ថ្ងៃទី 23 កក្កដា 2013
ដោយ: ម្លិះ
CEN
ភ្នំពេញ: កញ្ញា ហង្ស សុជាតា បានក្លាយជាតារាចម្រៀងពេញសិទ្ធិនៅផលិតកម្ម ចម្រៀង និងភាពយន្តខ្មែរ Reload Music បន្ទាប់ពីកញ្ញា បានចុះកិច្ចសន្យាជាផ្លូវការ ជាមួយនឹងតំណាងក្រុមហ៊ុន កាលពីខែមុននេះ។

នៅដើមឆ្នាំ២០០៣ កញ្ញាបានចូលធ្វើជាអ្នកចម្រៀង ប្រចាំផលិតកម្ម ក្នុងស្រុកមួយ គឺផលិតកម្ម Spark។ ក្នុងអំឡុងពេលនៅផលិតកម្ម Spark កញ្ញាក៏ធ្លាប់ទទួលបានប្រជាប្រិយភាពច្រើនដែរពីសំណាក់ទស្សនិកជន និងមិត្តយុវវ័យតាមរយៈបទជាច្រើនដូចជា គាត់មកឯង, លុយបងមានទេ, មិនថាមិនបាន, ទាល់ច្រក, សាកល្បងស្នេហ៍បងម្តងទៀត, ស្អាតតែអន់ចរិក…។
ក្រៅពីសមត្ថភាពច្រៀង កញ្ញាសុជាតា មានទេពកោសល្យផ្នែករាំ និងសម្តែងបានយ៉ាងល្អផងដែរ ព្រោះពេលនៅផលិតកម្ម Spark កញ្ញាក៏ធ្លាប់ចូលរួមសម្តែងក្នុងរឿង “ព្យុះជីវិតយុវវ័យ” ដែលបានចាក់ផ្សាយនៅស្ថានីយ៍ទូរទស្សន៍បាយ័ន ហើយទទួលបានការគាំទ្រច្រើនណាស់ដែរ។

បន្ទាប់ពីចាកចេញពីផលិតកម្ម Spark នោះហើយកញ្ញាមិនបានចូលផលិតកម្មណាទៀតឡើយ គឺមានតែគេអញ្ញើញនៅតាមកម្មវិធីផ្សេងៗនៅតាមស្ថានីយ៍ទូរទស្សន៍ និងតាមConcertធំៗជាច្រើន។ បច្ចុប្បន្ននេះកញ្ញាមានអាជីពផ្ទាល់ខ្លួនមួយ គឺអ្នកកាត់សំលៀកបំពាក់ម្នាក់ដ៏ជំនាញ និងច្នៃម៉ូតផងដែរ។
សូមរំលឹកថា កញ្ញា ហង្ស សុជាតា មានស្រុកកំណើតនៅភ្នំពេញ និងកំពុងរស់នៅក្នុងទីក្រុងភ្នំពេញ។ កញ្ញាស្រលាញ់វិស័យសិល្បៈផ្នែកចម្រៀងនេះ តាំងពីក្មេងមកម្លេះ ដូចនេះហើយ ទើបជំរុញអោយកញ្ញាខំហ្វឹកហាត់រៀនច្រៀង ពីឪពុកមារបស់កញ្ញាផ្ទាល់ ព្រោះគាត់មានវង់តន្ត្រីស្រាប់។

បន្ទាប់ពីការហាត់រៀនចេះហើយ កញ្ញាក៏បានសំរេចចិត្តចូលប្រលងសិល្បៈកាលពីឆ្នាំ ២០០០ ប៉ុន្តែកាលនោះ កញ្ញាដើរច្រៀងតាមក្លឹបធំៗជាច្រើននៅក្នុងភ្នំពេញ។ នៅចុងឆ្នាំ ២០០១ កញ្ញាក៏ត្រូវបានគេអញ្ជើញអោយទៅសម្តែងនៅប្រទេសបារាំង។
រាល់ពេលទំនេរ កញ្ញាចូលចិត្តរកអ្វីដែលថ្មី ដើម្បីច្នៃម៉ូតសំលៀកបំពាក់ជូនអតិថិជនរបស់កញ្ញា។ ក្រៅពីការច្នៃម៉ូត កញ្ញាចូលចិត្តដើរ Shopping។ កញ្ញាបានបន្ថែមទៀតថា កញ្ញាអត់មានបំណងអ្វីផ្សេងក្រៅពីព្យាយាម ដើម្បីជោគជ័យក្នុងវិស័យសិល្បៈ និងមុខរបររបស់កញ្ញាផ្ទាល់ប៉ុណ្ណោះ៕
