ថ្ងៃទី 17 កក្កដា 2013
ដោយ: ពិទូរ្យ
CEN
ភ្នំពេញ: ក្រុមគ្រួសារត្រកូលខាត់ មានសមាជិកទាំងអស់ ៩ នាក់ ក្នុងនោះ មានប្រុស ៥ ស្រី៤។ ថ្ងៃនេះកញ្ញា ខាត់ សួស្តី ដែលជាកូនទី៨ នៃត្រកូលអ្នកភ្លេងយើង បានចូលរោងជ័យ ជាមួយកូនកំលោះ ដែលរស់នៅក្នុងខេត្ត ព្រះវិហារ។

តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក តារាកំប្លែង ខាត់ ចម្រើន បានបង្ហោះរូបភាពប៉ុន្មានសន្លឹក របស់ក្រុមគ្រួសារលោកផ្ទាល់ ដែលថតរួមគ្នា ជាពិសេសនោះ គេឃើញតារាកំប្លែងមិនសំចៃមាត់ នាង ខាត់ សុឃីម កំពុងតែឈរថតរូបអោបស្វាមីលោក អ៊ិន សុផាណូ ហើយគេឃើញនាងស្លៀករ៉ូបពោះធំផងដែរ ពោលគឺនាងកំពុងតែពរពោះកូនទីពីរ។
ដោយសារតែទើបរៀបការខ្លួនឯងផង និងរៀបការប្អូនប្រុសកន្លងទៅថ្មីៗនេះផង នាង ខាត់ សុឃីម បានឲ្យស៊ីអ៊ីអិនដឹង តាមទូរស័ព្ទថា ពិធីមង្គលការប្អូនស្រីលើកនេះ មិនហៅភ្ញៀវច្រើនណាស់ណាទេ គឺភ្ញៀវដែលចូលរួមមានត្រឹម ២៥០ នាក់ប៉ុណ្ណោះ។ សម្រាប់អ្នកសិល្បៈវិញ តារាចម្រៀងបុរាណរូបនេះ ប្រាប់ថាអញ្ជើញតែអ្នកស្និទ្ធស្នាល។ និយាយរួម គឺអ្នកសិល្បៈតិចតួចបំផុត ដែលមានវត្តមានក្នុងពិធីនោះ។

ត្រកូលខាត់ មានសមាជិកទាំងអស់៩ នាក់ ក្នុងនោះ មានប្រុស ៥ ស្រី៤ ។ អ្នកនាង ខាត់ សុឃីម គឺជាកូនច្បងនៅក្នុងគ្រួសារនេះ។ មកទល់ពេលនេះ ក្រុមគ្រូសារត្រកូលខាត់នេះ បានរៀបការកូនប្រុស-ស្រី អស់ប្រាំបីនាក់ហើយ បើរាប់បញ្ចូលទាំង កញ្ញា ខាត់ សួស្តី ផង។ អីចឹង ក្រុមគ្រួសារ ដែលមានប្រវត្តិចេញពីតំបន់ភ្នំឧត្តុង្គមួយនេះ នៅសល់តែកូនពៅមួយទៀតប៉ុណ្ណោះ ដែលមិនទាន់រៀបការ គឺ កញ្ញា ណាចា៕Th



