កម្ពុជា ធ្លាប់មានប្រវត្តិសាស្ត្រជាប់គាំងផ្នែកនយោបាយក្រោយពីបោះឆ្នោតដែលមិនអាចបង្កើតរដ្ឋាភិបាលបានភ្លាមៗចំនួនពីរលើកហើយ គឺនៅឆ្នាំ១៩៩៣ និងនៅឆ្នាំ២០០៣ ដោយសារតែបក្សចាញ់ឆ្នោតមិនទទួលយកលទ្ធផលបោះឆ្នោត។ ហើយភាពតានតឹងរវាងអ្នកនយោបាយនៅបក្សផ្សេងគ្នា បានវាយប្រហារពាក្យសម្ដីដាក់គ្នាទៅវិញទៅមក រវាងប្រធានបក្សហ៊្វុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអនុប្រធានបក្សប្រជាជន លោក ហ៊ុន សែន។
ដោយ ទីន ហ្សាការីយ៉ា
2013-08-02
RFA

ព្រះមហាក្សត្រ ព្រះបាទ បរមនាថ នរោត្តម សីហមុនី (កណ្ដាល), លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ជួរមុខ ទី២ពីស្ដាំ) និងប្រធានព្រឹទ្ធសភា លោក ជា ស៊ីម (ជួរមុខ ទី៣ពីឆ្វេង) ថតរូបជាមួយអ្នកតំណាងរាស្ត្រ នៅខាងមុខអគាររដ្ឋសភា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃ២៤ កញ្ញា ២០០៨។ AFP PHOTO/TANG CHHIN SOTHY
នៅឆ្នាំ២០១៣ នេះ កម្ពុជា នឹងអាចបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតរវាងតួអង្គសំខាន់ គឺ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ តើក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នេះ ការបង្កើតរដ្ឋាភិបាលនឹងអាចជាប់គាំងទៀតឬយ៉ាងណា?
នៅឆ្នាំ២០១៣ នេះ អ្នកនយោបាយខ្មែរអាចនឹងបង្កើតប្រវត្តិសាស្ត្ររបស់ខ្លួនលើកទី៣ គឺការប្រកាសមិនទទួលស្គាល់លទ្ធផលរបស់គណបក្សរបស់គណបក្សប្រឆាំងក្រោយពេលបោះឆ្នោត ដែលលទ្ធផលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់បង្ហើបឲ្យដឹងពីអាសនៈនៅឡើយ។
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនោះ បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតភ្លាមៗ។ ការប្រកាសរបស់គណបក្សនេះ ស្របគ្នានឹងអង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការឃ្លាំមើលការបោះឆ្នោត បានរកឃើញភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ មានរាប់រយករណី។ ការប្រកាសមិនទទួលស្គាល់លទ្ធផលរបស់គណបក្សប្រឆាំង ដោយសារតែមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា អះអាងថា គណបក្សនេះឈ្នះឆ្នោត រីឯខាងគណបក្សសង្គ្រោះជាតិ វិញ អះអាងថា ខ្លួនឈ្នះឆ្នោតដែរ។
តើការប្រទាញប្រទង់គ្នារបស់គណបក្សធំពីរ ដែលមានសំឡេងច្រើនរៀងខ្លួន អាចធ្វើឲ្យសង្គមកម្ពុជា ជួបនូវវិបត្តិនយោបាយដូចកាលពីអាណត្តិទី១ ឆ្នាំ១៩៩៣ ដែលកម្ពុជា បានរៀបចំការបោះឆ្នោតជាលើកដំបូង ដោយរៀបចំដោយអង្គការសហប្រជាជាតិ ហៅថា អ៊ុនតាក់ (UNTAC) និងការបោះឆ្នោតអាណត្តិទី៣ កាលពីឆ្នាំ២០០៣ ដែរទេ?
ការបោះឆ្នោតនីតិកាលទី៥ នេះ តាមមើលទៅ ក៏មិនអាចគេចផុតពីភាពជាប់គាំងខាងវិបត្តិនយោបាយបានដែរ។ មានទឡ្ហីករណ៍ជាច្រើនដែលវិបត្តិនយោបាយនឹងកើតមាន ដោយសារតែបង្កើតរដ្ឋាភិបាលថ្មីមិនបាន ក្រោយពី គ.ជ.ប ប្រកាសលទ្ធផលជាផ្លូវការនៅខែសីហា ខាងមុខ ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសគាំទ្រតាមសំណើគណបក្សប្រឆាំង ដើម្បីបង្កើតគណៈកម្មការចម្រុះធ្វើការស៊ើបអង្កេតទៅលើដំណើរការបោះឆ្នោត កាលពីថ្ងៃទី២៨ កក្កដា ក្ដី ប្រសិនបើគណៈកម្មការនេះធ្វើការស៊ើបអង្កេតមិនបានគ្រប់ជ្រុងជ្រោយ និងមិនឯករាជ្យនោះ។
ផ្ទុយទៅវិញ ប្រសិនបើគណៈកម្មការចម្រុះមានសភាពមកពីស្ថាប័នឯករាជ្យច្បាស់លាស់ មកពីតំណាងអង្គការសង្គមស៊ីវិលធ្វើការទាក់ទងនឹងការបោះឆ្នោត និងមកពីតំណាងអង្គការសហប្រជាជាតិ មែននោះ គណៈកម្មការមួយនេះជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយភាពជាប់គាំងនយោបាយរបស់កម្ពុជា នៅនីតិកាលទី៥ នេះ។
ជាងនេះទៅទៀត លោក ហ៊ុន សែន បានបន្ទន់ជំហររបស់ខ្លួនក្រោយការបោះឆ្នោត ហើយលោកបានបង្ហាញមុខជាលើកដំបូងកាលពីថ្ងៃទី៣១ កក្កដា បន្ទាប់ពីលោកបានបាត់មុខអស់រយៈពេលប្រមាណ ១សប្ដាហ៍កន្លងមក។ ការបង្ហាញមុខរបស់ លោក ហ៊ុន សែន នៅពេលនេះ បានបង្ហាញអំពីឆន្ទៈចង់បង្រួបបង្រួមជាតិរវាងអ្នកនយោបាយខ្មែរ និងចង់ដោះស្រាយបញ្ហាចម្រូងចម្រាសនៃលទ្ធផលបោះឆ្នោតនេះ។
លោក ហ៊ុន សែន ប្រកាសថា លោកគាំទ្រក្នុងការបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត។ លើសពីនេះទៅទៀត នៅដំណាក់កាលចុងក្រោយ បើសិនជាគណៈកម្មការចម្រុះនេះ ដោះស្រាយមិនបាន លោកសុខចិត្តឆ្លៀតពេលត្បិតត្បៀតរបស់លោកជួបប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដើម្បីរកដំណោះស្រាយនយោបាយសមស្របមួយ។
ការចេញមុខប្រកាសរបស់ លោក ហ៊ុន សែន នៅពេលនេះ មានមតិជាច្រើនចោទសួរថា តើ លោក ហ៊ុន សែន មានឆន្ទៈចង់ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិពិតប្រាកដ ឬយ៉ាងណា? ឬមួយក៏ដោយសារតែគណបក្សប្រជាជនរបស់លោកធ្លាក់សំឡេងឆ្នោត ហើយលោកដឹងយ៉ាងច្បាស់ថា ការចូលរួមប្រជុំសភា និងការបង្កើតរដ្ឋាភិបាលជាប់គាំង ប្រសិនបើគណបក្សប្រឆាំងមិនចូលរួមប្រជុំ?
បញ្ហានេះ រដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថា សភាអាចកោះប្រជុំដំបូងរបស់ខ្លួនបាន លុះត្រាណាមានសមាជិកយ៉ាងតិច ១២០រូប។ ដូច្នេះ បើសិនជាសភាប្រជុំលើកដំបូងរបស់ខ្លួនមិនបានទេ ការបង្កើតរដ្ឋាភិបាលថ្មីក៏មិនអាចទៅរួចដែរ។
ម្យ៉ាងវិញទៀត ការប្រកាសរបស់ លោក ហ៊ុន សែន ថាចង់បង្រួបបង្រួមជាតិនេះ ក៏ស្របទៅនឹងគោលបំណងរបស់ លោក សម រង្ស៊ី ដែរ ដែលលោកបានប្រកាសថា លោកមិនចង់យកខ្មែរណាមួយជាសត្រូវនោះទេ។ ហើយនៅមុនបោះឆ្នោតប្រមាណ ១សប្ដាហ៍ ក្រោយពេល លោក សម រង្ស៊ី បានវិលចូលមាតុប្រទេសវិញ លោក សម រង្ស៊ី បានព្យាយាមដាក់លិខិតទៅក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងដាក់ទៅប្រធានរដ្ឋសភាជាដើម ដើម្បីសុំឲ្យលោកមានសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ។ នៅពេលនោះ លោក ហ៊ុន សែន មិនបន្ទន់ឥរិយាបថបន្ថែមទៀតទេ ដើម្បីធ្វើការសម្របសម្រួលនយោបាយជូន លោក សម រង្ស៊ី នោះ។
មួយវិញទៀត ការបន្ទន់ឥរិយាបថរបស់ លោក ហ៊ុន សែន នៅពេលនេះ ជាការបន្ទន់ឥរិយាបថមួយ ដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មីបាន ហើយលោកនឹងរៀបចំយុទ្ធសាស្ត្រនយោបាយរបស់លោកបន្តទៀត ក្នុងការដឹកនាំប្រទេស ប្រសិនបើគណៈកម្មការស៊ើបអង្កេតរកឃើញថា គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត ដូចដែល លោក ខៀវ កាញារីទ្ធ បានប្រកាសមែននោះ។
ផ្ទុយទៅវិញ ប្រជាពលរដ្ឋកម្ពុជា មិនចង់ឲ្យកម្ពុជា ដើរនៅលើគន្លងនយោបាយចាស់នោះទេ ដែលធ្វើឲ្យអ្នកនយោបាយនៅបក្សផ្សេងគ្នាប្រឈមមុខតានតឹងដាក់គ្នា ហើយធ្វើឲ្យជាប់គាំងនយោបាយនោះ។
ដានប្រវត្តិសាស្ត្ររបស់កម្ពុជា ធ្លាប់មានចំនួនពីរលើកមកហើយ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយ អ៊ុនតាក់។ ក្រោយពីបោះឆ្នោត គណបក្សប្រជាជន របស់ លោក ហ៊ុន សែន ចាញ់ឆ្នោត គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាប្រធានគណបក្ស។ ក្រោយពីប្រកាសលទ្ធផលដោយ អ៊ុនតាក់ នៅកាលនោះ លោក ហ៊ុន សែន បានប្រកាសបដិសេធលទ្ធផល បន្ទាប់មកក៏សុំបង្កើតជាសហនាយករដ្ឋមន្ត្រី។
ដើម្បីដោះស្រាយភាពតានតឹងរវាងភាគីទាំងពីរ ព្រះមហាវីរក្សត្រ សម្ដេច នរោត្ដម សីហនុ ព្រះបរមកោដ្ឋ បានចេញមុខក្នុងការសម្របសម្រួលរកដំណោះស្រាយពីភាពតានតឹង ដោយព្រះអង្គមិនចង់ឲ្យកម្ពុជា ធ្លាក់ក្នុងសង្គ្រាមទៀត។ នៅទីបំផុត សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ក៏យល់ព្រមតាមព្រះរាជតម្រិះរបស់ព្រះបិតារបស់ព្រះអង្គ គឺធ្វើតាមសំណើរបស់ លោក ហ៊ុន សែន។ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្វើជានាយករដ្ឋមន្ត្រីទី១ និង លោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីទី២។
ទោះបីជាយ៉ាងណាក៏ដោយ ការបោះឆ្នោតនៅកម្ពុជា នេះ មានបញ្ហាកើតមានដូចគ្នានេះម្ដងទៀតនៅអាណត្តិទី៣ ឆ្នាំ២០០៣ ដែលរៀបចំឡើដោយ គ.ជ.ប។ ការបោះឆ្នោតលើកទី៣ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៧៣អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិច បាន ២៦អាសនៈ និងគណបក្ស សម រង្ស៊ី បាន ២៤អាសនៈ។ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី មិនទទួលយកលទ្ធផលបោះឆ្នោតនេះទេ ដោយចោទប្រកាន់ថា ការបោះឆ្នោតធ្វើឡើងមិនយុត្តិធម៌ មិនតម្លាភាព មិនត្រឹមត្រូវ និងសេរី។
គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្ស សម រង្ស៊ី របស់ លោក សម រង្ស៊ី បានបង្កើតសម្ព័ន្ធភាពជាមួយគ្នា ក្រោយការបោះឆ្នោតឆ្នាំ២០០៣ នោះ ដាក់ឈ្មោះថា សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ។ នៅពេលនោះ កម្ពុជា បានជាប់គាំងនយោបាយ។ ក៏ប៉ុន្តែ នៅឆ្នាំ២០០៤ លោក ហ៊ុន សែន ដើម្បីចង់បង្កើតរដ្ឋាភិបាលថ្មីបាននោះ លោកបានប្រើយុទ្ធសាស្ត្រនយោបាយបំបែកសម្ព័ន្ធអ្នកប្រជាធិបតេយ្យ ដោយទាញយកគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ បែកចេញពី លោក សម រង្ស៊ី ទៅបង្កើតរដ្ឋាភិបាលចម្រុះជាមួយគ្នា បន្ទាប់ពីជាប់គាំងនយោបាយជាង ១១ខែមក។ រដ្ឋាភិបាលថ្មីនីតិកាលទី៣ នេះ បានបង្កើតឡើងនៅក្នុងខែកក្កដា ឆ្នាំ២០០៤។
ទន្ទឹមនឹងនេះ នៅក្នុងបរិបថនយោបាយកម្ពុជា បច្ចុប្បន្ន ដានប្រវត្តិសាស្ត្ររបស់កម្ពុជា អាចនឹងវិលជាន់ដានប្រវត្តិសាស្ត្រចាស់ជាថ្មីម្ដងទៀត ប្រសិនបើគណៈកម្មការចម្រុះដែលបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតភាពមិនប្រក្រតីដំណើរការបោះឆ្នោត កាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ដែលធ្វើឡើងមិនយុត្តិធម៌ទេនោះ។ ដោយហេតុថា គណបក្សដែលជាប់ឆ្នោតទាំងពីរ ឥឡូវនេះ គឺគណបក្សប្រជាជនកម្ពុជា អះអាងថា ខ្លួនបាន ៦៨អាសនៈ គណបក្សសង្គ្រោះជាតិ បាន ៥៥អាសនៈ។ ដោយឡែក គណបក្សសង្គ្រោះជាតិ វិញ អះអាងថា ខ្លួនឈ្នះឆ្នោតទទួលបាន ៦៣អាសនៈយ៉ាងតិច គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦០អាសនៈ។
នៅគ្រាដែលគណបក្សទាំងពីរកំពុងប្រទាញប្រទង់គ្នាអំពីលទ្ធផលបណ្ដោះអាសន្ននេះ ខាង គ.ជ.ប វិញ មិនទាន់ប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន ពីចំនួនអាសនៈពិតប្រាកដរបស់គណបក្សដែលជាប់ឆ្នោតទាំងពីរនៅឡើយ ដែលបញ្ហានេះ តាមមើលទៅខុសពីអាណត្តិមុនៗទាំងអស់ ដែល គ.ជ.ប បានប្រកាសលទ្ធផលបែងចែកជាអាសនៈភ្លាមៗ ក្រោយពីការបោះឆ្នោតភ្លាមនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ការបង្កើតគណៈកម្មការចម្រុះស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត
- លោក ហ៊ុន សែន ព្រមានចំពោះគម្រោងធ្វើបាតុកម្មប្រឆាំងលទ្ធផលឆ្នោត
- ក្រសួងមហាផ្ទៃប្រតិកម្មចំពោះរបាយការណ៍លោក ប្រែដ អាដាម
- បទវិភាគ៖ តើហេតុអ្វីយុវជនចូលរួមសង្កេតការណ៍បោះឆ្នោតដោយខ្លួនឯង?
- ការថយចុះចំនួនតំណាងស្ត្រីនៅក្នុងការបោះឆ្នោតអាណត្តិទី៥
- ការថយចុះចំនួនតំណាងស្ត្រីនៅក្នុងការបោះឆ្នោតអាណត្តិទី៥
- បទវិភាគ៖ តើការប្រជុំសភាអាណត្តិទី៥ អាចកើតមានទេ?
- បទសម្ភាសន៍ស្ដីពីភាពមិនប្រក្រតីនៃការបោះឆ្នោតនៅខេត្តក្រចេះ
- សង្គមស៊ីវិលស្វាគមន៍ជំហរបក្សប្រឆាំងបង្កើតគណៈកម្មការចម្រុះ
សំណូមពរដល់អ្នកនយោបាយត្រូវតែបើកមើលរដ្ឋធម្មនុញ្ញនិងច្បាប់ពាក់ពន្ធ័ឲ្យបានច្បាស់មុននិង និយាយនៅចំពោះមុខសារធារណៈ។ កុំចូលចិត្តបង្កើតច្បាប់ហើយមិនគោររពច្បាប់នោះ ហើយ កុំ យកព្រះមហាក្សត្រមកធ្វើចំណាប់ខ្មាំងអី ព្រោះព្រះមហាក្សត្រអាចកោះប្រជុំសមាជិកសភាបាន លុះត្រាតែសមាជិកសភាត្រូវបានមូលមាត់គ្រប់សមាជិកទាំង១២៣នាក់ហើយស្បថចូលកាន់
តំណែងរួចហើយប៉ុណ្ណោះមិនត្រូវបង្ខំព្រះមហាក្សត្រឲ្យទៅបើកប្រជុំសភាទាំងទទឹងទឹសនោះទេ សូមមេត្តាគោរពតួនាទីព្រះមហាក្សត្រផងបើមិនដូចច្នេះទេនោះអ្នកនយោបាយនិងនាំព្រះមហាក្សត្រ ឲ្យចូលដៃចូលជើងរំលោភច្បារដ្ឋធម្មនុញ្ញហើយ។ ហើយរឿងដែលថាបើបក្សប្រឆាំងមិនចូលរួមនោះ បក្សប្រជាជននិងយកកៅអីទាំងនោះចែកទៅសមាជិកបក្សប្រជាជននោះគឺកាន់តែខុសធ្ងន់ធ្ងរទៅនិង រដ្ឋធម្មនុញ្ញខ្មែរហើយព្រោះរដ្ឋធម្មនុញ្ញចែងពីប្រទេសកម្ពុជាជាប្រទេសប្រកាន់របបលទ្ធិប្រជាធិប តេយ្យសេរីពហុបក្សហើយត្រូវតែមានបក្សកាន់អំណាចនិងបក្សប្រឆាំងនៅក្នុងសភាចុះបើសភាដឹក នាំដោយបក្សប្រជាជនតែមួយនោះជាប្រទេសកុំម្មុយនីស្តន៍ឬក៍ប្រទេសប្រជាធិបតេយ្យ?
ត្រូវចងចាំថាកាពីជំនាន់បានឯករាជនោះគឺជាសម័យសង្គមរាសនិយមដឹកនាំដោយសម្តាចនរោត្តមសីហានុគឹប្រជារាស្តខ្មែរបានគឹតថាបានសុខសន្តិភាពហើយប៉ុន្តែផ្ទុយទៅវិញមេនបានប៉ុន្មានឆ្នាំផងប្រទេសកើតមានសង្គាមដោយសាអ្វីគឺដោយសាតែក្រុមប្រឆាំងមួយចំនួនតូចដោយស្តាប់នយោបាយបរទេសទាមទាផ្លាស់ផ្តូនយោបាយក្នុងប្រទេសគ្រម់បែនយ៉ាងធ្វើរឲសម្តេចស៊ីហានុខ្លាចបាត់អំណាចក៏បង្កើតក្រុមតស៊ូដើម្បីទុបទល់នឹនពួកនុះតែទីចុងបញ្ចប់ប្រទេសកម្ពុជាកើតមានសង្រ្គាមមានយៀកកុងខ្មែរក្រហមនឹងទាហានលន់ណល់ធ្វើរឲប្រជារាសវេទ្តនាអស់ផ្ទះសម្បែងនឹងស្លាប់បាត់បង់ជីវិតអស់ជាច្រើនបន្ទាប់ខ្មែរក្រហមចូលមកកាន់កាប់ហើយសម្លាប់ប្រជាជនខ្មែរអស់រាប់លាននាក់ដោយសារតែពួកប្រឆាំងមួយចំនួនតូចនោះដែរចង់កែប្រែរបបតាមទ្រឹស្តីរបស់បរទេសនិយមតែសួថាពួកប្រឆាំងនៅឯណាក្នុងសម័យពល់ពតតើពួកនោះបានមកជួយរំដោះយើងឬទេគឹវានាំគ្នារត់់ចោលស្រុកទៅដេកអោបប្រពន្ធវានៅឯបរទេសឯណោះវាមិនរវីរវល់នឹងយើងទេតែដល់ពេលនេះវាចាប់ផ្តើមទៀតហើយទាមទាមិនចេះចប់មិនចេះហើយតែបើមានសង្រ្គាមវិញពួកវារត់បាត់អស់ទុកឲយើងវេទ្តនាជាពុំខានខ្មែរទាំងអស់គួចងចាំមេរៀននុះកំភ្លេចឲសោះ