ថ្ងៃទី 1 សីហា 2013
ដោយ: ពិទូរ្យ
CEN
ភ្នំពេញ: តារាសម្តែងរាងខ្ពស់ច្រមុះស្រួច រតនៈ វិសិដ្ឋ ទើបតែជួបប្រទះនូវការអាក់ខាន មិនបានសម្តែងរឿងភាគឲ្យទូរទស្សន៍កន្លងមក ហើយថ្មីៗនេះទៀត រឹតតែធ្វើឲ្យឱកាសកើបប្រាក់ក្រៅស្រុកត្រូវជ្រុះបាត់ខកខាន ដោយមិនចេញទៅសម្តែង ព្រោះតែសមាជិកក្នុងក្រុមខ្វះឯកសារមិនគ្រប់គ្រាន់។ ហេតុនេះហើយ ធ្វើឲ្យដំណើរឆ្លងទ្វីប ត្រូវពន្យារពេល អាចចន្លោះពី ២សប្តាហ៍ ទៅ ១ខែកន្លះ។

ប៉ុន្តែថ្វីត្បិតតែរង់ចាំយូរបន្តិចមែន តែគ្រប់គ្នា ដែលមានឈ្មោះត្រូវទៅអូស្ត្រាលី នៅតែរង់ចាំតែពេលវេលាមកដល់។ ចំណែក រតនៈ វិសិដ្ឋ នៅតែមានគេមកទាក់ទងថតរឿងជាប់ តែត្រូវបានតារារូបនេះ លុបកុងត្រាជាមួយផលិតកម្ម ជាប់គាំងគ្មានផ្លូវដើរនោះទេ ព្រោះគេកំពុងត្រៀមខ្លួនថតរឿងឲ្យផលិតដ៏ល្បីឈ្មោះ តែសាច់រឿងទាំងស្រុងត្រូវលាក់ទុកសិន។
ក្នុងជំនួបតាមទូរស័ព្ទ កាលពីម្សិលមិញ តារាចម្រៀងរូបនេះ ប្រាប់ថា ការបាត់បង់ឱកាសសម្តែងជាតួរឯកលើកមុននោះ មិនមែនជាបញ្ហាអីទេ។ ចំណែកការរឿងទៅអូស្ត្រាលី ត្រូវពន្យាពេលនោះវាជារឿងគួរឲ្យស្តាយ ព្រោះលោកបានរៀបគំរោងថតរឿង ដើម្បីទទួលកុងត្រាថតរឿង តែមកដល់ចំណុចនេះ តារាសម្តែងដែលមានស្នាមញញឹមស្អាត រូបនេះ ត្រូវបង្ខំចិត្តលុបកុងត្រា ជាមួយផលិតកម្មវិញ បន្ទាប់ពីគម្រោងទៅអូស្ត្រាលី ត្រូវពន្យារពេល រហូតដល់១ខែ។ ដូច្នេះប្រសិនបើ រតនៈ វិសិដ្ឋ ព្រមទទួលថតរឿងលុះត្រាណា ផ្អាកការចេញដំណើរទៅអូស្ត្រាលី។
តារាសម្តែង មាឌមាំ រតនៈ វិសិដ្ឋ បានបន្ថែមថា “មូលហេតុដែលគេត្រូវលើកពេល ទៅអូស្ត្រាលីនោះ ខ្ញុំក៏មិនដឹងមូលហេតុច្បាស់លាស់ដែរ គ្រាន់តែខាងសមាគម គេប្រាប់ថា លើកពេលដល់ខែក្រោយ”។

វាជាឱកាសថ្មីមួយ សម្រាប់តារាសម្តែងវ័យ ២៧ ឆ្នាំ រូបនេះ ព្រោះ វិសិដ្ឋ ហាក់មិនទាន់សម្របខ្លួនបាននៅឡើយ សម្រាប់ឱកាសទៅសម្តែងនៅក្រៅប្រទេស ព្រោះកន្លងមកការងារក្នុងសិល្បៈ រតនៈ វិសិដ្ឋ មានឱកាសតែម្តងប៉ុណ្ណោះ ពេលដែលលោកធ្វើដំណើរទៅសម្តែងជាមួយតារារួមក្រុមលើទឹកដីបច្ចេកវិទ្យាជប៉ុន លើកដំបូង ដូច្នេះដើម្បីជាឱកាសបានជាន់ទឹកដីកង់ហ្គូរ៉ូ រតនៈ វិសិដ្ឋ ដាច់ខាតត្រូវតែលុបកុងត្រា ជាមួយផលិតកម្ម ដែលលោកចុះកុងត្រាថតរឿង។
វាមិនមែនជារឿងចម្លែកឡើយ សម្រាប់តារាសម្តែងដែលមិនទាន់មានក្រេឌីតល្អ សម្រាប់ដំណើរសម្តែងក្រៅស្រុក ដូច្នេះ រតនៈ វិសិដ្ឋ ចាំបាច់ត្រូវតែលុបគម្រោងសម្តែងរឿងចោល ដើម្បីសន្សំពិន្ទុឲ្យបានល្អ ហើយស្រវាឱកាសក្រៅស្រុក ទោះបីជាពេលវេលាត្រូវរង់ចាំបន្តិចក្តី ព្រោះបើតាមការឲ្យដឹងពីអ្នកស្និទ្ធនឹងអ្នកសិល្បៈ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា រតនៈ វិសិដ្ឋ ក៏ជាមុខព្រួញរបស់ម្ចាស់ផលិតកម្ម នៅឯនាយសមុទ្រ(អាមេរិក)ផងដែរ។
បើតាមការឲ្យដឹងនោះ បញ្ជាក់ថា គេនឹងធានា តារាសម្តែង ដែលមានប្រភពមកពីខេត្តបាត់ដំបងរូបនេះ ឲ្យទៅសម្តែងច្រៀងរាំផងដែរ នៅអាមេរិក បន្ទាប់ពីតារារូបនេះ វិលត្រឡបមកពីអូស្ត្រាលីវិញ៕