ថ្ងៃទី 19 មិថុនា 2013
ដោយ: ម្លិះ
CEN
ភ្នំពេញ: កញ្ញា ពេជ្រ សូលីកា នៅតែមិនស្វាគមន៍ចំពោះការសាកសួរព័ត៌មាន រួមទាំងការថតរូបរបស់នាង ពីក្រុមអ្នកសារព័ត៌មានដដែល បើទោះបីជាបានចាកចេញផុតពីផលិតកម្ម M ហើយក្តី ។
ការវាយឫកកាន់តែខ្លាំង និងកាយវិការដដែលនៅក្នុងឆ្នាំថ្មីនេះរបស់នាង បានបង្ហាញវត្តមានចូលរួមក្នុងពិធីខួបកំណើតរបស់អតីតកញ្ញាឯកទេសចរណ៍ ឆ្នាំ២០០៨ របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៩ កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា និងកញ្ញា ពេជ្រ ពិសី នៅសណ្ឋាគារ NAGA WORLD កាលពីពេលថ្មីៗកន្លងទៅនេះ ។

កាលកញ្ញា ពេជ្រ សូលីកា នៅក្នុងទ្រនំ M តារាចម្រៀងរត់ចោលទ្រនំរូបនេះ មិនព្រមឲ្យអ្នកសារព័ត៌មានថតរូបតាមសម្រួលនោះឡើយ បើទោះបីជាក្រុមអ្នកសារព័ត៌មាន ស្នើសុំថតរូបនាងយ៉ាងណាក្ដី ។ នាងតែងតែប្រកែក ហើយលើកឡើងថា ជាគោលការណ៍របស់ផលិតកម្ម ដូច្នេះលុះត្រាតែមានការអនុញ្ញាតពីថ្នាក់ដឹកនាំ ទើបអាចថតរូប ក៏ដូចជាផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបាន ។
ដូច្នេះបើក្រុមអ្នកសារព័ត៌មាន ចង់បានរូបថតនាង គឺតែងតែតាមប្រមាញ់ ក្នុងនោះ បើទោះបីជាមិនបានថតនៅខាងក្រៅឆាក ក៏តាមថតនៅលើឆាកដែរ។ យ៉ាងណាជារឿយៗ តារារូបនេះ ក៏នៅតែមិនព្រមសម្ងំឲ្យថតតាមសម្រួលនោះឡើយ ទោះបីនាងកំពុងច្រៀងនៅលើឆាកក្ដី គឺនាងតែងតែដើរចុះដើរឡើងរហូត ពេលដែលក្រុមអ្នកថតរូបលើកកាមេរ៉ា តម្រង់រកនាង។
កាយវិការនេះមិនចម្លែកទេ បើវិលទៅអតីតកាល ក្នុងនាមជាតារាចម្រៀងផលិតកម្ម M។ ប៉ុន្តែចាកចេញពីផលិតកម្មមួយនេះទៅហើយ ពេជ្រ សូលីកា នៅតែប្រកាន់គោលការណ៍នេះទៀត ក្នុងពេលអ្នកសារព័ត៌មានមួយចំនួន រំពឹងថា នាងនឹងផ្លាស់ប្តូរឥរិយាបថចាស់នោះ។
បើទោះជាបានចេញផុតពីផលិតកម្ម M ហើយក៏ដោយ គឺកញ្ញា ពេជ្រ សូលីកា គ្រាន់តែក្រុមអ្នកសារព័ត៌មាន លើកកាមេរ៉ាតម្រង់ភ្លាម នាងក៏ងាកមុខចេញយ៉ាងរហ័ស ហើយបញ្ចេញកាយវិការ មិនសប្បាយចិត្តភ្លាមៗ។ កាយវិការនេះ បានធ្វើឲ្យអ្នកសារព័ត៌មានពីរបីនាក់ ដែលរំពឹងថា បានរូបថតស្អាតៗថ្មីៗ ពីកញ្ញា ពេជ្រ សូលីកា តាមរយៈកាណុងកាមេរ៉ារបស់ខ្លួននោះ ត្រូវខកចិត្ត។ កាយវិការនេះដែរ បានធ្វើឲ្យភ្ញៀវកិត្តិយសផ្សេងទៀត ដែលបានចូលរួមក្នុងពិធីនោះ ចោលភ្នែកមករក ពេជ្រ សូលីកា និងក្រុមអ្នកសារព័ត៌មាន ស្ទើរគ្រប់ៗគ្នា ជាពិសេសអ្នកសិល្បៈតែម្ដង ចំពោះកាយវិការចម្លែកនេះ ។
CEN យើងមិនអាចទាក់ទងសុំការបំភ្លឺពីនាងបានឡើយ ព្រោះទូរស័ព្ទមិនចូល តែយ៉ាងណាសូមស្វាគមន៍ ចំពោះការបកស្រាយពាក់ព័ន្ធអំពីនាងជានិច្ច ។
សូមរំលឹកថា កាលពីពេលកន្លងទៅ ពេជ្រ សូលីកា មានព័ត៌មានថា មានជម្លោះយ៉ាងក្ដៅគគុកមួយជាមួយ កញ្ញា អេន ជី ដែលជាតារាចម្រៀងក្នុងទ្រនំជាមួយគ្នា។ ជម្លោះនោះ សូម្បីតែថ្នាក់ដឹកនាំក្នុងផលិតកម្ម ក៏មិនអាចសម្របសម្រួលបានដែរ ដែលជាហេតុធ្វើឲ្យកញ្ញា អេន ជី វេចបង្វេចដើរចេញពីផលិតកម្ម M ទាំងមិនទាន់ចប់កុងត្រា មកជ្រកក្រោមផលិតកម្មសាន់ដេ ។
ក្រោយមកទៀត កញ្ញា ពេជ្រ សូលីកា ខ្លួនឯង បានប្រកាសជាសាធារណៈថា នាងឈប់ប្រឡូកនឹងសិល្បៈទៀតហើយ ដោយនាងបានលាឈប់ពីសិល្បៈ មកបន្តការសិក្សាវិញ។ ប៉ុន្តែម្តងម្កាល គេឃើញថា នាងនៅតែលេចមុខក្នុងកម្មវិធីសិល្បៈ ពិសេសនៅតែទទួលការងារសិល្បៈមួយៗនៅឡើយនៅតាមបណ្តាខេត្ត៕

