ថ្ងៃទី 19 កក្កដា 2013, ម៉ោង 09:44:PM
ដោយ: រស្មី
CEN
ភ្នំពេញ: សិល្បៈបូរាណបើនិយាយឲ្យស្រួលស្ដាប់នោះជានជាតិខ្មែរគ្នាឯងមិនសូវជាចេះជួយលើកស្ទួយគ្នាឯងទេម្ល៉ោះ ហើយទើបសព្វថ្ងៃនេះមិនសូវមានអ្នកចូលចិត្តមកប្រឡូកក្នុងវិស័យសិល្បៈបូរាណណាស់លើកលែងតែអ្នកដែលចូលចិត្តខ្លាំងតែម្ដង ។
ក្នុងស្ថានភាពបែបនេះក្រុមសិល្បៈខ្មែរអមតៈបានច្នៃបង្កើតនូវកម្មវិធីដ៏ពិសេសមួយគឺយកសិល្បៈចិញ្ចឹមសិល្បៈតែម្ដង ។កម្មវិធីនេះបានចាប់ផ្ដើមតាំងពីខែមេសាមកម្ល៉េះដោយបង្កើតជាកម្មវិធីសំដែងនៅសួនច្បារក្នុងសារៈមន្ទីរជាតិភ្នំពេញរៀងរាល់ថ្ងៃសុក្រ និង ថ្ងៃសៅរ៍ ។

ដោយមានការសំដែងជារបាំបូរាណ របាំប្រពៃណី រឿងបូរាណនោះបានធ្វើឲ្យអ្នកទេសចរណ៍បរទេស-ខ្មែរ ព្រមទាំងជនជាតិខ្មែរក្នុងស្រុកមានការពេញចិត្តហើយបបួលគ្នាទស្សនា ។ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ចំនួនអ្នកមកទស្សនាមានកាន់តែច្រើនដែលនេះជាការបង្ហាញពីដំណើរទៅរកភាពជោគជ័យដោយយកសិល្បៈមកចិញ្ចឹមអ្នកសិល្បៈ ។
សម្រាប់អ្នកមកទស្សនាសារៈមន្ទីរជាតិគេតែងតែមិនភ្លេចទស្សនារបាំនានានៅថ្ងៃសុក្រ ព្រមទាំងទស្សនារឿង ដូចជា ម៉ាក់ថឺង និង រឿងដំណើរនៃជីវិតមកសំដែងឆ្លាស់គ្នានៅថ្ងៃសៅរ៍នោះ ។ជនបរទេសគេស្ម័គ្រចិត្តចំណាយ ១២ ដុល្លារ និង ខ្មែរចំណាយ ៥ ដុល្លារក្នុងការទិញសំបុត្រសម្រាប់ទស្សនាម្ដង ។

ពេលនេះជារដូវភ្លៀងធ្លាក់ដូច្នេះដើម្បីធានានិរន្តរភាពក្នុងការសំដែងកុំឲ្យមានការរអាក់រអួលនោះក្រុមសិល្បៈខ្មែរអមតៈបានចំណាយលុយប្រមាណជា ៩.០០០ ដុល្លារធ្វើរោងសំដែង ។
គួរបញ្ជាក់ថា កម្មវិធីសំដែងរៀងរាល់ចុងសប្ដាហ៍នេះមាន ៣ ទម្រង់គឺរបាំ-ល្ខោន និង តន្ត្រី ដែលពេលនេះវាបានក្លាយជាកម្មវិធីអាចិន្ត្រៃយ៍សម្រាប់ថ្ងៃសុក្រ និង ថ្ងៃសៅរ៍នៅសារៈមន្ទីរជាតិភ្នំពេញទៅហើយ ។

កម្មវិធីនេះបង្កើតឡើងដើម្បីអភិរក្ស និង ធានានិរន្តរភាពជីវភាពរបស់សិល្បករ-ការិនីដែលជាអ្នកប្រតិបត្តិផ្ទាល់នោះឲ្យមានជីវភាពសមរម្យដើម្បីឲ្យពួកគាត់មានឱកាសពង្រឹងសមត្ថភាពក្នុងការសំដែងឲ្យកាន់តែមានខ្ពស់ និង ប្រកបដោយសោភ័ណភាពកាន់តែប្រសើរ ។
