បទ​វិភាគ៖ តើ​ហេតុ​អ្វី​យុវជន​ចូលរួម​សង្កេត​ការណ៍​បោះ​ឆ្នោត​ដោយ​ខ្លួន​ឯង?

បើ​ទោះ​បី​ជា​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នេះ បាន​ចប់​ទៅ​ហើយ​ក្តី ក៏​វា​នៅ​តែ​ជា​ប្រធាន​បទ​ក្តៅ ដែល​ប្រជាពលរដ្ឋ​ទូទៅ​កំពុង​បន្ត​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស​យុវវ័យ​តែ​ម្តង បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​រយៈពេល​ជាង​មួយ​ខែ​កន្លង​មក​នេះ ដើម្បី​តាម​ដាន​គាំទ្រ អង្កេត និង​ចូលរួម​សកម្មភាព​ផ្សេងៗ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត និង​ពេល​បោះ​ឆ្នោត។

ដោយ អាន ម៉ារីដា
2013-08-02
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ឃោសនា​បោះឆ្នោត ៦១០
ក្បួន​ហែ​ឃោសនា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​បណ្ដោយ​មហាវិថី​មុន្នីរ៉េត ក្បែរ​ស្ពាន​ស្ទឹងមានជ័យ នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៣។ Photo: RFA

តើ​មូលហេតុ​អ្វី​បាន​ជា​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ក្នុង​ភាព​ជា​យុវវ័យ ចូលរួម​យ៉ាង​សកម្ម ហើយ​ស្ម័គ្រ​ចិត្ត​ក្លាយ​ខ្លួន​ជា​អ្នក​អង្កេត​ការណ៍​ក្រៅ​ក្របខ័ណ្ឌ​ដោយ​ខ្លួន​ឯង​យ៉ាង​ដូច្នេះ?

កាល​ពី​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នា​ថ្ងៃ​ទី២៨ កក្កដា កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ ជា​ពិសេស​យុវវ័យ​តែ​ម្តង ហាក់​មាន​កាតព្វកិច្ច និង​តួនាទី​ជាច្រើន​ក្នុង​ការ​ដើរ​តួ​យ៉ាង​សំខាន់​ចូលរួម​គាំទ្រ​ឃោសនា​គណបក្ស​នយោបាយ​ដែល​ខ្លួន​ស្រឡាញ់ ចូលរួម​អង្កេត​ការណ៍ រាយការណ៍ ថត​រូប ថត​វីដេអូ ឃ្លាំ​មើល​សន្លឹក​ឆ្នោត និង​ចែក​ចាយ​ព័ត៌មាន​បន្ត​គ្នា​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (FACEBOOK) ជាដើម។

ជាក់ស្តែង ប្រជាពលរដ្ឋ​ក៏​ដូច​ជា​យុវជន បាន​រាយការណ៍​បន្ត​គ្នា​អំពី​ស្ថានការណ៍​មិន​ប្រក្រតី​នានា ដែល​កើត​មាន​ឡើង​ជុំវិញ​ខ្លួន​គេ ហើយ​បាន​នាំ​គ្នា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​គិត​ថា ខ្មែរ​ត្រូវ​ជួយ​ខ្មែរ​ដូច​គ្នា បើ​គ្មាន​ការ​យក​ចិត្ត​ដាក់ និង​មិន​អើពើ​ពី​ថ្នាក់​ដឹក​នាំ ឬ​រាជ​រដ្ឋាភិបាល។

ផ្ទុយ​ពី​ការ​បោះ​ឆ្នោត​មុនៗ បណ្ដា​សកម្មភាព​ទាំងអស់​របស់​យុវជន​លើក​នេះ ហាក់​មិន​មាន​ការ​ផុសផុល​បែប​នេះ​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បោះ​ឆ្នោត​ចំនួន ៤​អាណត្តិ​កន្លង​ទៅ​នេះ ដែល​ការ​បោះ​ឆ្នោត​ដំបូង​បាន​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៣។ សន្ទុះ​យ៉ាង​ខ្លាំងក្លា​ក្នុង​នីតិកាល​ទី៥ នេះ កើត​មាន​ឡើង​ដោយ​ឯកឯង​ពី​ឆន្ទៈ​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ជា​ពិសេស គឺ​យុវជន​តែ​ម្តង។

ការ​មាន​សកម្មភាព​ចូលរួម​ដោយ​ផ្ទាល់​របស់​យុវវ័យ​នោះ ទី១ ដោយសារ​ការ​ខ្វះ​ទំនុក​ចិត្ត ឬ​ភាព​កក់ក្តៅ​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​មិន​បាន​អនុវត្ត​របប​ប្រជាធិបតេយ្យ​អោយ​បាន​ពេញ​លេញ។ ប្រព័ន្ធ​ច្បាប់ គតិយុត្តិ ប្រព័ន្ធ​តុលាការ ការ​អនុវត្ត​ច្បាប់​របស់​ថ្នាក់​ដឹក​នាំ​នានា បាន​ជំរុញ​អោយ​ប្រជាពលរដ្ឋ​អស់​ជំនឿ និង​គ្មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ប្រសិទ្ធភាព​របស់​ច្បាប់​ទៀត​ឡើយ។ ត្រង់​ចំណុច​នេះ អ្នក​ណា​ក៏​ដឹង​ដែរ​ថា សកម្មជន​ស្នេហា​ជាតិ​មួយ​ចំនួន ដែល​ក្នុង​នោះ​រួម​មាន សកម្មជន​ការពារ​ព្រៃ​ឈើ សកម្មជន​ការពារ​សិទ្ធិ​កម្មករ​កម្មការិនី​ជាដើម បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​អយុត្តិធម៌ បូក​រួម​ផ្សំ​នឹង​រឿង​ក្តី​ជាច្រើន​ទៀត ដែល​នៅ​ជាប់​គាំង​មិន​ទាន់​ដោះស្រាយ ឬ​មិន​ទាន់​វែក​មុខ​ជន​ល្មើស​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ។

បញ្ហា​មួយ​ទៀត គឺ​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ទៀតសោត ប្រជាពលរដ្ឋ​ជាច្រើន​ដែល​បាត់​ឈ្មោះ រក​ឈ្មោះ​មិន​ឃើញ ឈ្មោះ​ស្ទួន និង​ឈ្មោះ​ខ្លួន​ត្រូវ​បាន​គេ​បោះ​ជំនួស បាន​ឈរ​រង់ចាំ​ដំណោះស្រាយ ដើម្បី​មាន​សិទ្ធិ​អាច​បោះ​ឆ្នោត​បាន ប៉ុន្តែ​នៅ​ទី​បំផុត គ្មាន​ដំណោះស្រាយ​ទេ ក្រៅ​តែ​ពី​ការ​ជំរុញ​អោយ​ហៅ​ទូរស័ព្ទ​ទៅ​កាន់​លេខ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដែល​ប្រព័ន្ធ​ទូរស័ព្ទ​ពិបាក​ហៅ​ចូល ឬ​មិន​លើក​ទូរស័ព្ទ​ទៀត​ផង។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នៅ​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ទៀត​ដែល​ប្រជាពលរដ្ឋ​មើល​ឃើញ​ជាក់ស្តែង​នៅ​តាម​មណ្ឌល និង​ការិយាល័យ​បោះ​ឆ្នោត​នានា ដូច​ជា ទឹក​ខ្មៅ​ជ្រលក់​ដៃ​អាច​លាង​ជម្រះ​បាន ការ​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​ដោយ​មិន​បាន​បញ្ជាក់​មូលហេតុ ជនជាតិ​ដទៃ​មាន​សិទ្ធិ​បោះ​ឆ្នោត​ជាដើម។

យុវវ័យ​ក៏​បាន​រក​ឃើញ​ថា មាន​ភាព​លម្អៀង ឬ​មិន​ស្មើ​ភាព​គ្នា​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​អាច​ទទួល​យក​ព័ត៌មាន​ពិត។ ប្រព័ន្ធ​ផ្សព្វផ្សាយ ដូច​ជា​បណ្ដាញ​សារព័ត៌មាន វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន មិន​បាន​បំពេញ​តួនាទី​ជា​អ្នក​ផ្តល់​ព័ត៌មាន​ពិត​ជាក់ស្ដែង ដោយ​គ្មាន​ភាព​លម្អៀង​ឲ្យ​ប្រជាពលរដ្ឋ​ងាយ​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។ តួ​យ៉ាង ក្នុង​រយៈពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត និង​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ដែល​ទើប​កន្លង​ទៅ​ថ្មីៗ​នេះ បណ្ដាញ​សារព័ត៌មាន វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក បាន​ផ្សាយ​តែ​ព័ត៌មាន​បរិហារ ឬ​បង្ហាញ​តែ​ពី​ចំណុច​អវិជ្ជមាន​បក្ស​ម្ខាង​ទៀត​អោយ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ខុស​នឹង​ទង្វើ​ទាំង​នោះ។

ឧទាហរណ៍​ជាក់ស្តែង បណ្ដាញ​សារព័ត៌មាន វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក​ដែល​ជា​ម្ចាស់​ផ្ទះ ហាក់​មិន​បាន​យក​ចិត្ត​ទុក​ដាក់ និង​មិន​បាន​ចាក់​ផ្សាយ​ការ​វិល​ត្រឡប់​របស់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដូច​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​ដែល​មិន​មែន​ជា​ម្ចាស់​ស្រុក​ទៅ​វិញ។ ផ្ទុយ​ទៅ​វិញ ការ​មិន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ហើយ​បែរ​ជា​ទៅ​កាឡៃ ឬ​បំភ្លៃ​រឿង​ទាំងអស់​នេះ​ទៀត តួ​យ៉ាង​ដូច​ជា​ការ​បង្កើត​ខ្សែ​វីដេអូ​ឯកសារ​មួយ​ស្តី​ពី​ភាព​អនាធិបតេយ្យ​របស់​យុវជន​ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ជើង​ខ្លាំង​មួយ​នេះ​ទៅ​វិញ។

ច្រើន​ជាង​នេះ​ទៅ​ទៀត ស្ថានភាព​សង្គម និង​បរិយាកាស​ដែល​គេ​រស់នៅ ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​អំពី​តថភាព​ពិត​ជាក់ស្តែង ក្នុង​នោះ​មាន​អំពើ​ពុក​រលួយ​អំពើ​អយុត្តិធម៌ ការ​រំលោភ​បំពាន​ពី​សំណាក់​អ្នក​មាន​អំណាច​ទៅ​លើ​ប្រជាពលរដ្ឋ​តូចតាច សេរីភាព​បញ្ចេញ​មតិ​យោបល់​មិន​បាន​ទូលំទូលាយ ការ​បំពាន​ដីធ្លី​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ដោយ​មិន​បាន​ដោះស្រាយ​អោយ​បាន​សមរម្យ​ជាដើម។ល។

ការ​រួម​ចំណែក​របស់​យុវវ័យ​មួយ​ទៀត គឺ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេងៗ ជា​ពិសេស គឺ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ជា​ទី​ពេញ​និយម​របស់​យុវវ័យ​ក្នុង​ការ​ទទួល​យក​ព័ត៌មាន ផ្សព្វផ្សាយ​ព័ត៌មាន​យ៉ាង​ឆាប់​រហ័ស​នូវ​អ្វី​ដែល​ខ្លួន​បាន​ប្រទះ​ឃើញ។ ច្រើន​ជាង​នោះ​ទៅ​ទៀត ក៏​មាន​ប្រជាពលរដ្ឋ ជា​ពិសេស​យុវវ័យ​បាន​ឆ្លើយ​ឆ្លង​ជជែក​គ្នា​លើ​បណ្ដាញ​នេះ​ថា បើ​មិន​មាន​ហ្វេសប៊ុក គង់​អី​មើល​ទូរទស្សន៍​ស្រុក​ខ្មែរ​ច្បាស់​ជា​ដូច​កង្កែប​ក្នុង​អណ្ដូង ឬ​ដូច​អ្នក​ពិការ​ភ្នែក​យ៉ាង​ដូច្នេះ​ឯង។

បន្ថែម​ពី​នេះ​ទៀត ការ​រៀន​ពី​បទ​ពិសោធន៍​របស់​អ្នក​នយោបាយ​នៅ​កម្ពុជា មួយ​ចំនួន​ធំ បាន​ធ្វើ​អោយ​ យុវវ័យ​ចងចាំ និង​យល់​ដឹង​ច្រើន​ពី​បញ្ហា​នយោបាយ។ ការ​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​បញ្ហា​នយោបាយ​នេះ កាន់​តែ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​រាង​ចាល និង​មិន​ងាយ​ជឿ​ទុក​ចិត្ត​ទៅ​លើ​ការ​សន្យា​របស់​នយោបាយ​ភាគ​ច្រើន​នៅ​កម្ពុជា ដែល​ចេះ​យក​ចិត្ត​ពី​ដំបូង តែ​ក្រោយ​មក​មិន​ខ្ចី​អើពើ ឬ​ឈឺ​ឆ្អាល​សុខ​ទុក្ខ​រាស្ត្រ ដែល​ជា​ម្ចាស់​ឆ្នោត​ឡើយ។ តាម​រយៈ​បទ​ពិសោធន៍​ទាំង​នេះ បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ចេះ​គិត​វែង​ឆ្ងាយ​ពី​អនាគត​ប្រទេស​ជាតិ និង​ផល​ប្រយោជន៍​រួម​ជា​សំខាន់ ដោយ​ការ​ចាប់​ផ្ដើម​រួម​គ្នា ទោះ​គ្នា​តិច​ក្តី ច្រើន​ក្តី។ ការ​ចូលរួម​នេះ មិន​មែន​កើត​ចេញ​ពី​អំណាច​ទឹក​ប្រាក់​នោះ​ទេ គឺ​កើត​ចេញ​ពី​ឆន្ទៈ​ផ្ទាល់ ដោយ​គិត​ថា ល្មម​ដល់​ពេល​ដែល​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ត្រូវ​ខ្វល់​ខ្វាយ និង​តាម​ដាន​តំណាង​រាស្ត្រ​ដែល​ពួក​គេ​បាន​បោះ​ឆ្នោត​អោយ។

សរុប​សេចក្តី​មក ការ​ក្រោក​ឈរ​ឡើង ការ​យល់​ដឹង​ពី​តម្លៃ​នៃ​សន្លឹក​ឆ្នោត និង​សិទ្ធិ​ជា​ម្ចាស់​ឆ្នោត​នេះ នឹង​បន្ត​ផុសផុល​ត​ទៅ​ទៀត​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ស្រប​ទៅ​តាម​សង្គម​ជាក់ស្តែង​ដែល​គេ​បាន​ជួប​ប្រទះ។ ប្រជាពលរដ្ឋ​ទាំង​ក្មេង ចាស់ ប្រុស​ស្រី នឹង​បន្ត​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គណបក្ស​នយោបាយ​ដែល​ខ្លួន​គាំទ្រ និង​ជ្រើស​យក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

8 Responses to "បទ​វិភាគ៖ តើ​ហេតុ​អ្វី​យុវជន​ចូលរួម​សង្កេត​ការណ៍​បោះ​ឆ្នោត​ដោយ​ខ្លួន​ឯង?"

  1. ែសន ឌឺ says:

    ព្រោះ គជប រួមដៃជាមួយចោរលួចបន្លំសន្លឹកឆ្នោតរបស់រាស្រ្ដ

  2. Former Hia lola says:

    ​ទី​ណាមាន​លោកសមរង្ស៊ី ទីនោះ​គឺត្រូវ​មាន​រឿង

  3. ែសន ឌឺ says:

    ទីណាមានការរៀបចំបោះឆ្នោតដោយគជបបច្ចុបន្ន ទីនោះមានការលួចបន្លំ ទីណាមានការលួចបន្លំទីនោះមានការតវ៉ារកយុត្តិធម៌នេះមិនថាការរករឿងទេ តែផ្ទុយមកវិញយើងចេះតែបង្កើតការរឿងអោយគេរគ

  4. Arun Reah says:

    In response to Former Hia Lola

    Where their is CPP/Hunsen, there are dictatorship, suffering, land grabbing, land eviction, corruption , nepotism, injustice!

  5. _ says:

    ទីណាមាន លោក សម រង្សី ទីនោះត្រូវមានរឿង….
    ជាការពិតណាស់បើតាមការសង្កេតមើល….
    ប៉ុន្តែចំណុចសំខាន់នោះ ទីនោះមានភាពអយុត្តិធ៏ម និង ភាពមិនប្រក្រតីក្នុងសង្គម…
    លោក សម រង្សី ប្រៀបដូចជាតួអង្គ លោកម្ចាស់ ប៉ាវ នៅក្នុងរឿង ប៉ាវចិន អីចឹង ……. ដូចនេះ អ្នកដែលប្រព្រឹត្តខុសពីច្បាប់ តែងតែទុក លោកម្ចាស់ ប៉ាវ [លោក សម រង្សី] ជាបន្លានៅក្នុងភ្នែកអីចឹង….

  6. Sereyrath says:

    We should refuse watch ant tv which pro cpp and we try to buy tv license or ask for independent tv. Rfa should set up own tv and broacasts via network cable or Internet.

  7. Sereyrath says:

    He always threaten the weak. Everyone should watch Dr. So Naro in YouTube, you will know the cruel Hun Sen, don’t miss

  8. Anonymous says:

    ពួកលោកគ្មានគុណធម៏ និងការយល់ដឹងអ្វីបន្តិចទេ បើមិនពេញចិត្តនឹងអ្នកណាម្នាក់ ទោះជាករណី មិនត្រូវនិយាយ ក៏ឆ្លៀតបញ្ចេញសំដីបំពុលបរិយាកាសឲ្យអាប់អួរដែរ ។