នាយក្រូច ឡើងកូដ ដោយសារសមត្ថភាព និងមានឱកាសល្អ

ថ្ងៃទី 17 កក្កដា 2013
ដោយ: ម្លិះ
CEN

 

ភ្នំពេញ: នាយ​ក្រូច មានឈ្មោះ​ដើម​ថា សេន សុ​ប៊ុន មួយរយៈ​នេះ ដូច​ជាមាន​សន្ទុះ​ឡើង​កូដ​ខ្លាំង ដែល​នាយ​ទើបនឹង​បានទទួល​បាន​តំណែង​ធំៗ នៅក្នុង​ផលិតកម្ម និង​ស្ថានីយទូរទស្សន៍ កាលពីពេល​ថ្មីៗ​នេះ​។ មិន​ខុស​អី​នឹង​នាយ ពែ​កមី ដែល​ស្ទុះ​ឡើង​ខ្លាំង​នោះទេ​។​

​នាយ​ក្រូច បាន​ទម្លាយ​ឲ្យ CEN ដឹងថា តំណែង​នេះ​បន្ថែម​ពីលើ​ការងារ​សិល្បៈ​ជាច្រើន ដែល​លោក​ចាប់បាន​កន្លងមក ដែលមាន​ដូចជា កំប្លែង សម្ដែង​រឿង កាត់សក់​មង្គលការ និង​ជា​ពិធីករ​ក្នុង​កម្មវិធី “​កូនភ្លោះ​ខុស​សញ្ជាតិ​” និង​កម្មវិធី ” សុខ​គា លក្ខិណា ប៊ី​អាយ​ជី ក្រូច​អ៊ី​ត​” របស់​ទូរទស្សន៍ CTN ។

​តំណែង​ដែល​នាយ​ក្រូច ចាប់បាន​នាពេលនេះ គឺជា​អ្នកនិពន្ធ​ពាក្យពេចន៍ និង​ទំនុក​កំប្លែង​សម្រាប់​ខ្សែភាពយន្ត​នៅ​ផលិតកម្ម​មួយ គឺ​ផលិតកម្ម RGB ។ លោក​បាន​បន្តថា ” តំណែង​របស់លោក ចង់​ថា​តូច​ក៏បាន ថា​ធំ​ក៏បាន ព្រោះថា រឿង​បើទោះជា​អ្នកនិពន្ធ និពន្ធ​ចប់​ស្រេចបាច់​ហើយ​ក្តី ប៉ុន្តែ​ក៏​ចាំបាច់​ត្រូវ​ឆ្លងកាត់​ការពិនិត្យ​ពាក្យពេចន៍​កំប្លែង​ពី​លោក​ដែរ ទើប​អាច​ចេញ​បាន​” ។​

​ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​ផលិតកម្ម​ខាងលើ សម្រេច​ផ្តល់​តួនាទី​នេះ ទៅ​ឲ្យ​នាយ​ក្រូច គឺ​ដោយសារតែ​មើលឃើញថា នាយ​ក្រូច ជា​តារា​កំប្លែង​មាន​សក្ដានុពល និង​សមត្ថភាព ព្រមទាំង​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​ទស្សនិកជន​ផង​ក្នុង​សិល្បៈ​កំប្លែង​។ ជាមួយ​តួនាទី​នេះ គឺ​មានន័យថា នាយ​ក្រូច នឹង​ជា​អ្នកពិនិត្យ​ពាក្យពេចន៍​កំប្លែង​ផង ជា​តួកំប្លែង​ខ្លួនឯង ក្នុង​ខ្សែភាពយន្ត​ផង ។ ប៉ុន្តែ​ការងារ​ថ្មី​នោះ លោក​នៅ​មិនទាន់បាន​ចូល​ធ្វើជា​ផ្លូវការ​នៅឡើយ​ទេ ។ តែ​ភាគី​ទាំងសងខាង បាន​និយាយ​គ្នា​ស្រេចបាច់​អស់ហើយ គឺ​រង់ចាំតែ​ថ្ងៃ​ចូលធ្វើការ​តែប៉ុណ្ណោះ ។​

​សូមបញ្ជាក់ថា នាយ​ក្រូច មានឈ្មោះ​ដើម​ថា សេន សុ​ប៊ុន ជា​តារា​កំប្លែង​មកពី​ខេត្តកំពង់ស្ពឺ​។ ឆ្លងកាត់​ជីវិត​តស៊ូ​ជាច្រើន នាយ​បាន​ជាប់​ជា​តារា​កំប្លែង​របស់​ស្ថានីយទូរទស្សន៍ CTN នៅ​ឆ្នាំ​២០០៩​។ បច្ចុប្បន្ន ក្រៅពី​នាយ នៅមាន​ប្អូនស្រី និង​ក្មួយប្រុស​ម្នាក់ គឺ​នាង អ៊ី​ត ប្អូនប្រុស ចើ​ត ក៏​កំពុង​លេង​កំប្លែង​រួមគ្នា ក្នុង​ក្រុម​កំប្លែង​នាយ ពែ​កមី របស់​ស្ថានីយទូរទស្សន៍ CTN ផងដែរ ៕

 

What Next?

Recent Articles