Monday, 05 August 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ជាមួយនឹងភាពត្រេកត្រអាលចំពោះការត្រៀមខ្លួនធ្វើជាកូនក្រមុំរបស់អាណិកជនអាមេរិកលោក កែវ មេត្រី នោះ នៅពេលនេះ តារាសម្តែងវ័យក្មេងឈរលំដាប់ជួរមុខ សារ៉ាយ សក្ខណា បានប្រឹងរត់ឯកសារដាក់ចូលស្ថានទូតសហរដ្ឋអាមេរិកចប់គ្រប់អស់ហើយដើម្បីធ្វើយ៉ាងណាឲ្យមានភាពងាយស្រួលក្រោយរៀបអាពាហ៍ពិពាហ៍រួចនាងនឹងអាចវេចសំពាយឡើងយន្តហោះបោះពួយទៅកាន់ដែនជម្រកថ្មីនៅលើទឹកដីអាមេរិកជាមួយស្វាមីតែម្តង។
អ្នកស្រីផាត់ សម្ផស្ស ជាម្តាយបង្កើតរបស់តារាសម្តែងសម្បុរស្រអែមនាង សារ៉ាយ សក្ខណា បានរៀបរាប់ថា៖«នៅពេលនេះ ឯកសាររបស់សក្ខណា បានដាក់ចូលទូតអស់ហើយ តែមិនទាន់ឃើញគេហៅនៅឡើយ។ ខ្ញុំក៏មិនទាន់ដឹងថា យ៉ាងម៉េចដែរ តែខ្ញុំមានសង្ឃឹមច្រើន»។
ក្តីសង្ឃឹមរបស់អ្នកស្រីសម្ផស្ស ក៏មិនខុសគ្នាពី សារ៉ាយ សក្ខណាដែរ។ សក្ខណា ធ្លាប់ប្រាប់ថា នាងមានសង្ឃឹម១០០ភាគរយសម្រាប់ការរៀបចំឯកសារដើម្បីចេញទៅរស់នៅសហរដ្ឋអាមេរិកនេះ ព្រោះនាងសំអាងទៅលើហេតុផលថា រូបនាងក៏ធ្លាប់ទៅសម្តែងនៅទីនោះ ហើយអ្វីដែលពិសេសនោះគឺនាងសំអាងទៅលើភាពរឹងមាំរបស់អនាគតស្វាមីនាងជាមនុស្សមិនធ្លាប់មានប្រពន្ធកូន និងជាមនុស្សម្នាក់មានការងារធំដុំប្រកបដោយប្រវត្តិល្អ។
ក្នុងអារម្មណ៍ដែលពោរពេញទៅដោយទំនុកចិត្តលើអនាគតកូនប្រសាជាមេធាវី អ្នកស្រីសម្ផស្ស ដែលនឹងលែងមានឱកាសដើរច្រើនក្នុងពិភពសិល្បៈក្រោយសក្ខណា រៀបការបាននិយាយថា៖«ខ្ញុំមានសង្ឃឹមច្រើនប្រហែលជា៩០ភាគរយ សម្រាប់ការដាក់ពាក្យសុំទៅរស់នៅសហរដ្ឋអាមេរិកនោះ ព្រោះដោយសារតែអនាគតស្វាមីគេហ្នឹងប្រវត្តិល្អ មិនធ្លាប់មានប្រពន្ធកូននោះទេ ហើយគេក៏មានការងារយ៉ាងត្រឹមត្រូវទៀតផងនៅទីនោះ»។
ឪការសម្រេចចិត្តដកខ្លួនពីសង្គមសិល្បៈដែលនាងប្រឹងសាងកេរ្តិ៍ឈ្មោះជិត១០ឆ្នាំដើម្បីទៅសាងជីវិតថ្មីនៅលើទឹកដីអាមេរិកជាមួយស្វាមីនោះ សារ៉ាយ សក្ខណា ក៏មានការសោកស្តាយខ្លាំងដែរ តែការមានគូស្រករក៏ជារឿងមួយកាន់តែប្រសើរផងដែរ ខណៈពេលនេះនាងមានវ័យ២៦ឆ្នាំទៅហើយនោះ។ ដូច្នេះសក្ខណា ក៏បានសម្រេចចិត្តរួចហើយដែរថា ក្រោយរៀបការរួចភ្លាម នាងក៏មិនទុកពេលចោលដែរ ពោលគឺរៀបការភ្លាម នាងនឹងយកកូនភ្លែតតែម្តង។
ម្តាយសក្ខណា បាននិយាយថា៖«ពេលរៀបការហើយ សក្ខណា នឹងទៅអាមេរិកភ្លាម ដូច្នេះសិល្បៈក៏នាងឈប់ដែរ។ អ៊ីចឹងពេលរៀបការហើយ ពួកគេនឹងសម្រេចយកកូនភ្លាម មិនចាំយូរទេ ព្រោះខ្ញុំអត់ទាន់មានចៅមួយគ្រាប់ទេ ម្យ៉ាងខ្ញុំនិងសក្ខណា ក៏ស្រឡាញ់ក្មេងណាស់ដែរ»។
ទោះបីជាមានការត្រៀមខ្លួនស្ទើររួចរាល់ក៏ដោយ ក៏ពេលនេះ ទាំងម្តាយ និងសក្ខណា មិនទាន់ដឹងថា នឹងត្រូវរកស៊ី ឬក៏ធ្វើអ្វីនៅលើទឹកដីអាមេរិកនៅឡើយ។ មុននេះមានការលើកឡើងថា គូដណ្តឹងរបស់សក្ខណា គ្រោងនឹងបោះទុនប្រមាណ២០ម៉ឺនដុល្លារដើម្បីបើកការិយាល័យមេធាវីមួយកន្លែង ដើម្បីឲ្យសារ៉ាយ សក្ខណា គ្រប់គ្រងនៅពេលនាងទៅដល់ តែអ្នកស្រី សម្ផស្ស បានប្រកែកថា គម្រោងនោះមិនទាន់ច្បាស់លាស់នៅឡើយទេ។
អ្នកស្រីសម្ផស្ស និយាយថា៖«នោះជាគម្រោងកូនប្រសារខ្ញុំ តែវានៅមិនច្បាស់នៅឡើយ គេចេះតែនិយាយពន្លើសមុនប៉ុណ្ណោះ តាមពិតវាកំពុងស្ថិតនៅក្នុងការគិតនៅឡើយទេ»។
ទោះបីជាគម្រោងអាពាហ៍ពិពាហ៍នៅចុងឆ្នាំកាន់តែខិតជិតម្តងបន្តិចៗតែសក្ខណាក៏មិនព្រមបន្ធូរដៃពីសិល្បៈដែរ ពោលគឺនៅពេលនេះនាងរវល់ស្ទើរវិលក្បុង ដែលនោះត្រូវបានគេគិតថា ជាការខិតខំក្នុងជីវិតចុងក្រោយនៃសិល្បៈរបស់នាង៕
She wants a baby she can. She has a lot time with husband after married.
Ha.ha. She knows how she can make.