Monday, 05 August 2013
Melissa McMorran
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ដោយមើលទៅលើរង្វង់នៅក្នុងដើមឈើមួយ ដែលមានអាយុរាប់ពាន់ឆ្នាំ ក្រុមអ្នកស្រាវជ្រាវបានអះអាងថា ការដួលរលំនៃអាណាចក្រ អង្គរ កាលពីជិត ៦០០ ឆ្នាំមុន គឺបានដួលរលំភ្លាមៗ បន្ទាប់ពី «ភាពរាំងស្ងួតដ៏ធ្ងន់ធ្ងរ»។ នៅក្នុងការសិក្សាថ្មីមួយ ក្រុមអ្នកស្រាវជ្រាវ បានភ្ជាប់ការដួលរលំនៃអាណាចក្រ អង្គរទៅនឹងព្រឹត្តិការណ៍ ស្រដៀងគ្នា ទូទាំងពិភពលោកនិងភាពរាំងស្ងួតជាមួយនឹងជម្លោះហិង្សា របស់មនុស្ស។
សាស្ត្រាចារ្យ Solomon Hsiang នៅសាកលវិទ្យាល័យ California ដែលជាអ្នកនិពន្ធនាំមុខគេនៃការសិក្សាផ្នែកវិទ្យាសាស្រ្តដែល ចេញកាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងក្រុមអ្នកស្រាវជ្រាវរួមមានលោក Marshall Burke បានចំណាយរយៈពេល ១៨ ខែចុងក្រោយពិនិត្យទៅលើការប្រែប្រួលអាកាសធាតុកាលពីអតីតកាលនៅគ្រប់តំបន់ទាំងអស់នៃភពផែនដី ហើយព្រឹត្តិការណ៍សំខាន់ៗបានកើតនៅដំណាលគ្នាជាមួយការប្រែប្រួលអាកាសធាតុទាំងនោះ។
លោក Hsiang បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អ្វីដែលកំពុងខ្វះខាតគឺរូបភាពច្បាស់មួយនៃអ្វីដែលជាតួសេចក្តីនៃការស្រាវជ្រាវទាំងមូល កំពុងបង្ហាញប្រាប់យើង»។ «យើងបានប្រមូលការសិក្សាមុនៗ ចំនួន ៦០ រួមមានទិន្នន័យផ្សេងៗគ្នាចំនួន ៤៥ ហើយយើងបានធ្វើការវិភាគ ឡើងវិញទៅលើទិន្នន័យរបស់ពួកគេនិងការរកឃើញរបស់ពួកគេដោយប្រើក្របខ័ណ្ឌការងារស្ថិតិទូទៅ។ លទ្ធផលគឺគួរឲ្យចាប់អារម្មណ៍ណាស់»។
ការសិក្សាដែលផ្តោតទៅលើទិដ្ឋភាពអវិជ្ជមាននៃបញ្ហាសង្គមដូចជា ជម្លោះស៊ីវិល អំពើហិង្សាជនជាតិភាគតិច ការរំលោភ កុបកម្មនយោបាយនិងការដួលរលំនៃអរិយធម៌ទាំងមូលតាំងពីសម័យ បុរាណរហូតដល់សម័យបច្ចុប្បន្ន នេះបានធ្វើការសន្និដ្ឋានថា ខណៈសីតុណ្ហភាព និងការកើតឡើងនៃភាពរាំងស្ងួត ចេះតែកើនឡើង ដូច្នេះអំពើហិង្សារបស់មនុស្សទាំងលក្ខណបុគ្គលនិងលក្ខណក្រុម ក៏ចេះតែកើនឡើងដែរ។
លោក Burke ដែលជាបេក្ខជនបណ្ឌិតនៅនាយកដ្ឋានផ្នែកសេដ្ឋកិច្ចកសិកម្ម និងធនធាននៃមហាវិទ្យាល័យ California ទីក្រុង Berkeley បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងបានរកឃើញថា ការផ្លាស់ប្តូរ standard deviation មួយឆ្ពោះទៅរកលក្ខខណ្ឌក្តៅជាងមុន បណ្តាលឲ្យមានភាពទំនងកើតមាននៃ ហិង្សាបុគ្គលកើនឡើងបួនភាគរយ និងភាពទំនងកើតមាននៃជម្លោះជាក្រុមកើនឡើងចំនួន ១៤ ភាគរយ»។ ជាមួយនឹងការរកឃើញទាំងនេះការសិក្សាបានព្រមានថា អាកាសធាតុត្រូវបានរំពឹងថានឹងក្តៅជាងមុនចំនួន ២ អង្សានៅ ឆ្នាំ ២០៥០ ដែលអាចនឹងបណ្តាលឲ្យមានអត្រានៃជម្លោះរបស់មនុស្សមាន លក្ខណៈខ្លាំងក្រៃលែង។
លោក Burke បានថ្លែងថា៖ «លទ្ធផលរបស់ យើងធ្វើឲ្យមានលក្ខណៈងាយយល់ជាងមុនទៅលើរបៀបដែលអាកាសធាតុនាពេលអនាគតនឹងកើតមានទៅលើសង្គមរបស់មនុស្ស»។ ការរកឃើញនៃការសិក្សានេះបង្ហាញថា ការកើនឡើងសីតុណ្ហភាពពិភពលោកចំនួន ២ អង្សាអាចនឹងបង្កើន អត្រានៃជម្លោះរវាងក្រុមមនុស្សនិងក្រុមមនុស្សដូចជា សង្គ្រាមស៊ីវិលនៅតំបន់ជាច្រើននៃពិភពលោក។
ការប្រែប្រួល អាកាសធាតុអាចកែប្រែការផ្គត់ផ្គង់នៃធនធាន ឬការខ្វះខាតធនធាន ហើយនឹងនាំឲ្យមនុស្សទាំងអស់ដែលពាក់ព័ន្ធនឹងបញ្ហានេះអាចនាំ ទៅរកជម្លោះពាក្យសម្តីនិងថែមទាំងជម្លោះហិង្សា។ ឧទាហរណ៍ដែលត្រូវបានរួមបញ្ចូលនៅក្នុងការសិក្សានេះបានមើលទៅ លើកុបកម្មរវាងពួកហិណ្ឌូនិងមូស្លីម ដែលត្រូវបានឃើញជាធម្មតាកើតមានបន្ទាប់ពីមានការធ្លាក់ភ្លៀងខ្លាំង។ ការសិក្សាកត់សម្គាល់ថា៖«ទំនាក់ទំនងរវាងហិង្សាអន្តរក្រុម និងភ្លៀងធ្លាក់គឺត្រូវបានចងក្រងជាឯកសារយ៉ាងចម្បងនៅកន្លែងរស់នៅរបស់ប្រជាជនមានប្រាក់ចំណូលទាបដែលនេះបង្ហាញថា ផលិតកម្មកសិកម្មថយចុះអាចជាយន្តការសំខាន់មួយ»។
លោក ទិន ពន្លក អគ្គនាយករងផ្នែកប្រែប្រួលអាកាសធាតុនៅក្រសួងបរិស្ថានបានថ្លែងថា លោកមិនទាន់បានឃើញការសិក្សានេះនៅឡើយទេ ប៉ុន្តែលោកមិនមានការភ្ញាក់ផ្អើលចំពោះលទ្ធផលរកឃើញនៃការសិក្សានេះទេ។ លោក ទិន ពន្លក បានថ្លែងថា៖«វាស្ទើរតែជាលក្ខណធម្មជាតិដែលរំពឹងថា ការប្រែប្រួលអាកាសធាតុ នឹងបណ្តាលឲ្យមានការផ្លាស់ប្តូរសង្គមដូចជាសេដ្ឋកិច្ចសង្គម បរិស្ថានជាដើម»៕ PS