មេធាវី​ជំរុញ​តុលាការ​ពាណិជ្ជកម្ម​អង់គ្លេស​ពន្លឿន​សំណុំ​រឿង​ពលរដ្ឋ​ខេត្ត​កោះកុង

ក្រុម​មេធាវី​អាមេរិកាំង សហការ​ជាមួយ​ក្រុម​មេធាវី​អង់គ្លេស ជំរុញ​ឲ្យ​តុលាការ​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​ឡុងដ៍ ពន្លឿន​ដំណោះស្រាយ​ករណី​ក្តី​ក្ដាំ​របស់​ពលរដ្ឋ​ខេត្ត​កោះកុង ជាមួយ​ក្រុមហ៊ុន​ទិញ​ស្ករស​ក្នុង​ប្រទេស​អង់គ្លេស ឈ្មោះ Tate & Lyle Sugar Limited។ ក្រុម​មេធាវី​ទាំង​នេះ ចង់​បាន​សំណង​ជំងឺ​ចិត្ត និង​ដីធ្លី​ជាង ១​ពាន់​ហិកតារ មក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ជន​រងគ្រោះ​ចំនួន ២០០​គ្រួសារ ដែល​បាន​បាត់​បង់​ដីធ្លី។

ដោយ តាំង សារ៉ាដា
2013-08-02
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

មេធាវី​អាមេរិកាំង លោក ម៉ាក ម័រស្ទែន (Mark Moorstein) (ស្ដាំ) ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​មេធាវី រីស៍ ប្រួន (Rees Broome) និង​ជា​អ្នក​សកម្ម​ធ្វើ​កិច្ចការ​ក្នុង​ករណី​ទំនាស់​របស់​ពលរដ្ឋ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។ Photo: RFA

មេធាវី​អាមេរិកាំង លោក ម៉ាក ម័រស្ទែន (Mark Moorstein) (ស្ដាំ) ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​មេធាវី រីស៍ ប្រួន (Rees Broome) និង​ជា​អ្នក​សកម្ម​ធ្វើ​កិច្ចការ​ក្នុង​ករណី​ទំនាស់​របស់​ពលរដ្ឋ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។ Photo: RFA

អង្គការ​ខ្មែរ​អាមេរិកាំង ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ (CAHRAD) ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ពុធ បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​មេធាវី​អាមេរិកាំង ក្នុង​រដ្ឋ​វឺជីនៀ (Virginia) ដើម្បី​ស្វែង​រក​លទ្ធភាព​ក្នុង​ការ​ពន្លឿន​ឲ្យ​មាន​ដំណោះស្រាយ ករណី​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ចំនួន ២០០​គ្រួសារ ក្នុង​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ជាមួយ​ក្រុមហ៊ុន​បញ្ជា​ទិញ​ស្ករ​អំពៅ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​អង់គ្លេស ឈ្មោះ Tate & Lyle Sugar។

ក្រុម​មេធាវី​អាមេរិកាំង ទាំង​នេះ ជា​សមាជិក​របស់​ក្រុមហ៊ុន​មេធាវី​ឈ្មោះ រីស៍ ប្រួន (Rees Broome) ដែល​ធ្វើ​កិច្ចការ​ជិតស្និទ្ធ​ជាមួយ​ក្រុម​មេធាវី​នៅ​ប្រទេស​អង់គ្លេស ហើយ​ដែល​បាន​ដំណើរ​ការ​ក្តី​ក្ដាំ​របស់​ពលរដ្ឋ​ចំនួន ២០០​គ្រួសារ ក្នុង​ខេត្ត​កោះកុង រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ តាម​រយៈ​ការ​ផ្ដួចផ្ដើម​គំនិត​របស់​អង្គការ CAHRAD។

សមាជិក​របស់​អង្គការ CAHRAD លោក តាន់ វិបុល មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ពលរដ្ឋ​ចំនួន ២០០​គ្រួសារ ក្នុង​ស្រុក​ស្រែអំបិល ដែល​រង​ការ​រំលោភ​យក​ដី​ពី​សំណាក់​ក្រុមហ៊ុន KSL របស់​ថៃ នឹង​ទទួល​បាន​សំណង​ជំងឺ​ចិត្ត និង​បាន​ដីធ្លី​របស់​ពួក​គេ​មក​វិញ។

លោក​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ ក្រុម​មេធាវី​នៅ​ប្រទេស​អង់គ្លេស និង​នៅ​សហរដ្ឋ​អាមេរិក បាន​ប្ដឹង​ក្រុមហ៊ុន T&L sugar ទៅ​តុលាការ​អង់គ្លេស ហើយ​រំពឹង​ថា តុលាការ​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស នឹង​ចាត់​ការ​នៅ​ឆ្នាំ​ក្រោយ៖ «ខ្ញុំ​មាន​សង្ឃឹម​ច្រើន ពីព្រោះ​តុលាការ​ប្រទេស​អង់គ្លេស បាន​ទទួល​ករណី​ក្តី​ក្ដាំ​នោះ​ទៅ​ពិនិត្យ​មើល​ហើយ ហើយ​ដំណើរ​ការ ហើយ​តុលាការ​នឹង​ដំណើរ​ការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ។ ហើយ​ការ​រំពឹង​ទុក​ថា ជម្នះ​សម្រាប់​ពលរដ្ឋ​ចំនួន ២០០​គ្រួសារ នោះ នឹង​មាន​សង្ឃឹម​ភាគ​ច្រើន»

កាល​ពី​ឆ្នាំ​២០០៦ រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជាង ២​ម៉ឺន​ហិកតារ ដល់​ក្រុមហ៊ុន​ថៃ មួយ​ឈ្មោះ KSL ដើម្បី​ដាំ​អំពៅ​ធ្វើ​ស្ករស ប៉ុន្តែ​ក្នុង​ចំណោម​ទំហំ​ដី​ទាំង​នោះ​បាន​ប៉ះ​ទង្គិច​ដល់​ដី​ចម្ការ និង​ដី​ភូមិ​របស់​ពលរដ្ឋ​ចំនួន ២០០​គ្រួសារ ក្នុង​ផ្ទៃដី​ទំហំ​ជាង ១.៣០០​ហិកតារ។ ការ​ធ្វើ​សម្បទាន​ដី​ទ្រង់ទ្រាយ​ធំ​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​របស់ លោក​ឧកញ៉ា លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធសភា​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លោក​ឧកញ៉ា​រូប​នេះ​ក៏​មាន​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ស្ករស​របស់​ថៃ នេះ​ដែរ។

ក្រុមហ៊ុន​ផលិត​ស្ករស​របស់​ថៃ ឈ្មោះ KSL បាន​លក់​ផលិត​ផល​របស់​ខ្លួន​បន្ត​ផ្ទាល់​ទៅ​ឲ្យ​ក្រុមហ៊ុន Tate & Lyle Sugar ដ៏​ធំ​មួយ​ក្នុង​ប្រទេស​អង់គ្លេស។

មេធាវី​អាមេរិកាំង លោក ម៉ាក ម័រស្ទែន (Mark Moorstein) ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​មេធាវី រីស៍ ប្រួន ហើយ​ដែល​ជា​អ្នក​សកម្ម​ធ្វើ​កិច្ចការ​ក្នុង​ករណី​ទំនាស់​របស់​ពលរដ្ឋ​ស្រុក​ស្រែអំបិល មាន​ប្រសាសន៍​ថា ផលិត​ផល​ស្ករស​របស់​ក្រុមហ៊ុន Tate & Lyle Sugar ធ្វើ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន KSL មាន​តម្លៃ​ជាង ១០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ លោក​មាន​ប្រសាសន៍​ថា លុយ​ទាំង​នេះ​នឹង​ត្រូវ​តែ​បង្វិល​សង​ជា​ជំងឺ​ចិត្ត​មក​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ជាង ២០០​គ្រួសារ​នោះ​វិញ៖ «គោល​បំណង​របស់​យើង​សម្រាប់​ករណី​ក្តី​ក្ដាំ​នេះ គឺ​យើង​យល់​ថា ផលិត​ស្ករស​ទាំង​នោះ​នៅ​តែ​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ចំនួន ២០០​គ្រួសារ ដែល​ជា​ជន​រងគ្រោះ។ ដូច្នេះ ប្រសិន​បើ​ស្ករស​ទាំង​នោះ​នៅ​តែ​ជា​របស់​ជន​រងគ្រោះ ក្រុមហ៊ុន T & L មិន​អាច​លក់​ស្ករ​ទាំង​នេះ​ទៅ​ឲ្យ​អ្នក​ផ្សេង​បាន​ទេ។ ហើយ​ក្រុមហ៊ុន​នេះ​មាន​កាតព្វកិច្ច​ត្រូវ​សង​លុយ សង​ស្ករស​ទាំង​នោះ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​វិញ»

លោក​បន្ត​ថា ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន​ផលិត​ស្ករស​របស់​ថៃ KSL ត្រូវ​សង​ដី​ដែល​ខ្លួន​កំពុង​ដាំ​អំពៅ​ទាំង​នោះ មក​ឲ្យ​ប្រជាពលរដ្ឋ​ទាំង ២០០​គ្រួសារ នោះ​វិញ ឲ្យ​បាន​គ្រប់​ចំនួន។ លោក​បន្ត​ថា ក្រុមហ៊ុន KSL ដែល​ធ្លាប់​សន្យា​សង​ដី​ទៅ​អ្នក​ស្រុក​វិញ នឹង​គោរព​សម្ដី​របស់​ខ្លួន។

ចំណែក លោក អ៊ូ គឹមហួត ដែល​ជា​សមាជិក​សកម្ម​របស់​អង្គការ​បណ្ដាញ​ពលរដ្ឋ​ខ្មែរ​ដើម្បី​កម្ពុជា មាន​ប្រសាសន៍​ថា ក្រុម​របស់​លោក​បាន​ជួយ​ជ្រោមជ្រែង​ករណី​ក្តី​ក្ដាំ​ដី​ចម្ការ​អំពៅ​នៅ​ខេត្ត​កោះកុង នេះ ជា​យូរ​មក​ហើយ ហើយ​លោក​សង្ឃឹម​ថា តាម​រយៈ​សម្ពាធ​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​អន្តរជាតិ អាច​នាំ​មក​នូវ​ជ័យ​ជម្នះ​សម្រាប់​ពលរដ្ឋ​រងគ្រោះ​ទាំង​នោះ៖ «ឥឡូវ​ពេល​វេលា​នេះ​ដូច​ជា​បើក​ហើយ ហើយ​ជា​ការ​មួយ​ដើម្បី​ព្រមាន​ដល់​អស់​លោក​ដែល​រំលោភ​លើ​ផល​ប្រយោជន៍​របស់​អ្នក​ដទៃ សម្រាប់​ជា​ផល​ប្រយោជន៍​របស់​ខ្លួន​នោះ ឲ្យ​ប្រុង​ប្រៀប​ខ្លួន ពីព្រោះ​សកលលោក​មាន​យន្តការ​របស់​គេ ដែល​មិន​ចេះ​តែ​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ទេ។ ហើយ​យន្តការ​នេះ​គេ​អាច​ប្រើ​បាន​សឹង​តែ​គ្រប់​ប្រទេស​លើ​សកលលោក»

កាល​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា កាសែត The Guardian របស់​អង់គ្លេស បាន​ចុះ​ផ្សាយ​ថា ក្រុមហ៊ុន Tate & Lyle Sugar ទិញ​ស្ករ​ស​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​កម្ពុជា។ ការ​ចុះ​ផ្សាយ​នោះ​មាន​ភ្ជាប់​ជាមួយ​នូវ​ខ្សែ​វីដេអូ​រៀបរាប់​បង្ហាញ​អំពី​ទុក្ខ​លំបាក​របស់​កុមារ​ក្នុង​ចម្ការ​អំពៅ​នៅ​ខេត្ត​កោះកុង។

រយៈ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ក្រុមហ៊ុន Tate & Lyle Sugar បាន​គំរាម​ប្ដឹង​កាសែត The Guardian ថា​ចុះ​ផ្សាយ​មិន​ត្រឹមត្រូវ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក អៀង វុទ្ធី ប្រធាន​អង្គការ​សមធម៌​កម្ពុជា ដែល​ជា​អ្នក​ធ្វើ​កិច្ចការ និង​តាម​ឃ្លាំ​មើល​ករណី​ទំនាស់​ដីធ្លី​ចម្ការ​អំពៅ​នេះ​ផ្ទាល់ បាន​គាំទ្រ​កាសែត The Guardian ហើយ​ថា​ក្រុម​របស់​លោក​បាន​ចុះ​សម្ភាស​ផ្ទាល់​ជាមួយ​ក្រុម​កុមារ និង​គ្រួសារ​របស់​កុមារ​ថា ពិត​ជា​មាន​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​ពី​អាយុ ១៦​ឆ្នាំ រហូត​ដល់ ១០​ឆ្នាំ។

លោក អៀង វុទ្ធី បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា អ្វី​ដែល​ក្រុមហ៊ុន Tate & Lyle Sugar ត្រូវ​ដោះស្រាយ​ចំពោះ​មុខ គឺ​ការ​រំលោភ​ដីធ្លី​របស់​ពលរដ្ឋ​ចំនួន ២០០​គ្រួសារ ដែល​ជា​ឫស​គល់​នៃ​បញ្ហា៖ «ការ​ដែល​បាត់​បង់​ដីធ្លី​នាំ​ឲ្យ​កុមារ​បង្ខំ​ចិត្ត​បញ្ជូន​កុមារ ឬ​កូន​របស់​ពួក​គាត់​អាយុ​ក្រោម​ច្បាប់​កំណត់​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ចម្ការ។ អ៊ីចឹង ការ​ដែល​ប្ដឹង​នៅ​តុលាការ​អង់គ្លេស គឺ​ដើម្បី​ទាមទារ​នូវ​ដី​ដែល​បាន​រឹប​អូស​ដោយ​ខុស​ច្បាប់។ ដូច្នេះ យើង​មិន​ចង់​ឲ្យ​បញ្ហា​នេះ​មាន​ការ​បង្វែរ​ទិសដៅ​នៃ​ដើម​រឿង​នៅ​ក្នុង​សំណុំ​នៃ​ការ​ដាក់​ពាក្យ​បណ្ដឹង​នោះ​ទេ​បាទ»

លោក ម៉ាក ម័រស្ទែន បញ្ជាក់​ថា ក្រុម​មេធាវី​របស់​លោក​បាន​សហការ​ជាមួយ​ក្រុម​មេធាវី​របស់​អង់គ្លេស បញ្ជូន​ករណី​ទំនាស់​ដីធ្លី​របស់​ពលរដ្ឋ​ចំនួន ២០០​គ្រួសារ នៅ​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ទៅ​តុលាការ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៣ ហើយ​តុលាការ​ប្រទេស​អង់គ្លេស នឹង​ចាត់​ការ​ករណី​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ។ លោក​បញ្ជាក់​ទៀត​ថា ការ​ប្ដឹង​នេះ គឺ​ជា​ឧទាហរណ៍​នៃ​ការ​ព្រមាន​មួយ​សម្រាប់​ក្រុមហ៊ុន​បរទេស​ផ្សេងៗ​ទៀត ក្នុង​ការ​ដែល​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា ពួក​គេ​ត្រូវ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន ផ្តល់​យុត្តិធម៌ និង​ភាព​ត្រឹមត្រូវ​ជូន​ពលរដ្ឋ​ខ្មែរ ព្រម​ទាំង​ជៀសវាង​ជា​ដាច់​ខាត​នូវ​ការ​ប្រើ​កម្លាំង​ពលកម្ម​កុមារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ម៉ាក ម័រស្ទែន (Mark Moorstein)

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

One Response to "មេធាវី​ជំរុញ​តុលាការ​ពាណិជ្ជកម្ម​អង់គ្លេស​ពន្លឿន​សំណុំ​រឿង​ពលរដ្ឋ​ខេត្ត​កោះកុង"

  1. Strey Khmer says:

    I strongly believe that case will be the victory for Cambodian.
    For ex, U.S.
    ” The amendment says that a person cannot be ” deprive of life,
    liberty, or property, without process of law.” the term due process
    means that the government must follow clear rules and act reasonable as it
    carries the law. For example, the Supreme Court has ruled that every
    person should be presumed innocent until proven guilty. In addition, the
    government must prove its case against the defendant ” beyond a reasonable
    doubt.”
    Finally, the Fifth Amendment says that the government cannot take
    someone’s private property for public use ” without just compensation.”
    This means that the government must pay a fair price when it takes over a
    person’s property for purpose such as building or parks.”

    Quot right from the Fifth Amendment of the U.S.