សមាគម​គ្រូ​បង្រៀន​ស្នើ​ក្រសួង​អប់រំ​ទប់ស្កាត់​ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​បាក់​ឌុប

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ស្នើ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​វិធាន​ការ​ទប់ស្កាត់​ជា​មុន​នូវ​ភាព​មិន​ប្រក្រតី​នានា ដូចជា ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ឆ្នាំ​នេះ។ សម័យ​ប្រឡង​បាក់​ឌុប ឆ្នាំ​នេះ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ច័ន្ទ ទី​៥ ខែ​សីហា សប្ដាហ៍​ខាង​មុខ។

ដោយ ដែន អយុធ្យា
2013-08-02
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

រ៉ុង ឈុន ៦១០
ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​ទីស្នាក់ការ​សមាគម រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ​២០១៣។ RFA/Den Ayuthyea

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព្រួយ​បារម្ភ​អំពី​សកម្មភាព​ខុស​ឆ្គង​នានា និង​អយុត្តិធម៌ ដូច​ជា ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង និង​សំណូក​ពុក​រលួយ​ផ្សេងៗ​នៅ​ក្នុង​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប។

សេចក្តី​ថ្លែងការណ៍ ចុះ​ថ្ងៃ​ទី១ ខែ​សីហា របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មាន​ខ្លឹមសារ​ថា នៅ​ថ្ងៃ​ទី៥ ខែ​សីហា ប្រទេស​កម្ពុជា នឹង​មាន​រៀប​ចំ​ការ​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប រយៈពេល​បី​ថ្ងៃ។ សម័យ​ប្រឡង​នេះ សមាគម​គ្រូ​បង្រៀន បាន​ស្នើ​ឲ្យ​លោកគ្រូ​អ្នកគ្រូ ដែល​ជា​អនុរក្ស​ត្រួត​ពិនិត្យ​អគារ និង​ប្រធាន​ពួក ឬ​មណ្ឌល​ប្រឡង​ទាំងអស់ ត្រូវ​អនុវត្ត​ការងារ​ឈរ​លើ​មនសិការ​ជាតិ​ជា​ធំ។ ជាង​នេះ សិស្សានុសិស្ស​ជា​បេក្ខជន​ប្រឡង ត្រូវ​ខិតខំ​បញ្ចេញ​សមត្ថភាព​រៀងៗ​ខ្លួន និង​ជៀស​វាង​ការ​បើក​ចម្លង ឬ​ក៏​ទិញ​ចម្លើយ​សម្រាប់​ចម្លង។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ថ្ងៃ​ទី២ ខែ​សីហា ក៏​បាន​អំពាវនាវ​ឲ្យ​ក្រសួង​អប់រំ ចាត់​វិធាន​ការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​ដំណើរ​ការ​ប្រឡង​បាក់​ឌុប​ឲ្យ​បាន​ត្រឹមត្រូវ និង​ជៀស​វាង​កើត​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង​នៅ​តាម​មណ្ឌល​ប្រឡង៖ «ជៀស​វាង​កុំ​ឲ្យ​កើត​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​មណ្ឌល​ប្រឡង។ ដូច​ជា មាន​ការ​បើក​ចម្លង មាន​ការ​ទិញ​ចម្លើយ ឬ​មួយ​ក៏​មាន​ការ​ធ្វើ​ចម្លើយ​លក់ ឬ​ចម្លង​តាម​រយៈ​ទូរស័ព្ទ​ជាដើម។ យើង​ធ្វើ​ម៉េច​ត្រូវ​លើក​កម្ពស់​ជាតិ​របស់​យើង យើង​ដឹង​ហើយ សង្គម​កម្ពុជា យើង​ស្ទើរ​តែ​គ្រប់​វិស័យ​ទាំងអស់ ត្រូវ​គេ​មើល​ឃើញ​ថា វា​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់។ ដូច្នេះ​ហើយ បាន​ជា​យើង​ត្រូវ​តែ​ធ្វើ​ការ​កែលំអ»

លោក រ៉ុង ឈុន បន្ថែម​ថា ក្នុង​សម័យ​ប្រឡង​ជា​រៀង​រាល់​ឆ្នាំ សមាគម​គ្រូ​បង្រៀន​សង្កេត​ឃើញ​ថា មាន​ករណី​បេក្ខជន​បើក​ចម្លង​ចម្លើយ ឬ​មាន​សកម្មភាព​ធ្វើ​ចម្លើយ​លក់​ជូន​បេក្ខជន ការ​ផ្តល់​ចម្លើយ​តាម​ទូរស័ព្ទ និង​ការ​ប្រមូល​លុយ​ពី​បេក្ខជន បាន​កើត​មាន​តាម​បន្ទប់ ឬ​មណ្ឌល​ប្រឡង​នីមួយៗ។

ចំណែក លោក ហ៊ី សម្បត្តិ គ្រូ​បង្រៀន​នៅ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ ខេត្ត​សៀមរាប បាន​ទទួល​ស្គាល់​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពិត​ជា​មាន​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប កើត​មាន​នៅ​តាម​មណ្ឌល ឬ​តាម​សាលា​មួយ​ចំនួន​ពិត​មែន។

គ្រូ​បង្រៀន​រូប​នេះ បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ ត្រូវ​ទប់ស្កាត់​ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា៖ «កន្លង​មក មាន​ការ​បែក​ធ្លាយ​វិញ្ញាសា។ ជួន​កាល ក្នុង ៤ ទៅ ៥​សំណួរ​ហ្នឹង មាន​ត្រូវ​ចម្លើយ​ពី ២ ទៅ ៤​សំណួរ​ក៏​មាន​កន្លង​មក។ តែ​ក៏​មាន​វិញ្ញាសា​ខ្លះ​អត់​ត្រូវ​ទេ ប៉ុន្តែ​មាន​មួយ​ចំនួន​ត្រូវ។ សៀមរាប នេះ មាន​ដូច​ជា​វិញ្ញាសា​គីមី វិញ្ញាសា​រូបវិទ្យា និង​វិញ្ញាសា​គណិតវិទ្យា ជាដើម។ ប៉ុន្តែ វិញ្ញាសា​នេះ​វា​មិន​មែន​ត្រូវ​គ្រប់​បន្ទប់​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​អប់រំ ដើម្បី​បំភ្លឺ​ជុំវិញ​ក្តី​បារម្ភ​នៃ​ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប បាន​ទេ តាម​ទូរស័ព្ទ នៅ​ថ្ងៃ​សុក្រ ទី២ ខែ​សីហា។ ប៉ុន្តែ ជា​រៀង​រាល់​ឆ្នាំ មន្ត្រី​ក្រសួង​អប់រំ តែង​បាន​ឆ្លើយ​បដិសេធ​ថា មិន​មាន​ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​បាក់​ឌុប ដូច​ការ​ចោទ​ទេ។

យ៉ាង​ណា​ក៏ដោយ ជា​រៀង​រាល់​ឆ្នាំ វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ត្រូវ​បាន​គេ​ចែក​ចាយ និង​លក់​ជូន​បេក្ខជន​នៅ​តាម​សាលា ឬ​មណ្ឌល​ប្រឡង នៅ​មុន​ថ្ងៃ​ប្រឡង ឬ​ថ្ងៃ​ប្រឡង​ចូល​មក​ដល់​នៅ​ទី​ប្រជុំ​ជន តាម​រាជធានី-ខេត្ត​នីមួយៗ។ ដោយសារ​ការ​ប្រឡង​នានា​មាន​ការ​ចម្លង មាន​ការ​សូកប៉ាន់ នេះ​ហើយ បាន​ជា​សាធារណមតិ​មួយ​ចំនួន​ចាត់​ទុក​ថា គុណភាព​សិស្ស​មាន​សញ្ញាបត្រ​បាក់​ឌុប មាន​ចំណេះ​កម្រិត​ទាប មិន​អាច​ធ្វើ​ការងារ​មាន​ប្រសិទ្ធភាព​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

8 Responses to "សមាគម​គ្រូ​បង្រៀន​ស្នើ​ក្រសួង​អប់រំ​ទប់ស្កាត់​ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​បាក់​ឌុប"

  1. លោកឈុនមិនដឹងថាពាក្យបែក រឺធ្លាយយ៉ាងណាផង

  2. មាត់ដាច says:

    ជយោ!​លោករុង ឈុន យើងស្មានតែគាត់ភ្លេចសម័យប្រឡងបាត់ទៅហើយ ព្រោះរវល់តែត្រៀមខ្លួនធ្វើរដ្ឋមន្ត្រីអប់រំរដ្ឋាភិបាលCNRG.

  3. មាត់ដាច says:

    ជយោ!​លោករុង ឈុន យើងស្មានតែគាត់ភ្លេចសម័យប្រឡងបាត់ទៅហើយ ព្រោះរវល់តែត្រៀមខ្លួនទៅធ្វើរដ្ឋមន្ត្រីអប់រំរដ្ឋាភិបាលCNRP.

  4. ។។ says:

    បើវារលួយវ៉ល់គ្រប់ស្ថាប័នអស់ហើយ តើគួរស្រែករកគុណភាពធើអីទៀត។ថង់ធ្លាយ១០,០០០….រន្ធទៅហើយទោះខំបិទក៏អត់ជិតដែរ។អ្វីដែលត្រូវធ្វើគឺប្ដូរថង់ថ្មី។

  5. yes, says:

    និយាយត្រូវ

  6. Sokharoath says:

    ការផ្លាស់ប្តូរបត់គ្រប់គ្រងមិនមែនដូចការដូរខោអាវនោះឡើយ។ អ្នកគួរសិក្សាពីទ្រឹស្តីmanagement of change ឡើងវិញ ចាំនិយាយ។.

  7. ។។ says:

    management of change?ឮហើយចង់សើចឲ្យអាយះមាត់ទេ។ខ្ញុំនិយាយទៅតាមការចេះដឹងដ៏តិចតួចរបស់ខ្ញុំរួមនឹងបទពិសោធការងារពីរស្ថាប័នរបស់រដ្ឋ​ ជិត20ឆ្នាំកន្លងមកនេះ ខ្ញុំយល់ពីរបៀបធ្វើការរបស់រដ្ឋាភិបាល អត្តចរិករបស់មន្ត្រីរាជការគ្រប់ស្ថាប័នរបស់រដ្ឋដូចបាតដៃ។តាមស្ថានភាពដូចសក់កណ្ដាញ់របស់សង្គមខ្មែរសព្វថ្ងៃនេះ សូម្បីឪរបស់management of changeទៀត ក៏វាអត់ដឹងថាដោះស្រាយតាមណាដែរ។

  8. ***** says:

    ម្នឹស!​មួយក្រុមពិបាកនិយាយគ្នា​ រួចចុះ បើម្នឹស ដល់ទៅពីរក្រុម តើពិបាកនិយាយឬអត់?