មាស សម្ផស្ស បដិសេធ​ជួប​ស្នេហ៍​ថ្មី

Monday, 05 August 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

130805_20a

តារា​សម្តែង​​បរា​ជ័យ​ស្នេហា​នាង មាស សម្ផស្ស​​​។ រូបថត សេត គឹមសឿន

ភ្នំពេញៈ ក្រោយ​ពី​ចំណង​ស្នេហ៍​បុរស​ជនជាតិ​កូរ៉េ​ឈ្មោះ គីម ត្រូវ​បាន​ដើរ​ដល់​ផ្លូវ​លែង​ទៅ​មុខ​រួច​នោះ ក៏​ផ្តើម​ល្បី​ថា តារាសម្តែង​សាច់​ស​ដូច​ពង​មាន់​បក​សម្បូរ​ស្នេហ៍​នាង មាស សម្ផស្ស រក​បាន​អ្នក​ថ្មី​មក​ស្អំ​បេះដូង​ភ្លាម​និង​ថ្មី​ៗ​នេះ​ទៀត​ក៏​លេច​ឮ​ថា កំពុង​សាង​ស្នេហ៍​សោយ​សុខ​ជាមួយ​វេជ្ជបណ្ឌិត​អាណិកជន​ខ្មែរ​អាមេរិក​និង​រំអុក​នាង​សុំ​រៀបការ​មួយ​ថ្ងៃ​បី​ដង​ទៀត​ផង​។ ប៉ុន្តែ​យ៉ាង​ណា ដំណឹង​ស្នេហ៍​ឆ្លង​ទ្វីប​លើក​នេះ​មិន​ត្រូវ​បាន​ស្រីស្រស់​សម្រស់​ឆើត​សម្បូរ​ស្នេហ៍​នាង មាស សម្ផស្ស​ទទួល​ស្គាល់​ឡើយ ហើយ​ថែម​ទាំង​អះអាង​បែប​ម៉ឺងម៉ាត់​ថា ឆ្លងកាត់​ជីវិត​ស្នេហា​បរាជ័យ​មួយ​លើក​ជា​ពីរ​លើក​មក​នាង​មិន​បាន​នឹក​ចង់​មាន​ស្នេហា​ទៀត​នោះ​ឡើយ​។

រំឭក​រឿង​អាស្រូវ​ស្នេហ៍​តារាសម្តែង​នាង មាស សម្ផស្ស ហាក់​មាន​ភាព​លេចធ្លោ​ជាង​សកម្មភាព​សិល្បៈ​ក្នុង​អំឡុង​១០​ឆ្នាំ​មក​នេះ​។ ផ្តើម​ស្នេហ៍​បរាជ័យ​ដំបូង កាលពី​៥​ឆ្នាំ​មុន ខណៈ​ដែល​កេរ្តិ៍ឈ្មោះ​ក្នុង​សិល្បៈ​ទើប​តែ​ងើប​ឡើង​នោះ មាស សម្ផស្ស​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​ទ្រព្យស្តុក​អាណិកជន​ខ្មែរ​នៅ​អាមេរិក​ឈ្មោះ យ៉ាវ ស៊ីណោះ ហើយ​ស្នេហា​គ្រាដំបូង​របស់​នាង​កាល​នោះ​ក៏​បាន​ដើរ​ដល់​ចំណុច​យល់​ចិត្ត​ថ្លើម​គ្នា និង​រំកិល​ខិតជិត​ដល់​ថ្ងៃ​ក្រាប​ផ្ទឹម​ទៀត​ផង​ស្រាប់​តែ​លេច​មុខ​ប្រពន្ធ​ដើម​កំពូល​ស្នេហ៍​ពី​អាមេរិក​តម្រូវ​ឲ្យ​នាង​ដក​ខ្លួន​ចេញ​ពី​សង្វៀន​ស្នេហ៍​ត្រីកោណ​នេះ​ទាំង​ឈឺចាប់​។

តែ​យ៉ាង​ណា​ពេល​នោះ នាង​មិន​បាន​ប្រកាស​រាង​ចាល​នឹង​ស្នេហា​នោះ​ឡើយ ហើយ​នាង​ក៏​ធ្លាប់​បាន​លើក​ឡើង​ដោយ​ភាព​ជឿជាក់​ទៀត​ថា​៖​«​មិនមែន​នៅ​លើ​លោក​នេះ​រក​បុរស​មាន​បេះដូង​ស្អាតស្អំ​មិន​បាន​នោះ​ទេ ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​ជួប​ស្នេហ៍​ពិត​របស់​ខ្ញុំ​មិន​ខាន​ឡើយ​»។​ឆ្នាំ​២០១២​ជា​ឆ្នាំ​ដែល​តារាសម្តែង​មាន​កំណើត​ពី​ទឹកដី​ខេត្ត​បន្ទាយ​មាន​ជ័យ​នាង មាស សម្ផស្ស​ប្រកាស​ពី​ភាព​កក់ក្តៅ​នៃ​បេះដូង ដែល​ខ្លួន​ប្រឹង​ស្វែងរក​ជាច្រើន​ឆ្នាំ​ទើប​បាន​ជួប​។ នាង​បាន​ប្រកាស​ក្ដែង​ៗ​ថា បេះដូង​នាង មិន​ឯកា​ទៀត​ទេ គឺ​រក​បាន​ចំណង​ស្នេហ៍​ពិត​ហើយ ហើយ​បេះដូង​ពួកគេ​ទាំង​ពីរ​កំពុង​ដង្ហោយ​ចាំ​ថ្ងៃ​ដឹកដៃ​គ្នា​ចូល​រោងការ​។ ពេល​នោះ​ដែរ​បើ​ទោះ​ជា​ឪពុកម្ដាយ​របស់​នាង​ហាក់​មិន​សូវ​គាំទ្រ​សម្ព័ន្ធ​ស្នេហា​នេះ​ក្ដី​ប៉ុន្តែ​នាង​មាស សម្ផស្ស នៅ​តែ​អះអាង​ថា​៖ «​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ និង​បង គីម ត្រូវ​តែ​កើត​មាន​បើ​ទោះ​ជា​យើង​មាន​អ្នក​ជំទាស់​យ៉ាង​ណា​ក៏​ដោយ​»។

តែ​ទី​បំផុត​ការ​រំពឹង​និង​ភាព​ជឿជាក់​របស់​តារាសម្ដែង​វ័យ​២៦​ឆ្នាំ​នាង​មាស សម្ផស្ស​ចំពោះ​ចំណង​ស្នេហ៍​សាសន៍​ដទៃ​ក្នុង​ទ្វីប​ជាមួយ​គ្នា​នេះ មិន​ខុស​ពី​លទ្ធផល​ស្នេហ៍​ទីមួយ​ឡើយ​។

ខណៈ​ដែល​លទ្ធផល​ស្នេហ៍​ជាមួយ​បុរស​ភ្នែក​តឹង ស្រាប់​តែ​ដើរ​ជាន់​គន្លង​ស្នេហ៍​អតីតកាល​មិន​បាន​ប៉ុន្មាន​ផង​ក៏​ល្បី​ថា ស្រីស្រស់​សម្បូរស្នេហ៍​រូប​នេះ បាន​ទៅ​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​បុរស​នៅ​អូស្រ្តាលី​និង​បន្ទាប់​មក​ក៏​ល្បី​ថា​នាង​បាន​រក​ឃើញ​ស្នេហ៍​មួយ​ទៀត​នៅ​ឯ​សហរដ្ឋអាមេរិក​វិញ តែ​នៅ​ពេល​ជួប​មាស សម្ផស្ស នាង​បាន​បដិសេធ​។

ផ្ទុយ​ពី​ការ​បង្ហើប​ឲ្យ​ដឹង​មុន​នោះ ពេល​ថ្មី​ៗ​នេះ​មាស សម្ផស្ស បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នាង​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​បាន​ចុះ​ផ្សាយ​ថា​នាង​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ថ្មី​ជាមួយ​បុរស​ម្នាក់​រស់នៅ​អាមេរិក​។​ក្នុង​ពាក្យសម្ដី​ធ្ងន់​ៗ នាង មាស​សម្ផស្ស​បញ្ជាក់​ថា​បុរស​វេជ្ជបណ្ឌិត​ដែល​ជា​អាណិកជន​អាមេរិក​នោះ​តាម​ពិតជា​មិត្តភក្តិ​ដែល​នាង​បាន​ស្គាល់​ជាង​៣​ឆ្នាំ​មក​ហើយ​ដល់​ពេល​គេ​ឃើញ​នាង​រាប់អាន​គ្នា​ក្នុង​អាជីព​រកស៊ី​នោះ ក៏​ថា​មាន​ទំនាក់ទំនង​ក្នុង​រឿង​ស្នេហា​។ នាង​បន្ថែម​ថា​មនុស្ស​យើង​តែងតែ​មាន​មិត្តភក្តិ​ដូច្នេះ​ហើយ​ហេតុអ្វី​ក៏​គេ​គិត​ទៅ​លើ​តែ​រឿង​ស្នេហា​បែប​នេះ​»។

តារាសម្តែង​ស្រស់​សោភា​ដែល​ជំពប់​រឿង​ជីវិត​ស្នេហ៍​ច្រើន​ភ្លើង​រូប​នេះ បាន​បញ្ជាក់​ដោយ​ខ្លី​ថា​៖​«​សព្វ​ថ្ងៃ​នេះ​នាង​ខ្ញុំ​កំពុង​គិត​ពី​រឿង​បង្កើត​មុខរបរ​រកស៊ី​ថ្មី​មួយ និង​ប្រឹង​ពង្រឹង​អាជីព​សិល្បៈ​ជា​រឿង​សំខាន់​ខ្ញុំ​មិន​បាន​ចំណាយ​ពេល​ទៅ​គិត​រឿង​ស្នេហា​ទៀត​នោះ​ទេ​៕

 

What Next?

Recent Articles