ដួង ស្រីពេជ្រ ក្លាយជាថៅកែស្រី គ្រប់គ្រងពីរហាង សង្ស័យមានអ្នកឧបត្ថម្ភ

ថ្ងៃទី 9 កក្កដា 2013
ដោយ: ម្លិះ
CEN

ភ្នំពេញ: កញ្ញា ដួង ស្រី​ពេជ្រ អតីត​កញ្ញាឯក​សំឡី​អនាម័យ​សូ​ហ្វី ឆ្នាំ​២០១០ បាន​សម្ពោធ​ហាង​សំលៀកបំពាក់ តម្លៃ​ជាង ១​ម៉ឺន​ដុល្លារ កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៣ តែ​ក្នុង​ពិធី​នេះ មិនសូវមាន​អ្នកសិល្បៈ​ចូលរួម​ច្រើន​នោះទេ​។

​ក្នុង​ពិធី​សម្ពោធ​ហាង​នេះ នាង​មិនបាន​អញ្ជើញ​ភ្ញៀវ​ចូលរួម​ច្រើន​នោះទេ ដោយ​នាង​បាន​ហៅ​តែ​មិត្ត​ភក្ដិ​ស្និទ្ធៗ ប្រហែល​ជាង ៥០​នាក់​ប៉ុណ្ណោះ​។


​ហាង​របស់​នាង​មាន​សំលៀកបំពាក់​ទាំង​យុវវ័យ និង​វ័យ​កណ្ដាល ដោយ​សំលៀកបំពាក់​ទាំងអស់ នាង​បាន​នាំចូល​ពី​ប្រទេស​ថៃ​ទាំងអស់​។​

​ស្រប​ពេលដែល​បើកហាង​ថ្មី​បែបនេះ ក៏មាន​ពាក្យ​ច​ចាម​អារាម​ថា កញ្ញា ដួង ស្រី​ពេជ្រ មាន​អ្នក​ឧបត្ថម្ភ​ពីក្រោយ និង​ទំនុកបម្រុង​ឲ្យ​បើក​មុខរបរ​នេះ​ឡើង​។

​ប្រភព​ស្និទ្ធ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ទម្លាយ​ឲ្យ CEN ដឹងថា យើង​ក៏​អាច​មើល​ដឹងថា នាង​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ មិនទាន់បាន​ប៉ុន្មាន​ផង ស្រាប់​តែមាន​លុយ​បើកហាង​ដ៏​ធំ​មួយ​។ បើ​និយាយ​ពី​កេរ្តិ៍ឈ្មោះ​វិញ នាង​ក៏​មិនសូវ​ជា​ល្បី​លេចមុខ​មាត់​អី​ច្រើន​នោះដែរ​។​

​ប្រភព​ដដែល​បន្តថា មូលហេតុ​ដែល​នាង​មិន​ហាន​អញ្ជើញ​ភ្ញៀវ​ច្រើន ក៏​ព្រោះ​មិន​ចង់​រំខាន​មិត្ត​ភ័ក្ដិ​ច្រើនលើក​ពេក ព្រោះ​កន្លងមក នាង​ឧស្សាហ៍​មានកម្ម​វិធី​ច្រើន​មកហើយ ណាមួយ មិន​ចង់​ឲ្យ​គេ​ដឹងលឺ​ច្រើនពេក​ផង​។
​សព្វថ្ងៃនេះ នាង​មាន​ហាង​ពីរ នៅក្នុង​ដៃ​។ ទី​១ ហាង​សាឡ​ន ដែលមាន​ទីតាំងនៅ​ជិត​ផ្សារកណ្តាល និង​ទី​២ ហាង​លក់​សម្លៀកបំពាក់ ទើបនឹង​បើក​លក់​ពេល​ថ្មីៗ​នេះ​។​


​តាម​ចាំ​មិន​ភ្លេច តារា​សម្តែង ដើមទ្រូង​ធំ មូល​ក្បំ កញ្ញា ដួង ស្រី​ពេជ្រ ធ្លាប់​ប្រាប់​សារព័ត៌មាន ក្នុងស្រុក ចុះផ្សាយ​ថា នាង​បាន​ដឹក​ដៃ​គ្នា​ជាមួយ​បុរស​ម្នាក់ និង​នារី​វ័យ​ស្របាល​នាង​ម្នាក់ទៀត ចូល​ហាង​ផឹកស៊ី​មួយកន្លែង នៅ​ខណ្ឌទួលគោក មាន​ឈ្មោះថា “​ជួបគ្នា​សំឡាញ់​”​។ បុរស​ម្នាក់ ដែល​ទៅ​ចូល​ផឹកស៊ី​ជាមួយ​នាង និង​នារី​ម្នាក់ទៀត​នោះ គេ​សង្ស័យថា ជា​ប្រុស​ស្នេហ៍​សំណព្វចិត្ត​របស់​ស្រី​ពេជ្រ ដែល​វ័យ​ជាង ២០​ឆ្នាំ និង​ថែមទាំង​មាន​រាងរៅ​សង្ហា​ទៀតផង និង​ជា​អ្នក​ឧបត្ថម្ភ​ទំនុកបម្រុង ក្នុងការ​បើកហាង​ថ្មី​នេះដែរ​។​

​លើសពីនេះ ទៅទៀត​ប្រភព​ដដែល បាន​បង្ហើប​ថា បុរស​ម្នាក់​ដែល​ដើរលេង​ចូលទៅ​ផឹកស៊ី​ជាមួយ​កញ្ញា ដួង ស្រី​ពេជ្រ បាន​ស្លៀកពាក់​បែប​យោធា មិនតែប៉ុណ្ណោះ​ពួកគេ​ទាំងពីរ​នាក់ ហាក់​ស្និទ្ធស្នាល​ឱប​កៀក​កិត​នឹង​គ្នា​យ៉ាងខ្លាំង ប្រៀបដូចជា​គូស្នេហ៍ ដែល​យល់ចិត្ត​ថ្លើម​គ្នា​អីចឹង​។ បន្ទាប់ពី​ផឹកស៊ី​ស្រវឹង​ស្រឿងៗ ពួកគេ​បបួលគ្នា​ទៅ​ចូល​រាំ​នៅក្នុង​ក្លឹប​បន្តទៀត​។​

​ទាក់ទិន​នឹង​បញ្ហា​នេះ CEN បាន​ហៅ​ទូរស័ព្ទ​ទៅ​កញ្ញា ដួង ស្រី​ពេជ្រ ដើម្បី​សុំ​ការបកស្រាយ តែ​ទូរស័ព្ទ​និយាយ​បានតែ​ពីរ​បី​មាត់ ក៏​ដាច់​ទៅវិញ​។​

​គួររំលឹកថា កញ្ញា ដួង ស្រី​ពេជ្រ អតីត​កញ្ញាឯក​សំឡី​អនាម័យ​សូ​ហ្វី​ឆ្នាំ​២០១០ ក្រៅពី​ជាតា​រា​សម្ដែង​ខារ៉ាអូខេ និង​ដើរ​ម៉ូត​។ នាង​ក៏​ធ្លាប់​សម្ដែង​រឿង​ចំនួន ២ ក្នុងនោះ មានរឿង “​ផ្កា​រីក​ក្នុង​ចិត្ត​” ចាក់ផ្សាយ​នៅ​លើក​កញ្ចក់​ទូរទស្សន៍​CTN និង​រឿង “​ម្ដាយក្មេក​រើស​កូនប្រសា​” ចាក់ផ្សាយ​នៅ​កញ្ចក់​ទូរទស្សន៍​បាយ័ន​៕​

 

What Next?

Recent Articles