ថ្ងៃ ព្រហស្បតិ៍ 01 សីហា 2013
ដោយ ប៉ែន បូណា
RFI
ព្រះសពរបស់សម្តេច នរោត្តម វជ្ជរ៉ា ត្រូវបានបូជា នៅវេលាម៉ោង ២រសៀល ថ្ងៃព្រហស្បតិ៍ទី ១ សីហា ម៉ោង នៅប្រទេសបារាំង នៅឯទីកន្លែងបញ្ចុះសព Père la Chaise ក្នុងទីក្រុងប៉ារីស ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់សហគមន៍ខ្មែរ នៅប្រទេសបារាំង និងក្រុមគ្រួសាររាជវង្សផងដែរ។ នេះបើយោងតាមប្រភពពីក្រុមគ្រួសារព្រះសព នៅទីក្រុងប៉ារីស។
សម្តេចនរោត្តម វជ្ជរ៉ា បានសោយទិវង្គត នៅវេលាម៉ោង ៤រសៀល នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ក្នុងព្រះជន្ម ៦៨ព្រះវស្សា ដោយព្រះរោគាពាធ។ ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងទៅគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពនៅឯដំណាក់របស់សម្តេច នរោត្តម សិរិវុឌ្ឍក្នុងទីក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃទី ២៩កក្កដា។
សម្តេច នរោត្តម វជ្ជរ៉ាគឺជាព្រះអនុជ មាតាទីទៃ របស់ព្រះករុណាព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ។ ព្រះអង្គ មានព្រះស្វាមីជាជនជាតិបារាំងឈ្មោះYves Dumont និងបុត្រានាម Kevin Dumont។ ព្រះអង្គធ្លាប់ធ្វើសកម្មភាពសង្គម និងនយោបាយជាច្រើន កាលនៅមានព្រះជន្ម។ សម្តេច នរោត្តម វជ្ជរ៉ាក៏ធ្លាប់ធ្វើជាតំណាងរាស្ត្រ កាលពីឆ្នាំ ១៩៩៨ ក្នុងរាជរដ្ឋាភិបាល អាណត្តិទី២ ប្រចាំមណ្ឌលសៀមរាប និងជាប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋសភាផងដែរ។ បន្ទាប់មក ព្រះអង្គក៏បានវិលត្រឡប់ ទៅនៅប្រទេសបារាំងវិញ រហូតដល់ពេលមានព្រះរោគាពាធ៕
