មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺ លោក សម រង្ស៊ី និង លោក កឹម សុខា ខណៈដែលអ្នកទាំងពីរចុះថ្លែងអរគុណប្រជាពលរដ្ឋម្ចាស់ឆ្នោត នៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដែលមានប្រជាពលរដ្ឋជិត ១ម៉ឺននាក់ បានចូលរួមស្វាគមន៍ នៅថ្ងៃទី៥ សីហា។ ក្នុងពិធីនោះ លោក សម រង្ស៊ី និង លោក កឹម សុខា បានសន្យានៅចំពោះមុខម្ចាស់ឆ្នោតថា គណបក្សសង្គ្រោះជាតិ នឹងមិនធ្វើឲ្យម្ចាស់ឆ្នោតខកបំណងឡើយ។
ដោយ ហ៊ុំ ចំរើន
2013-08-05
RFA

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចុះជួបម្ចាស់ឆ្នោតពេលធ្វើដំណើរមកដល់មុខវត្តខ្នារ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣។ Photo: RFA
«សំឡេងពលរដ្ឋ»
ពិធីនេះបានធ្វើឡើងក្នុងបរិវេណវត្តខ្នារ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ហើយក្នុងនោះមានប្រជាពលរដ្ឋចូលរួមស្វាគមន៍ប្រមាណជិត ១ម៉ឺននាក់ ដែលពួកគាត់ទាំងនោះមកពីឃុំនានាក្នុងស្រុកស៊ីធរកណ្ដាល និងស្រុកមួយចំនួនទៀតក្នុងខេត្តព្រៃវែង។
ពលរដ្ឋសម្បុរសណ្ដែកបាយម្នាក់ឈ្មោះ អ្នកស្រី អឹម ណៃអេន រស់នៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល បានអះអាងនៅថ្ងៃទី៥ សីហា ថា រូបគាត់ក៏ដូចជាពលរដ្ឋដទៃទៀតដែរ គឺម្នាក់ៗបានមកជួបជុំគ្នាទន្ទឹងរង់ចាំ លោក សម រង្សី និង លោក កឹម សុខា នៅមុខវត្តខ្នារ តាំងតែពីវេលាម៉ោង ៧ព្រឹក រហូតដល់ម៉ោងជិត ១០ ឯណោះ ទើបបានជួបមេដឹកនាំគណបក្សប្រឆាំង។
អ្នកស្រីបន្តថា ប្រជាពលរដ្ឋទន្ទឹងរង់ចាំរកឱកាសជួបមេដឹកនាំគណបក្សប្រឆាំងជាយូរមកហើយ៖ «ចា៎! ខ្ញុំមានអារម្មណ៍សប្បាយចិត្តមែនទែន បានមកទទួលលោកប្រធាន។ ភូមិហ្នឹងឆ្ងាយទេ? ឆ្ងាយដែរ ប្រហែល ១០គីឡូដីជាង ហើយបានថវិកាពីណាមកធ្វើដំណើរហ្នឹង? ចា៎! ខ្ញុំចំណាយថវិកាផ្ទាល់ខ្លួនរបស់ខ្ញុំ»។
នៅពេលក្បួនរថយន្តរបស់ លោក កឹម សុខា និង លោក សម រង្ស៊ី មកដល់ ប្រជាពលរដ្ឋបានឈរតម្រង់ជាពីរជួរ និងទះដៃ លាយឡំសំឡេងហ៊ោត្រេកអរស្វាគមន៍យ៉ាងគគ្រឹកគគ្រេង។ បន្ទាប់មក លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និង លោក សម រង្ស៊ី បានថ្លែងទៅកាន់ប្រជាពលរដ្ឋម្នាក់ម្ដងៗថា គណបក្សសង្គ្រោះជាតិ បានឈ្នះឆ្នោតហើយ។
លោក កឹម សុខា៖ «ហើយបងប្អូនប្រាប់ថា យើងឈ្នះហើយ បើគេនៅតែលួចមិនឲ្យយើងឈ្នះបងប្អូនថាយើងទៅធ្វើបាតុកម្មទាំងអស់គ្នាមែនមិនមែន? អ៊ីចឹង ខ្ញុំសុំធ្វើតាមហើយណា តាមបងប្អូនទៀតហើយណា បើតាមប្អូនឈ្នះហើយណា។ ដូច្នេះ យើងរួមគ្នាយើងអត់ចាញ់បោកពួកចោរលួចឆ្នោតហ្នឹងទៀតទេណាបងប្អូនណាបាទ»។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋថា ជ័យជម្នះនៅពេលនេះ គឺជាជោគជ័យដ៏ធំធេងរបស់ពលរដ្ឋ៖ «ការពារជ័យជម្នះយើងឲ្យបាន យើងមិនត្រូវបណ្ដោយឲ្យជនផ្ដាច់ការជនពុករលួយ ជនបំផ្លាញជាតិ ជនធ្វើបាបរាស្ត្រ ឲ្យពួកអស់នេះកាន់អំណាច ៥ឆ្នាំទៀត ជាតិយើងរលាយហើយ។ ដូច្នេះ អត់សុខចិត្តទេបងប្អូន ជនផ្ដាច់ការត្រូវតែចុះចេញពីតំណែងដាច់ខាត ឆ្នាំ២០១៣ នេះ។ យើងប្ដេជ្ញាថាអត់ថយក្រោយទេ ការពារជ័យជម្នះប្រជារាស្ត្រខ្មែរ។ ប្រជារាស្ត្រខ្មែរចង់បាននូវការផ្លាស់ប្ដូរ ត្រូវតែមានការផ្លាស់ប្ដូរដាច់ខាតនៅឆ្នាំ២០១៣»។
ពិធីថ្លែងអំណរគុណពលរដ្ឋរបស់គណបក្សសង្គ្រោះជាតិ នៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវបានបញ្ចប់នៅវេលាម៉ោងជិត ១១ព្រឹក។ តាមគម្រោង គណបក្សនេះនឹងទៅជួបប្រជាពលរដ្ឋនៅឯស្រុកពារាំង ខេត្តព្រៃវែង នៅរសៀលថ្ងៃដដែល និងនៅថ្ងៃទី៦ សីហា បន្តជួបប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ។ លោក កឹម សុខា មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ នឹងមានធ្វើសេចក្ដីថ្លែងការណ៍អរគុណប្រជាពលរដ្ឋទ្រង់ទ្រាយធំទូទាំងប្រទេស នៅអំឡុងខែសីហា នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សប្រឆាំងចោទការរុះស្ពាននៅស្រុកស្អាងថាជាចេតនាបង្អាក់ដំណើរ
- សង្គមស៊ីវិលបារម្ភពីការគំរាមកំហែងទៅលើសកម្មជនបក្សនយោបាយ
- លីកាដូ៖ មន្ត្រីរដ្ឋបាលមួយចំនួននៅកំពង់ឆ្នាំងអសកម្មក្នុងការងារក្រោយបោះឆ្នោត
- សកម្មជនបក្សប្រឆាំងខេត្តព្រះវិហារភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួន
- គ.ជ.ប ផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត
- ការបង្កើតគណៈកម្មការស៊ើបអង្កេតរឿងបោះឆ្នោតត្រូវបរាជ័យ
- តើគ.ជ.បអាចយកអាសនៈបក្សមួយទៅឲ្យបក្សមួយផ្សេងទៀតបានទេ?
- បក្សប្រឆាំងមិនយល់ព្រមចំពោះសមាសភាពគណៈកម្មការចម្រុះ
- លោក សម រង្ស៊ី ប្រកាសប្រាប់អ្នកគាំទ្រនៅខេត្តកណ្ដាលថាឈ្នះឆ្នោត
Peut être pour uniqument consoler la population qui est en train d’observer la position ses dirigeants(opposition). Deux languages utilisés par les deux chefs de l’oopsition:
1-Incitation la population à descendre pour une grande manifestation
2-Réclamer la participation des ONG et des représentants onusiens à une éventuelle commission mixte, commission rejetée par le NEC.
Esr-il vrai que si l’opposition n’a pas accédé au pouvoir d’ici 5 ans , selon les dires de Sam et de Kem, le Cambodge devrait s’effrondre?