ចៅក្រម​ច្រាន​ចោល​សំណើ​ដាក់​ឯកសារ​ថ្មី

Wednesday, 19 June 2013
Justine Drennan
ភ្នំពេញ ប៉ុស្តិ៍

 

130619_03

លោក​ខៀវ សំផន​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​សំណុំ​រឿង០០២។ រូបថត ECCC

ភ្នំពេញៈ ចៅក្រម​សាលា​ក្តី​ខ្មែរ​ក្រហម បាន​ច្រាន​ចោល​ទាំង​សំណើ​របស់​ព្រះ​រាជ​អាជ្ញា និង​ក្រុម​មេធាវី​ការពារ​ក្តី​ដែល​ស្នើ​សុំ​ឲ្យ​ទទួល​ទូរលេខ​ការ​ទូត​របស់​អាមេរិក​ជា​ភ័ស្តុតាង​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មេសា ដោយ​គេហទំព័រ WikiLeaks។

ក្នុង​សេចក្តី​ថ្លែង​របស់​ចៅក្រម​ដែល​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​សាលា​ក្តី ចៅក្រម​បាន​ច្រាន​ចោល​នូវ​សំណើ​ដោយ​ឈរ​លើ​មូលដ្ឋាន​ដែល​កំណត់​ត្រា​ទូរលេខ​ដែល​បាន​ដាក់​ជូន​ដោយ​ព្រះ​រាជអាជ្ញា​ឬ​សំណើ​ដាច់​ដោយ​ឡែក​ដាក់​មក​ដោយ​ក្រុម​មេធាវី​ការពារ​ក្តី លោក ខៀវ សំផន ពុំ​ផ្តល់​ភ័ស្តុតាង​ថ្មី និង​ថា យថាភូត​នៃ​ឯកសារ​គឺ​ពិបាក​នឹង​ផ្ទៀង​ផ្ទាត់។

ព្រះ​រាជអាជ្ញា​បាន​ស្នើ​តុលាការ​ពិចារណា​ឯកសារ​ទូរលេខ​ចំនួន ២៦ ដែល​ផ្ញើ​ចេញ​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ភ្នំពេញ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ឆ្នាំ​១៩៧៣‑១៩៧៥ ចំណែក​ឯ​ក្រុម​មេធាវី​ការពារ​ក្តី​បាន​ស្នើ​សុំ​ឲ្យ​ទទួល​យក​ឯកសារ​ទូរលេខ​ចំនួន​១២ ព្រម​ទាំង​ឯកសារ​ទូរលេខ​ចំនួន​២ ពី​ឆ្នាំ ២០០៦‑២០០៧ ទាក់​ទង​នឹង​អំពើ​ពុករលួយ​នៅ​តុលាការ។

ក្នុង​ការ​ឆ្លើយ​តប​របស់​ខ្លួន ចៅក្រម​បាន​សរសេរ​ថា ដោយ​សារ​តែ​«ឯកសារ​ទូរលេខ​ដែល​បាន​ស្នើ​ទាំង​អស់​មាន​ប្រភព​ពី​គេហទំព័រ WikiLeaks មិន​មែន​ចេញ​ពី​ប្រភព​ក្រសួង​ការ​បរទេស​ជា​ផ្លូវ​ការ​នោះ» តុលាការ​«មិន​អាច​សន្និដ្ឋាន​ថា «ឯកសារ … ជា​ឯកសារ​យថាភូត​ឡើយ»។ ចៅក្រម​បាន​សរសេរ​ទៀត​ថា៖ «​បើ​ទោះ​បី​ជា​ភាគី អាច​ស្នើ​សុំ​ច្បាប់​ចម្លង​យថាភូត​នៃ​ឯកសារ​ពី​ប្រភព​ផ្លូវ​ការ​ក៏​ដោយ» ក៏​ប៉ុន្តែ ចៅក្រម​អះអាង​ថា«​លទ្ធភាព​មិន​អាច​ទទួល​បាន​ច្បាប់​យថាភូត​នៃ​ឯកសារ​ទូរលេខ​ទាំង​នេះ​ក្នុង​រយៈ​ពេល​សម​ស្រប​ទេ»។

ព្រះ​រាជ​អាជ្ញា​សង្ឃឹម ប្រើ​ប្រាស់​ឯកសារ​ទូរលេខ​ចំនួន ២៦ ដែល​ពួកគេ​បាន​ស្នើ​ជា​ភ័ស្តុតាង​នៃ​ការ​សម្លាប់​ទាហាន លន់ នល់ និង​ជន​ស៊ីវិល​ជា​ច្រើន​នាក់ ដោយ​ខ្មែរ​ក្រហម។ ចំណែក​ឯ​មេធាវី​ការពារ​ក្តី ខៀវ សំផន សង្ឃឹម​ថា ឯកសារ​ដែល​គេ​ស្នើ​នឹង​ជួយ​បញ្ជាក់​នូវ​អត្តចរិត​ល្អ​របស់​លោក ខៀវ សំផន។ ទោះ​ជា​យ៉ាង​ណា ចៅក្រម​បាន​សរសេរ​ទៀត​ថា ខ្លឹមសារ​នៃ​ឯកសារ​ទូរលេខ​គឺជា​ខ្លឹមសារ​ដដែល ព្រោះ​ឯកសារ​ទាំង​នោះ​ទំនង​ជា​បញ្ជាក់​ពី​ប្រវតិ្ត​ដទៃ​ទៀត​ដែល​ស្ថិត​ក្នុង​សំណុំ​រឿង​រួច​ហើយ​ទាក់ទង​នឹង​ស្ថានការណ៍​នៅ​កម្ពុជា​ពី​ឆ្នាំ​១៩៧៣ ដល់​១៩៧៥។

ចំពោះ​ឯកសារ​ទូរលេខ​ថ្មីៗ​បំផុត​ចំនួន ២ ចៅក្រម​បាន​សរសេរ​ថា ការ​ចោទ​ប្រកាន់​អំពី​ភាព​លម្អៀង​ខាង​នយោបាយ និង​អំពើ​ពុករលួយ​នៅ​តុលាការ​គឺ​ជា​ចំណុច​ទូទៅ ហើយ​ក្រុម​មេធាវី​ការពារ​ក្តី​លោក ខៀវ សំផន មិន​បាន​បង្ហាញ​អំពី​ចំណុច​ពាក់​ព័ន្ធ​នឹង​បញ្ហា​ទាំង​នេះ ចំពោះ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​សំណុំ​រឿង​០០២​/០១ ឬ​អង្គហេតុ​ដែល​កំពុង​ជំនុំ​ជម្រះ​ឡើយ​៕ TK

 

What Next?

Recent Articles