Monday, 22 July 2013
ជាង សុខា និង មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ/ខេត្ត កំពង់ស្ពឺៈ គណបក្សសង្គ្រោះជាតិ កាលពីម្សិលមិញ បានដាក់លិខិតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ស្នើសុំចុះឈ្មោះលោក សម រង្ស៊ី ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងក្នុងបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោត ខណៈដែលមេបក្សប្រឆាំងល្បីឈ្មោះរូបនេះ និងអនុប្រធានរបស់លោក កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅខេត្ត កំពត។
ក្នុងលិខិត មួយដែលផ្ញើជូនលោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប កាលពីម្សិលមិញ លោក សម រង្ស៊ី បានកត់សម្គាល់ថា ព្រះរាជទានលើកលែងទោស បានលុបចោលទោសរបស់លោករួចហើយ ដែលជាទោសធ្វើឲ្យ គ.ជ.ប លុបឈ្មោះរបស់លោក។ លោក សម រង្ស៊ី បានសរសេរថា៖ «ខ្ញុំសូមស្នើឯកឧត្តម (អ៊ឹម សួស្តី) ពិនិត្យមើលលទ្ធភាពដើម្បីដាក់បញ្ចូលឈ្មោះខ្ញុំ ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតផ្លូវការឡើងវិញ»។ លោកបានស្នើសុំ គ.ជ.ប អនុញ្ញាតឲ្យលោកឈរឈ្មោះជាតំណាងរាស្រ្តក្នុងខេត្ត កណ្តាល។
លោក អ៊ឹម សួស្តី ពុំអាចទាក់ទងបានទេ កាលពីម្សិលមិញ ប៉ុន្តែលោក ទេព នីថា អគ្គលេខាធិការ បានថ្លែងថា គ.ជ.ប នឹងជួបប្រជុំដើម្បីសម្រេចតាមសិទិ្ធរបស់ខ្លួន ផ្អែកលើច្បាប់បោះឆ្នោត។ លោក នីថា បានលើកឡើងម្តងហើយម្តងទៀតថា គ.ជ.ប ពុំមានលទ្ធភាពទេលើកលែងតែមានការធ្វើវិសោធនកម្មច្បាប់។
លោក សម រង្ស៊ី បានវិលត្រឡប់មកកម្ពុជា កាលពីថ្ងៃសុក្រ គឺមួយសប្តាហ៍ បន្ទាប់ពីលោកទទួលបានព្រះរាជលើកលែងទោសពីព្រះមហាក្សត្រ ដែលលុបចោលទោសជាប់ពន្ធនាគារជាង ១១ ឆ្នាំរបស់លោក។ មនុស្សរាប់ម៉ឺននាក់ បានឈរពេញផ្លូវសហព័ន្ធរុស្ស៊ី ចាប់តាំងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតមកដល់សួនសេរីភាពដើម្បីរង់ចាំស្វាគមន៍ការមកដល់របស់លោក សម រង្ស៊ី។ នៅពេលមកដល់ប្រទេសកម្ពុជាភ្លាម លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ រួមជាមួយនិងអនុប្រធានរបស់លោក គឺលោក កឹម សុខា មិនបានអែអង់ឡើយ គឺបានចាប់ផ្តើមចេញធ្វើយុទ្ធនាការភ្លាមៗ។
កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ លោក សម រង្ស៊ី និងលោកកឹម សុខា បានថ្លែងសុន្ទរកថា នៅទូទាំងខេត្ត កំពង់ស្ពឺ ហើយកាលពីម្សិលមិញ លោកបានបន្តដំណើរទៅដល់ខេត្ត កំពត ជាផ្នែកមួយនៃដំណើរទៅខេត្តចំនួន ១៥ នៅមុនថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃសុក្រ។
ថ្លែងនៅក្នុងខេត្ត កំពត កាលពីម្សិលមិញ លោក សម រង្ស៊ី បានជំរុញឲ្យអ្នកបោះឆ្នោតពីគ្រប់មជ្ឈដ្ឋាន ឲ្យបោះឆ្នោតគាំទ្រគណបក្សប្រឆាំងរបស់លោក។ លោកបានថ្លែងថា៖ «ខ្ញុំសូមអំពាវនាវដល់អ្នកគាំទ្រ ទាំងអ្នកមកពីគណបក្សនយោបាយផ្សេងទៀត ប្រសិនបើស្រឡាញ់ប្រទេសយើង … យើងត្រូវតែរួបរួមគ្នា ដើម្បីរកវិធីសង្គ្រោះជាតិយើង»។ លោកបានបន្ថែមថា ពេលវេលាឈ្លោះគ្នា បានកន្លងផុតទៅហើយ។
ទន្ទឹមនឹងនេះ លោក កឹម សុខា បានស្នើឲ្យអ្នកបោះឆ្នោត ត្រូវរួបរួមគ្នាតាមឃ្លាំមើលមណ្ឌលបោះឆ្នោត នៅពេលការបោះឆ្នោតចាប់ផ្តើមដំណើរការនៅថ្ងៃអាទិត្យ ហើយនាំគ្នាធ្វើការតវ៉ា ប្រសិនបើមើលឃើញមានអ្នកទាំងឡាយមកពីភូមិដទៃទៀត មកចូលរួមបោះឆ្នោតនៅក្នុងភូមិរបស់ខ្លួន។
លោកបានបន្ថែមថា៖ «ប្រសិនបើបងប្អូនឃើញអ្នកណាម្នាក់ ដែលមិនមែនជាអ្នករស់នៅក្នុងភូមិបងប្អូនទេ តែមកបោះឆ្នោតក្នុងភូមិបងប្អូននោះ សូមបងប្អូនទាំងអស់គ្នាស្រែកឲ្យខ្លាំងៗ កុំអនុញ្ញាតឲ្យពួកគេបោះឆ្នោត»។ លើសពីនេះទៀតលោកបន្តថា៖«ប្រសិន បើបងប្អូនបោះឆ្នោតចប់ សូមកុំទាន់វិលត្រឡប់ទៅផ្ទះ រង់ចាំរហូតដល់ម៉ោង ៣ ដើម្បីពិនិត្យមើលការរាប់សន្លឹកឆ្នោត។ សូមឃ្លាំមើលហិបឆ្នោត ដើម្បីធានាថា ពួកគេមិនបោកប្រាស់យើង។ ប្រសិនបើបងប្អូនធ្វើបែបនេះ គណបក្សសង្គ្រោះជាតិនឹងឈ្នះ ១០០ ភាគរយ»។

japopup type=”image” content=”http://www.postkhmer.com/images/stories/news/national_pk/2013/130722/130722_05.jpg” title=”អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ស្ពឺ។ រូបថត ហេង ជីវ័ន” >

ក្នុងសុន្ទរកថា ដែលថ្លែងទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់ទូទាំងស្រុកដែលជាទីតាំងរឹងមាំរបស់គណបក្សប្រជាជន ក្នុងខេត្ត កំពង់ស្ពឺ កាលពីថ្ងៃសៅរ៍ ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ បានសន្យាជាថ្មីម្តងទៀតថា នឹងលាងសម្អាតរដ្ឋាភិបាល។ នៅផ្សារ ក្នុងក្រុង ច្បារមន លោក សម រង្ស៊ី បានថ្លែងថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ដែលស្រឡាញ់ប្រទេសជាតិ ដែលស្រឡាញ់យុត្តិធម៌ ដែលអាណិតជនរងគ្រោះ ប្រជាជនក្រីក្រ និងប្រជាជនទន់ខ្សោយ ដែលទទួលរងទុក្ខដោយសារតែការចាប់យកដីធ្លី និងការចាប់យកផ្ទះសម្បែង សូមរួមគ្នាបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ»។
ឈរនៅលើរថយន្តកាន់មីក្រូហ្វូន លោក សម រង្ស៊ី បានថ្លែងទៅកាន់អ្នកលក់ដូរ នៅក្រៅផ្សារខេត្ត កំពង់ស្ពឺ ដោយរិះគន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះអំពើពុករលួយ ការបំផ្លាញធនធានធម្មជាតិ និងការហូរចូលជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់។
អ្នកគាំទ្រប្រហែល ៣០០០ នាក់ បានប្រមូលផ្តុំគ្នា នៅការិយាល័យគណបក្សសង្គ្រោះជាតិកាល ពីព្រឹកថ្ងៃសៅរ៍ ធ្វើឲ្យមានការកកស្ទះចរាចរណ៍តាមផ្លូវ ខណៈពេលដែលពួកគេរង់ចាំការមកដល់របស់លោក សម រង្ស៊ី ក្នុងនោះយ៉ាងហោចណាស់អ្នកគាំទ្រម្នាក់បានដួលសន្លប់ នៅក្នុងហ្វូងមនុស្សដែលអ៊ូអរនោះ។
លោក សម រង្ស៊ីបានថ្លែងថា៖«ប្រសិនបើយើងមិនប្រយ័ត្ន កម្ពុជានឹងក្លាយជាវៀតណាម កម្ពុជានឹងក្លាយជាកម្ពុជាក្រោមទីពីរ។ យើងនឹងក្លាយជាខេត្តដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម។ មេដឹកនាំបច្ចុប្បន្នបានប្រព្រឹត្តអំពើពុករលួយ សូមបងប្អូនជនរួមជាតិទាំងអស់ធ្វើការផ្លាស់ប្តូរ មេដឹកនាំពុករលួយ ដាក់មេដឹកនាំស្អាតស្អំ ដូច្នេះ ប្រទេសយើងនឹងមានយុតិ្តធម៌ ហើយអាចអភិវឌ្ឍបានដូចប្រទេសអភិវឌ្ឍន៍ដទៃទៀត»។ លោកបានបន្តថា៖«បងប្អូនជនរួមជាតិទាំងអស់ នេះគឺជាឱកាសចុងក្រោយ។ ប្រសិនបើយើងមិនសង្គ្រោះជាតិយើងទេ ៤ ឬ ៥ ឆ្នាំទៀត គឺយឺតពេលហើយ កម្ពុជានឹងមានវៀតណាមពេញទឹកពេញដីយើងនឹងក្លាយជាទាសករវៀតណាម»។
ថ្លែងទៅកាន់អ្នកគាំទ្រកាលពីថ្ងៃសៅរ៍ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានគូសបញ្ជាក់ជាថ្មីទៀតនៅចំពោះអ្នកគាំទ្រថា លោកមិនដែលមានពិរុទ្ធទេ ហើយការលើកលែងទោស ដែលស្នើឡើងដោយលោក ហ៊ុន សែន គឺគ្រាន់តែជាការកែតម្រូវអំពើខុសឆ្គងតែប៉ុណ្ណោះ។
ឈរលើម៉ូតូ ស្តាប់សុន្ទរកថា អ្នកស្រី នូវ សុគន្ធា អាយុ ៣១ ឆ្នាំ បានថ្លែងថា អ្នកស្រីជឿជាក់ថា គណបក្សសង្គ្រោះជាតិនឹងរៀបចំប្រព័ន្ធសោធននិវត្តន៍បានល្អប្រសើរឡើង និងបង្កើនប្រាក់ឈ្នួលរបស់កម្មករកាត់ដេរដូចរូបអ្នកស្រី។ ជាស្រីមេម៉ាយកូនពីរនាក់ អ្នកស្រីបានបន្ថែមថា៖«ខ្ញុំពិតជារីករាយណាស់ថ្ងៃនេះ។ ខ្ញុំសង្ឃឹមថា គ្រួសារយើងនឹងទទួលបានអត្ថប្រយោជន៍ពីគណបក្សសង្គ្រោះជាតិ ប្រសិនបើពួកគេឈ្នះ»។ អ្នកស្រីបានបន្ថែមថា អ្នកស្រី តែម្នាក់គត់ដែលហ៊ានចេញមុខ ចំពោះអាជ្ញាធរមូលដ្ឋានដែលគ្រប់គ្រងដោយគណបក្សប្រជាជន។
អ្នកស្រីបានបន្ថែមថា៖ «គិតមកដល់ពេលនេះ គ្មានអ្វីត្រូវខ្លាចគណបក្សប្រជាជនទៀតទេ។ ខ្ញុំឈប់ខ្លាចទៀតហើយ។ បើទោះបីជាគេគំរាមខ្ញុំ ខ្ញុំនឹងលែងខ្លាចទៀតហើយ»។
រត់ទៅចាប់ដៃលោក សម រង្ស៊ី ខណៈដែលលោកស្វាគមន៍អ្នកគាំទ្រ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ លោក ហង្ស សុភក្រ្តា អាយុ ៣៥ ឆ្នាំ ដែលបើកបររថយន្តឈ្នួល បានថ្លែងថា លោកសង្ឃឹមថា តម្លៃប្រេង នឹងធ្លាក់ចុះ ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះ។ លោក បានថ្លែងថា៖ «អាជីវកម្មរបស់យើងមិនសូវល្អ ព្រោះយើងចំណាយច្រើនលើថ្លៃផ្លូវ និងប្រេង»។
បន្ទាប់ពីចុះទៅស្រុកជាច្រើន ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ បានឈប់នៅផ្សារថ្នល់ទទឹង នៅព្រំដែនខេត្ត កណ្តាល និងខេត្ត កំពង់ស្ពឺ។ ខណៈពេលពួកគេទៅដល់ក្រុមអ្នកគាំទ្រគណបក្សប្រជាជនបានមកតាមពីក្រោយ ហើយចាក់តន្រ្តីខ្លាំងៗធ្វើឲ្យគេមិនអាចស្តាប់សុន្ទរកថារបស់លោក សម រង្ស៊ីបាន។ ដោយមានភាពស្ទាក់ស្ទើរតិចតួច លោក សម រង្ស៊ី បានចុះពីឡាននិងចាប់ផ្តើមដើរជុំវិញផ្សារ ដើម្បីស្វាគមន៍អាជីវករដោយផ្ទាល់។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងដែលជាអ្នកនាំពាក្យគណបក្សកាន់អំណាចផងដែរនោះ បានថ្លែងថា ការអះអាងរបស់លោក សម រង្ស៊ី គឺជាការក្អេងក្អាងប៉ុណ្ណោះ។ លោក ខៀវ កាញារីទ្ធ បានថ្លែងថា៖ «យើងមិនព្រួយបារម្ភអំពីការអះអាងរបស់គណបក្សសង្គ្រោះជាតិនោះទេ។ វាគ្រាន់តែជារលកនៅលើផ្ទៃសមុទ្រប៉ុណ្ណោះ ប៉ុន្តែនៅទឹកជ្រៅគឺជាកម្លាំងរបស់គណបក្សប្រជាជន»។ លោកក៏បានការពារប្រវតិ្តល្អ របស់រដ្ឋាភិបាល ក្នុងការបង្ក្រាបអំពើពុករលួយផងដែរ ដោយលោកកត់សម្គាល់ថា៖«យើងមានច្បាប់ប្រឆាំងអំពើពុករលួយរួចហើយ … មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលទាំងអស់ត្រូវបានតម្រូវឲ្យ ប្រកាសទ្រព្យសម្បតិ្តរបស់ខ្លួន។ យើងបានផ្សព្វផ្សាយអំពីកម្រៃនៃសេវាសាធារណៈភាគច្រើន។ នេះជាចំណុចចាប់ផ្តើមនៃនីតិរដ្ឋ»៕TK
រាយការណ៍បន្ថែមដោយ ឆាយ ច័ន្ទនីដា