ថ្ងៃទី 9 កក្កដា 2013
ដោយ: ពិទូរ្យ
CEN
ភ្នំពេញ: អ្នកចម្រៀងប្រាំរូប ដែលបានរៀបចំខ្លួនរួចរាល់ ដើម្បីធ្វើដំណើរទៅកាន់ប្រទែសអូស្ត្រាលី ស្រាប់តែត្រូវផ្អាកដំណើរវិញ ខណៈដែលពួកគេ មានអ្នកខ្លះទទួលបានវីសា និងអ្នកខ្លះទៀត មិនទាន់បាននៅឡើយ។
អ្នកចម្រៀង និងអ្នកសម្តែងទាំងប្រាំរូបនោះ រួមមាន៖ លោក អេឡិច ចាន់ត្រា លោក រតនៈ វិសិដ្ឋ កញ្ញា គីម លីហ្សា កញ្ញា ឆយី និង កញ្ញា រាជ សុគន្ធី។ អ្នកសម្តែង និងអ្នកចម្រៀងទាំងប្រាំ បានរៀបចំរួចរាល់ សម្រាប់ដំណើរទៅកាន់ទឹកដីកង់ហ្កូរ៉ូមួយនេះ តែត្រូវផ្អាកមួយរយៈសិន រង់ចាំស្ថានទូត ផ្តល់ទិដ្ឋាការដល់អ្នកដែលមិនទាន់បានវីសា។

ប្រភពពីអ្នកសិល្បៈ បានឲ្យដឹងថា ដំណើរទៅច្រៀងក្រៅប្រទេសលើកនេះ អ្នកដែលទទួលបានវីសាដំបូងគេ មានតែ អេឡិច ចាន់ត្រា និងកញ្ញា គីម លីហ្សា ប៉ុណ្ណោះ ខណៈដែលអ្នកចម្រៀង និងអ្នកសម្តែងបីរូបទៀត ត្រូវរង់ចាំជួបស្ថានទូត ដើម្បីសម្ភាសន៍ម្តងទៀត។
ប្រភពបានបន្តថា អ្នកសម្តែង និងអ្នកចម្រៀងទាំងប្រាំរូប នឹងត្រូវរង់ចាំមួយរយៈពេលខ្លី អាចចន្លោះពីមួយសប្តាហ៍ ឬពីសប្តាហ៍ ទម្រាំតែខាងស្ថានទូតអូស្ត្រាលី អនុញ្ញាត ផ្តល់ទិដ្ឋាការ ឬវីសាឲ្យ។ ផ្ទុយទៅវិញ បើសិនជារត់ការបំពេញបែបបទមិនទាន់ទេ អាចនឹងត្រូវពន្យារដល់ទៅ ៣ ខែទៀត។
សូមរំលឹកថា អ្នកសម្តែង និងអ្នកចម្រៀងទាំងប្រាំរូប ត្រូវចេញទៅប្រទេសអូស្ត្រាលី នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៣ ក្រោមការធានា និងឧបត្ថម្ភរបស់សមាគមខ្មែរនៅអូស្ត្រាលី ដែលមានឈ្មោះថា “សមាគមខ្មែរ-អូស្ត្រាលី ខាងត្បូង”។ ការចាកចេញទៅសម្តែង មានរយៈពេលមួយខែកន្លះ តែដោយសារមានបញ្ហាបន្តិចបន្តួច តារាទាំងប្រាំរូបត្រូវពន្យារពេល ក្នុងការចេញដំណើរ រហូតដល់ចុងខែកក្កដា។ តែបើសិនជា នៅតែមិនអាចចេញបាន នោះពួកគេទាំងប្រាំរូប ត្រូវរង់ចាំរហូតដល់បីខែទៀត៕