ក្រុមត្រួតពិនិត្យផ្ទៀងផ្ទាត់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងនៅថ្ងៃទី១ ខែសីហា ដល់ក្រុមអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ថា ក្រុមត្រួតពិនិត្យផ្ទៀងផ្ទាត់នៃ គ.ជ.ប នឹងចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតអាណត្តិទី៥ ចាប់ពីថ្ងៃទី៣ ខែសីហា។
ដោយ ទេព សុរ៉ាវី
2013-08-01
RFA

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា ធ្វើសន្និសីទកាសែត នាទីស្ដីការ គ.ជ.ប កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២។ RFA/Sok Serey
អង្គការសង្គមស៊ីវិល ចាត់ទុកថា ការត្រួតពិនិត្យលទ្ធផលបោះឆ្នោតនោះជាយន្តការចាស់របស់ គ.ជ.ប ហើយយន្តការនេះទំនងធ្វើឡើងដោយគ្មានប្រសិទ្ធភាព។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ឲ្យដឹងនៅថ្ងៃទី១ ខែសីហា ថា ដើម្បីឆ្លើយតបនឹងយន្តការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត គ.ជ.ប នឹងទទួលយករាល់របាយការណ៍ស្ដីពីភាពមិនប្រក្រតីយកមកដោះស្រាយ។
នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា អង្គការឃ្លាំមើលការបោះឆ្នោត ប្រជាពលរដ្ឋ និងមន្ត្រីគណបក្សសង្គ្រោះជាតិ រកឃើញថា មានភាពមិនប្រក្រតីច្រើនកើតឡើង រួមមានជាអាទិ៍ ទឹកខ្មៅលុបលាងជ្រះ មានជនជាតិវៀតណាម ទៅបោះឆ្នោត មានការចេញលិខិតបញ្ជាក់អត្តសញ្ញាណច្រើនឲ្យទៅបោះឆ្នោត ការបាត់ឈ្មោះអ្នកបោះឆ្នោត ការយកមនុស្សពីកន្លែងផ្សេងទៅបោះឆ្នោត និងការរាប់សន្លឹកឆ្នោតមិនមានតម្លាភាពជាដើម។
លោក ទេព នីថា បញ្ជាក់ថា គណបក្សនយោបាយដែលចូលរួមការប្រកួតប្រជែងការបោះឆ្នោត និងភាគីពាក់ព័ន្ធទាំងអស់ អាចបញ្ជូនរបាយការណ៍ពីភាពមិនប្រក្រតីទាំងនោះទៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ឬក៏យកមកដាក់នៅ គ.ជ.ប តែម្តង ដើម្បីឲ្យ គ.ជ.ប ពិនិត្យ និងសម្រេចដោះស្រាយជាមួយអង្គការសង្គមស៊ីវិល៖ «ឧទាហរណ៍ថា គាត់មានបញ្ហាអីមានកញ្ចប់សន្លឹកឆ្នោតពីឃុំណាច្បាស់លាស់ពីខេត្តណា គាត់ដាក់មក គ.ជ.ប នឹងពិនិត្យមើលថា ត្រូវបើកមើលយ៉ាងម៉េច អ៊ីចឹងហើយមើលទាំងអស់គ្នាតែម្តង នេះជានីតិវិធីដែលយើងអនុវត្តស្របតាមនីតិវិធីដែល គ.ជ.ប ធ្វើក្នុងការត្រួតពិនិត្យលទ្ធផលនៃការបោះឆ្នោតនៅតាមរាជធានីខេត្ត ក៏ដូចជាដោះស្រាយបណ្ដឹងដែរ»។
តាមគម្រោង ការពិនិត្យផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតនោះ គឺត្រូវធ្វើឡើងចាប់ពីថ្ងៃទី៣ ខែសីហា ហើយនឹងត្រូវបញ្ចប់ឲ្យបានមុនថ្ងៃចេញលទ្ធផលបណ្តោះអាសន្ន គឺនៅថ្ងៃទី១០ ខែសីហា។ ក្នុងករណីពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតមិនទាន់ទេនោះ គ.ជ.ប អាចពន្យារពេលនៃការប្រកាសលទ្ធផលបណ្ដោះអាសន្ន។
ទាក់ទងការពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតរបស់ គ.ជ.ប នេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ យល់ថាជាសញ្ញាណមួយល្អប្រសើរ។ ប៉ុន្តែ គ.ជ.ប ក៏ត្រូវមានយន្តការថ្មីទៀត ដោយចូលរួមសហការបង្កើតគណៈកម្មការថ្មីមួយ ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត៖ «បញ្ហានៅតែស្មុគស្មាញជានិច្ចកាល អ៊ីចឹងហើយបានយើងមានគណៈកម្មការថ្មីស៊ើបអង្កេតភាពមិនប្រក្រតី ហើយយកដំណោះស្រាយចាត់វិធានការសមស្រប ដើម្បីផ្តល់យុត្តិធម៌ដល់ប្រជារាស្ត្រខ្មែរ កែលទ្ធផលនៃការបោះឆ្នោតឲ្យស្របនឹងឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ គឺ គ.ជ.ប អាចមានជាយោបល់ចូលរួម ប៉ុន្តែយើងមិនរំពឹងលើ គ.ជ.ប ទេ»។
ក្រុមតាមដានការបោះឆ្នោតដែលគេហៅថា បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតឆ្នាំ២០១៣ ដែលមានអង្គការសង្គមស៊ីវិលជាង ៣០ ចូលរួម បានប្រជុំគ្នានៅរសៀលថ្ងៃទី១ ខែសីហា ពាក់ព័ន្ធនឹងការពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា និចហ្វិក (NICFEC) លោក ហង្ស ពុទ្ធា ឲ្យដឹងថា សមាជិកបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតប្រកាន់ជំហរធ្វើការអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោតនៅតាមបណ្ដាខេត្តមួយចំនួន។ លោកបន្តថា មន្ត្រីស៊ើបអង្កេតចំនួន ២៥នាក់ នឹងចុះទៅគោលដៅខេត្តចំនួន៧ ដែលរកឃើញថា មានភាពមិនប្រក្រតីច្រើនជាងគេ ហើយការស្រាវជ្រាវនោះត្រូវចំណាយពេលយ៉ាងហោចណាស់ ១៥ថ្ងៃ។ លោកបញ្ជាក់ថា ចំពោះលទ្ធផលរកឃើញនឹងត្រូវវាយតម្លៃថាភាពមិនប្រក្រតីទាំងនោះ ជះឥទ្ធិពលទៅដល់សំឡេងឆ្នោត និងអាសនៈសភាដែរឬទេ?៖ «អ្វីដែលយើងចុះ ២៥នាក់ហ្នឹង គឺយើងត្រូវរកឲ្យស៊ីជម្រៅនូវភាពមិនប្រក្រតី ដែលបានទទួលរបាយការណ៍មក»។
យ៉ាងណា គ.ជ.ប មិនទាន់បានកំណត់បែងចែកចំនួនអាសនៈដែលគណបក្សនយោបាយត្រូវទទួលបាននៅឡើយទេ។ កាលពីថ្ងៃទី២៨ កក្កដា មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា គណបក្សខ្លួនឈ្នះដោយបានទទួលអាសនៈចំនួន៦៨ ក្នុងរដ្ឋសភា ហើយគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៥អាសនៈ។ ប៉ុន្តែក្រោយមក ខាងគណបក្សសង្គ្រោះជាតិ ក៏ប្រកាសថាគណបក្សខ្លួនឈ្នះបានចំនួន ៦៣អាសនៈដែរ។ មកទល់ពេលនេះ មិនទាន់មានលទ្ធផលការបោះឆ្នោតជាផ្លូវការដែលត្រូវប្រកាសដោយ គ.ជ.ប នៅឡើយ។
គ.ជ.ប បានចេញលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ បង្ហាញថា គណបក្សប្រជាជនកម្ពុជា មានសំឡេងគាំទ្រច្រើនជាងគេរហូតជាង ៣លាន ២សែនសំឡេង (៣.២២៧.៧២៩សំឡេង) គណបក្សសង្គ្រោះជាតិ ទទួលបានជាង ២លាន ៩សែនសំឡេង (២.៩៤១.១៣៣សំឡេង) គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានជាង ២សែន ៤ម៉ឺនសំឡេង (២៤១.៨៦៦សំឡេង)។ ក្រៅពីនោះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានជិត ៧ម៉ឺនសំឡេង (៦៩.៦៦៧សំឡេង)។ គណបក្សខ្មែរឈប់ក្រ ទទួលបានជាង ៤ម៉ឺនសំឡេង (៤៣.៣១២សំឡេង)។ គណបក្សសញ្ជាតិកម្ពុជា ៣៧.៩៦៣សំឡេង និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ៣៤.៥៦៩សំឡេង ហើយគណបក្សដែលបានសំឡេងតិចជាងគេ គឺគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ទទួលបានជិត ២ម៉ឺនសំឡេង (១៩.៨៧១សំឡេង)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្ពុជាស្នើឲ្យបេសកកម្មការទូតបរទេសកុំដើរតួនាទីគាំទ្របក្សប្រឆាំង
- លោក សម រង្ស៊ី សាទរចំពោះការគាំទ្ររបស់លោក ហ៊ុន សែន បង្កើតគណៈកម្មការចម្រុះ
- សកម្មជនបក្សសង្គ្រោះជាតិចោទមេឃុំបក្សប្រជាជនថាបន្តគំរាមកំហែង
- អ្នកវិភាគ៖ ចិនមិនគួរប្រគល់អាវុធមកកម្ពុជាក្រោយការបោះឆ្នោត
- ព្រះសង្ឃវត្តស្ទឹងមានជ័យភ្ញាក់ផ្អើលចំពោះវត្តមានកងរាជអាវុធហត្ថ
- ប្រតិកម្មរបស់បក្សប្រជាជនជុំវិញការបោះឆ្នោត និងលទ្ធផលឆ្នោតបណ្ដោះអាសន្ន
- ប្រតិកម្មរបស់បក្សប្រជាជនជុំវិញការបោះឆ្នោត និងលទ្ធផលឆ្នោតបណ្ដោះអាសន្ន
- លោក ហ៊ុន សែន ស្វាគមន៍ការបង្កើតគណៈកម្មការស៊ើបអង្កេតរឿងបោះឆ្នោត
- ពលរដ្ឋបាត់សិទ្ធិបោះឆ្នោតដាក់ពាក្យបណ្ដឹងទៅបក្សសង្គ្រោះជាតិ
ជីវិតឡប់ឡែ របស់ ទេព នីថា និង អ៊ឹម សួស្តី ត្រូវតែបញចប់ក្នុងអណត្តិនេះ ។
នេះជាលក្ខ័ណ្ឌមួយក្នុងចំនោមលក្ខ័ណ្ឌដ៏ទៃទៀតដែលគណះបក្សសង្គ្រោះជាតិនឹងត្រូវនិយាយជាមួយ គណះបក្សប្រជាជន ។
CPP and NEC are worst than what I have thought. Stupid guys go to hell soon.
Make sure CRNP party keep all original copies!
បើគជប និង ហ៊ុន សែនចង់យកកៅអីទៅចែកអោយគេផ្សេងទៀតនោះសូមអញ្ចើញយកចុះ ។
ពេលនោះហើយ ហ៊ុន សែន នឹង ត្រូវដោះស្រាយជាមួយប្រជាពលរដ្ធជាង ៣លាននាក់ដោយសប្បាយចិត្តហើយ ។
ចប់ហើយស្រុកយើង គ្មានថ្ងៃរើរួចខ្លួនពីពួកកុម្មុយនីស្ត និងរបបកុម្មុយនីស្តផ្តាច់ការទេ!!!
There were many CPP people who could not vote due to their names had been removed by the NEC ‘s mistakes!