Friday, 02 August 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
កណ្តាលៈ នេះអាចនិយាយបានថាជាភាពយន្តភាគទី១ហើយ ដែលផលិតករខ្មែរបានដឹកនាំក្រុមសិល្បករឆ្លងដែនទៅថតនៅក្រៅប្រទេសនោះ។ ក្រោមគំនិតច្នៃប្រឌិតថ្មី «ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍» ដែលនិយាយអំពីវិជ្ជាធ្វើម្ហូបដ៏ល្បីៗមិនធ្លាប់មាននោះកំពុងស្ថិតនៅក្នុងក្តីរំពឹងថា នឹងអាចទទួលបានប្រជាប្រិយភាពខ្លាំង ដោយសារភាពយន្តនេះបានចំណាយសាច់រឿងប្រមាណ៣០ភាគរយថតនៅបរទេសជាមួយនឹងទុនគ្រោងទុកប្រមាណ១០ម៉ឺនដុល្លារ។
លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សបានឲ្យដឹងថា ភាពយន្តភាគ «ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍» នឹងត្រូវចេញទៅថតនៅប្រទេសថៃរយៈពេលកន្លះខែ ហើយទីតាំងដែលត្រូវថតមានដូចជានៅទីក្រុងបាងកក នៅខេត្តឈៀងម៉ៃ និងខេត្តមួយចំនួនទៀត។ លោកបានបន្តថា ភាពយន្តនេះកើតឡើងដោយមានការជួយជ្រោមជ្រែងពីភាគីថៃតាមរយៈការសហការជាមួយនឹងស្ថានីយទូរទស្សន៍ខេមរភូមិន្ទប៉ុស្តិ៍លេខ៥។
ដោយឡែកសម្រាប់តួសម្តែងដែលមានឱកាសឆក់បានតំណែងតួឯកនៅក្នុងភាពយន្តភាគថតឆ្លងប្រទេសដែលត្រូវចំណាយទុនប្រមាណ១០ម៉ឺនដុល្លារនេះ គឺតារាសម្តែងលោក ជា ខេវិន និងកញ្ញា ភិន សុដាលីស។ ជា ខេវិន តួឯកប្រុសក្នុងរឿងនេះនិយាយថា៖«ខ្ញុំគិតថា រឿងនេះនឹងទទួលបានការគាំទ្រច្រើនមិនខាន ព្រោះនេះជាលើកទី១សម្រាប់ភាពយន្តភាគខ្មែរថតនៅបរទេស ហើយវាក៏ត្រូវនឹងជំនាញរបស់ខ្ញុំផងដែរ»។
គួរបញ្ជាក់ថា ក្រោយថតចប់រឿងនេះនឹងត្រូវដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នៅស្ថានីយប៉ុស្តិ៍លេខ៥៕
