ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​រង​ការបាញ់​ប្រហារ​ដោយ​ជន​ប្រដាប់​អាវុធ

ថ្ងៃ សៅរ៍ 20 កក្កដា 2013
ដោយ ញឹម សុផល
RFI

 

ជន​មិន​ស្គាល់​មុខបាន​បាញ់​ប្រហារ​ ចូល​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះជាតិ​ ស្ថិត​នៅ​ក្នុង​ខ័ណ្ឌ​ទួលគោក​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​វេលាម៉ោង​ ៣ ​និង​ ៣០​ នាទី​ ទៀបភ្លឺ​ ថ្ងៃទី​២០​ ខែ​កក្កដា ​ឆ្នាំ​២០១៣។ ​សមត្ថកិច្ច​នគរបាល​បាន​ចុះ​ទៅ​ស៊ើបអង្កេត​នៅ​កន្លែង​កើត​ហេតុផ្ទាល់​នៅព្រឹក​ថ្ងៃ​សៅរ៍​នេះ។ ​គ្រាប់កាំភ្លើង​បាន​ទម្លុះ​ទ្វារ​កញ្ចក់ ​និង​សម្ភារៈ​មួយចំនួន​ ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មនុស្ស​រងគ្រោះ​ថ្នាក់​នោះ​ទេ។

ទ្វារកញ្ចក់គណបក្សសង្គ្រោះជាតិដែលរងការបាញ់ប្រហារ (រូបថត​គណបក្សសង្គ្រោះជាតិ)

សេចក្តីរាយការណ៍របស់ញ៉ឹម សុផល

(02:23)

រហូត​មក​ទល់​ម៉ោង ​១២​ថ្ងៃ​ត្រង់​នេះ ​នៅ​មិនទាន់​មាន​ការបញ្ជាក់​អះអាង​ណាមួយ​ពី​សមត្ថកិច្ច​ ទាក់ទង​ទៅនឹង​លទ្ធផល​ស៊ើបអង្កេត​នៃ​ការបាញ់​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះជាតិ ​កាលពី​ទៀបភ្លឺ​ថ្ងៃ​សៅរ៍នេះ។
 
​ក្រៅពី​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​ ២០​កក្កដា​នេះ​ លោក ​ជួន ណារិន​ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ​បញ្ជាក់​ថា​ សមត្ថកិច្ច​កំពុង​បន្ត​ស៊ើបអង្កេត ​ហើយ​នឹង​ធ្វើ​តាម​ជំនាញ​នឹង​តាម​នីតិវិធី​។ លោក ​ញ៉ែម ​បញ្ញារិទ្ធិ,​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​គណបក្ស​របស់លោក ​ដែល​កំពុង​សហការ​ជាមួយ​នឹង​អាជ្ញាធរ​ប៉ូលីស ​កំពុងតែ​រង់ចាំ​លទ្ធផល​នៃ​ការអង្កេតនេះ​។
 
​ដោយ​បង្ហាញ​ពី​ការ​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​ ធ្លុះធា្លយ​ទ្វារ​កញ្ចក់​ជា​ភស្តុតាង ​លោក​ យ៉ែម​បុញ្ញរិទ្ធិ​ ឲ្យដឹង​ថា​ នេះគឺ​ជាហេតុ​ការបាញ់​គំរាម​លើក​ទី ​២ ​ហើយ​ដែល ​បាន​កើត​ឡើង​​​មក​លើ​គណបក្ស​សង្គ្រោះជាតិ ​ដោយ​កាលពី​លើក​មុន​បាន​កើត​ឡើង​កាលពី​ដើម​ខែ​នេះ​នៅ​ក្នុង​ការប៉ះ​ទង្គិចគ្នា​មួយ​អំឡុង​ពេល​នៃ​ការដង្ហែ​ក្បួន​ឃោសនា​នៅ​ផ្សារ​ដើមថ្កូវ​។​ទោះ​ជា​យ៉ាង​នេះ​ក្តី​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់​ថា​ ហេតុការណ៍​នេះ​នឹង​មិន​ធ្វើ​ឲ្យ​អាក់​ដំណើរការ​ឃោសនា​របស់​ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ នៅ​ថ្ងៃ​នេះ​នៅ​ខេត្ត​កំពង់ស្ពឺ​និង​ខេត្ត​តាកែវ។
 
ជាមួយ​គ្នា​នេះ ​អគ្គលេខាធិការ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ គ.ជ.ប​ លោក​
ទេព ​នីថា ​បាន​ប្រាប់​វិទ្យុ​បារាំង​ RFI​ ថា​អ្នក​ជំនាញ​របស់​លោក ​កំពុង​ពិនិត្យ​វាស់​វែង ​មើល​ដំណើរ​នៃ​ការបាញ់​ ថា​បាញ់​ពី​ខាង​ក្រៅ ​ឬ​ក៏​បាញ់​ពី​ខាង​ក្នុង​ ហើយ​លោក​ដាក់​សំណួរ​ថា​
ហេតុ​អ្វី​បាន​ជា​សមត្ថកិច្ច​នៅ​តំបន់​នោះ​មិន​បាន​ដឹង​អំពី​ការ​បាញ់​នោះ ​ដោយ​ហេតុ​ថា​សំឡេង​ផ្ទុះ​អាវុធ​បាន​កើត​ឡើង​តាំង​ពី​ម៉ោង ​៣​និង​៣០​នាទី​ទៀបភ្លឺ​។
 
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស ​លីកាដូ ​លោក​ អំ​ សំអាត​, បាន​ថ្លែង​ថា​នេះគឺ​ជា​ការ​ព្រួយបារម្ភ​មួយ​របស់​សង្គម​ស៊ីវិល ​ដោយ​សារ​ហេតុការណ៍​នេះ​បាន​ធ្វើ​ឡើង​នៅ​រដូវ​កាល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​និង​ចំពេល​ដែល​លោក​ សម ​រង្សី​,ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ត្រលប់​ចូល​មក​ស្រុក​ខ្មែរ។
 
​លោក​ អំ ​សំអាត​ ចាត់ទុក​ថា​ហតុការណ៍​នេះ​គឺជា​ការ​គំរាម​ផ្នែក​នយោបាយ​មួយ​ ហេតុ​ដូច្នេះ​សមត្ថកិច្ច​ត្រូវតែ​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ស៊ើប​អង្កេត​ឲ្យ​ឃើញ​និង​ប្រកាស​លទ្ធផល ​ចៀស​វាង​រងការ​ចោទ​ប្រកាន់។
 
សូម​បញ្ជាក់​ថា ​បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ​កើត​ឡើង​គណបក្ស​សង្គ្រោះជាតិ ​បាន​ចេញ​
សេចក្តី​ថ្លែងការណ៍​មួយ​ជា​បន្ទាន់ ​ដោយ​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​រាល់​អំពើ​ហិង្សា​ ក្នុង​ចេតនា​បំភិត​បំភ័យ ​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ ចលាចល​ នៅ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles