន ហើយ​ខ្ញុំ​ពេញចិត្ត​នឹង​ធ្វើ​កិច្ចការ​ជួយ​សង្គម​បាន​ខ្លះ​ៗ​នេះ»៕


What Next?

Recent Articles