សហ​ភាព​អឺរ៉ុប​ស្នើ​ភាគី​គណ​បក្ស​នៅ​កម្ពុជា​រក្សា​ស្ថិរ​ភាព​នយោ​បាយ​ក្រោយ​ការ​បោះឆ្នោត

ថ្ងៃ ព្រហស្បតិ៍ 01 សីហា 2013
ដោយ គឹម យុទ្ធណា
RFI

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ស្នើ​ឲ្យ​ភាគី​គណបក្សនយោបាយ​រក្សា​ស្ថេរភាព សន្តិភាព និង​ស្នើ​ឲ្យ​លើកយក​បញ្ហា​ក្រោយ​ការបោះឆ្នោត​យកមក​ដាក់​នៅលើ​តុ​ចរចា ដើម្បី​ពិភាក្សា​​គ្នា​ដោយ​សន្តិវិធី ដោយ​ចៀសវាង​នូវ​អំពើ​ហិង្សាផ្សេង។

លោក Jean-François Cautain ឯកអគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប នៅ​ក្រសួង​ការ​បរទេស និង​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​កាល​ពី​ព្រឹក​ថ្ងៃទី១ សីហា។ Siv Channa/RFI

សេចក្តីរាយកាណ៍របស់​ គឹម យុទ្ធណា

(02:15)

នៅក្នុង​ជំនួប​បិទទ្វារ​មួយ​ជាមួយ ​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ការ​បរ​ទេស នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍ ដែល​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួងការបរទេស និង​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ លោក ហ្ស​ង់​ហ្វ្រ​ង់​ស័​រ កូ​តាំង ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា បាន​​ថ្លែងថា ជាទូទៅ ​កិច្ច​ដំណើរ​បោះឆ្នោត​នៅក្នុង​ប្រទេ​ស​កម្ពុជា​នាពេល​កន្លងទៅថ្មីៗនេះ​មាន​លក្ខណៈ​ល្អប្រសើរ ដោយមាន​ការចូលរួម​ច្រើន​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត ពិសេស​នោះ​គឺ​ការចូលរួម​របស់​យុវជន​ដែលមាន​លក្ខណៈ​ផុលផុស​ច្រើន ខណៈដែល​អ្នកនយោបាយ​កម្ពុជា​មាន​ភាពចាស់ទុំ​ខាង​នយោបាយ​ច្រើនជាង​មុន។

តាមរយៈ​ លោកអ៊ុចបូរិទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​បិទទ្វារ​នោះ​លោក ហ្ស​ង់​ហ្វ្រ​ង់​ស័​រ កូ​តាំង បាន​ថ្លែងថា ភាព​មិន​ប្រក្រតី និង​ការតវ៉ា​នានា​ដែល​កើតមានឡើង​ក្រោយ​ការបោះឆ្នោត វា​ជា​រឿង​ធម្មតា​ដែល​កើត​មាន​តាម​បណ្តា​ប្រទេស​មួយចំនួន​ដែលមាន​ប្រព័ន្ធ​បោះឆ្នោត​ដូច​នៅ​កម្ពុជា ប៉ុន្តែ​អ្វីដែល​សំខាន់​​នៅពេលនេះ​​ សម្រាប់​កម្ពុជា ដែល​កើតមានឡើង​នូវ​ភាពមិនប្រក្រតី​ក្រោយពី​ការបោះ​ឆ្នោត គឺ​អ្នកនយោបាយ​កម្ពុជា«គ្រប់ភាគី​ទាំងអស់​គួរ​លើកយក​បញ្ហា​នេះ​មក​ជជែក​គ្នា​ដោយ​សន្តិវិធី ដើម្បី​រក្សា​សណ្តាប់ធ្នាប់ សន្តិភាព និង​ស្ថេរភាព​នយោបាយ​ជូន​ប្រជាពលរដ្ឋ»។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៏​នេះ អ្នកនាំពាក្យ​របស់លោក​ស្រី Catherine Ashton តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការបរទេស​និង សន្តិសុខ បាន​ថ្លែង​សាទរ​ចំពោះ​ប្រជាជន​កម្ពុជា​ដែល​បាន​ចូលរួម​ការបោះឆ្នោត។ ប៉ុន្តែ​អ្នកស្រី​ក៏បាន​លើកឡើង​ផងដែរ​ថា ដោយ​ផ្អែក​លើ​លទ្ធផល​បណ្តោះអាសន្ន គ្រប់ភាគី​គួរតែ​ចូលរួម​ជា​វិជ្ជមាន​ក្នុងការ​កសាង​​អនាគត​ប្រទេសជាតិ និង​បង្ហាញ​ការប្តេជ្ញាចិត្ត​ប្រកបដោយ​ន័យ​ស្ថាបនា​ក្នុង​ការធ្វើ កំណែទម្រង់​ចាំបាច់​នានា​ក្នុងទិសដៅ​ពង្រឹង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា។

សហភាព​អឺរ៉ុប​ក៏បាន​សម្តែង​ក្តី​សង្ឃឹមថា រាល់​ជម្លោះ​នានា​ដែល​បញ្ជូនទៅ​គ.ជ.ប និង​រាល់​ចំណាត់ការ​នានា​នឹង​ធ្វើឡើង​ដោយ​តម្លាភាព និង​យ៉ាង​ឆាប់រហ័ស។ ជា​ចុង​ក្រោ​សហភាព​អឺរ៉ុប​ក៏បាន​អំពាវនាវ​ឲ្យ​គ្រប់ភាគី​រក្សា​ឲ្យ​បាន​នូវ ស្មារតី​សន្តិភាព​និង​ប្រជាធិបតេយ្យ៕

 

What Next?

Recent Articles